អាវុធហត្ថក្រុងភ្នំពេញបញ្ជូនខ្លួនបុរសចិន ៣នាក់ និងស្ត្រីខ្មែរម្នាក់ទៅតុលាការ ពាក់ព័ន្ធរឿង ជួញដូរមនុស្ស ទៅការប្តីនៅស្រុកចិន

ភ្នំពេញ៖ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជូនបុរសជនជាតិចិន ០៣នាក់ និងស្ត្រីខ្មែរម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធ ករណីជួញដូរមនុស្សឆ្លងដែនទៅប្រទេសចិន ក្រោមរូបភាពសុំច្បាប់រៀបអាពាហ៍ពិពាហ៍ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង ០៤នាក់នោះរួមមាន៖
-ទី១ឈ្មោះ JI JIAXIN ភេទប្រុស ជនជាតិចិន (ជាប្តី)
-ទី២ឈ្មោះ តែម អឿន ភេទស្រី ជនជាតិខ្មែរ (ជាប្រពន្ធ)
-ទី៣ឈ្មោះ ZHANG LIANG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន (ជាអ្នកទិញនារីខ្មែរធ្វើប្រពន្ធ)
-និងទី៤ឈ្មោះ YAN FAN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន (ជាអ្នកទិញនារីខ្មែរធ្វើប្រពន្ធ)។

សូមបញ្ជាក់ថា ដោយមានកិច្ចសហការរវាង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ និងអង្គការមេត្រីភាព អន្តរជាតិ ហៅកាត់ថា AIM SWAT បានឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់ម្កុដមាស ក្បែរផ្សារទំនើបស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈដែលពួកគេកំពុង ពិភាក្សាគ្នា និងរៀបចំឯកសារ ចេញទៅប្រទេសចិន ក្រោមរូបភាពរៀបអាពិហ៍ពិពាហ៍ ។ ក្រោយឃាត់ខ្លួន ក្រុមជនសង្ស័យ សមត្ថកិច្ចបាន ជួយសង្គ្រោះបាន នារីខ្មែររងគ្រោះ ចំនួន ០២នាក់ ដែលមានស្រុកកំណើតមកពីខេត្តតាកែវ ។

បច្ចុប្បន្ន ក្រុមជនសង្ស័យកំពុងស្ថិតក្រោមចំណាត់ការរបស់ លោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាអ្នកប្រចាំការនៅចុងសប្តាហ៍នេះ៕