បើករថយន្ដបុកម៉ូតូខូចខាតបន្តិចបន្ទួចសោះមិនឈប់ដោះស្រាយទេ ព្យាយាមបើកគេចរហូតខ្ទេចកង់ ផ្អើលពេញក្រុង!

ភ្នំពេញ៖ រថយន្ដឡិចសុីសRX300មួយគ្រឿងបើកបុកម៉ូតូនិចនៅចំនុចជិតភោជនីយដ្ឋានផែថ្មរបណ្ដាលអោយខូចខាតបន្តិចបន្ទួចតែមិនព្រមឈប់ដោះស្រាយគ្នាបែជាព្យាយាមបើកគេចខ្លួនតែត្រូវជនរងគ្រោះដេញតាមរហូតដល់ជិតក្រសួងការពារជាតិទើបឃាត់បានដោយសារតែរថយន្ដបង្កខូចខ្ទេចកង់មួយគ្រាប់ទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង២០នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចជិតភោជនីយដ្ឋានយីហោ ផែថ្មរ តាមបណ្ដោយផ្លូវលេខ៨២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ រថយន្ដម៉ាកឡិចសុីសRX300 ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AT-3615 បើកបរដោយបុរសម្នាក់។

ចំណែកម៉ូតូរងគ្រោះម៉ាកស៊ុយស៊ូគីនិច ពណ៍ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ1GP-4588 ជិះដោយយុវជនពីរនាក់រងរបួសស្រាល។. ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូជនរងគ្រោះកំជិះបណ្ដើរគ្នាជាមួយម៉ូតូពីរទៅបីគ្រឿងទៀតហើយពេលមកដល់ចំណុចកើតហេតុក៏ជ្រុលបុកជាមួយរថយន្ដបណ្ដាលអោយខូចខាតម៉ូតូនិងរងរបួសស្រាល។

ប្រភពបានបន្តថា ក្រោយពីកើតហេតុរថយន្ដបង្កមិនបានឈប់ដោះស្រាយនោះទេគឺព្យាយាមបើកគេចខ្លួនទាំងកង់រថយន្ដបែករហូតមកដល់ជិតក្រសួងការពាតជាតិក្នុងខណ្ឌ៧មករា ទើបរថយន្ដទៅមុខលែងរួចឃាត់បានតែម្ដង ។ ក្រោយមកកម្លាំងសមត្ថកិច្ចបានធ្វើការសម្របសម្រួលគ្នាអស់រយះពេលជាច្រើនម៉ោងទើបត្រូវគ្នាដោយខាងម្ចាស់រថយន្ដសងថ្លៃការខូចខាតនិងព្យាបាលរបួសអោយទៅជនរងគ្រោះដើម្បីបញ្ចប់រឿងតែម្ដង ៕