៤​ថ្ងៃ​ហើយមិនដឹង​ថា ឃាតករ​សម្លាប់​ប្រពន្ធ​រួច​លោតទឹក ស្លាប់​ឫ​នៅ​រស់​ទេ?

កណ្តាល ៖ ជនសង្ស័យ​ជា​ប្តី​ដែល​លួច​ស្ទាក់​កាប់សម្លាប់​អតីត​ប្រពន្ធ​នៅ​ស្រុក​លើក​ដែក​កាលពី​រសៀល​ថ្ងៃ​ទី​១៩ មេ​សា កន្លង​មក រួច​ជិះ​ម៉ូតូ​ទៅ​លោតទឹក​លើ​ស្ពាន​ត្សឹ​បា​សា (​ស្ពាន​អ្នក​លឿង​) ដោយ​មានការ Live ថត​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​ផង​នោះ គិត​មក​ដល់​ពេល​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា នេះ មាន​រយៈពេល​៤​ថ្ងៃ​ហើយ សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ នៅឡើយ​ទេ ។

មិន​មាន​ប្រភព​ណាមួយ​អះអាង​ឱ្យ​បាន​ច្បាស់​ការណ៍​នៅឡើយ​នោះ​ទេ ហើយ​ក្រោយ​កើតហេតុ សមត្ថកិច្ច​ដែល​បាន​ដាក់​ពង្រាយ​កងកម្លាំង​ព័ទ្ធ​ចំណុច​ដែល​លោតទឹក​ពីលើ​ស្ពាន​ត្សឹ​បា​សា​នោះ ត្រូវ​បាន​មន្ត្រី​នគរបាល​ប៉ុស្តិ៍ ស្រុក​លើក​ដែក ប្រាប់​ថា រក​មិនឃើញ​ជនសង្ស័យ​នោះ​ទេ ឃើញ​តែ​ម៉ូតូ​ចត​ចោល នៅ​កណ្តាល​ស្ពាន ដោយ​បន្សល់​ទុក​រួម​មាន ៖
-​ម៉ូតូ​១​គ្រឿង ម៉ាក Exciter G.P Yamaha កម្លាំង 150cc. ពណ៌​ខៀវ។
-​ទូរស័ព្ទ ម៉ាក LG ពណ៌​មាស ០១​គ្រឿង។
-​កាបូបដៃ ពណ៌​ខ្មៅ​០១។
-​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ 021060891 ចំនួន​០១​សន្លឹក។
-​នាមប័ណ្ណ ផ្សេង​ៗ ០៥​សន្លឹក។
-​ប្រាក់​រៀល ២១,៤០០​រៀល។
-​ដប​ទឹក​សុទ្ធ​ចំណុះ កន្លះ​លី​ត្រ​មាន​សាំង ពាក់កណ្ដាល​ដប ។
-​ចាហួយ​លាប​សក់ ម៉ាក Gatsby០១។
-​ប្រដាប់​កឹ​ប​០១ ។
-​កាំបិត​ផ្កា​ក់​ដង​ខ្លី ប្រវែង ០.៥៣​ម៉ែត្រ (​នៅ​កន្លែង​កាប់សម្លាប់​ប្រពន្ធ​)​ ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជន​ដៃដល់​បាន​លោត​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ពិតមែន (​វី​ដេ​អូ​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​) ហើយ​រហូត​ដល់​ពេល​នេះ ជនសង្ស័យ​មិន​ទាន់​ឃើញ​ឡើងគោក​វិញ​នៅឡើយ​ទេ ស្រប​ពេល​ដែរ​មិន​ទាន់​ដឹង​ថា ជនសង្ស័យ​ស្លាប់ រឺ​រស់​នោះ​ទេ ? ព្រោះ​មិន​ទាន់​រក​សាកសព​ឃើញ(៤​ថ្ងៃ​ហើយសាកសពគួរតែអណ្តែត) បើ​នៅ​រស់​វិញ​ក៏​មិន​ទាន់​ចាប់​បាន​ទៀត ។

សូម​បញ្ជាក់​ថា ករណី​ឃាតកម្ម​ដ៏​រន្ធត់​ខាងលើ​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​បរិវេណ​អនុ​វិទ្យាល័យ​កំពង់ចម្លង ស្ថិត​ក្នុងភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើក​ដែក​។ បុរស​(Live)​ផ្ទាល់ លោតទឹក​សម្លាប់​ខ្លួន ជា​ឃាតករ​សម្លាប់​ប្រពន្ធ មុននេះបន្តិច

ជន​រង​គ្រោះជា​ប្រពន្ធ​ដែល​ត្រូវ​អតីត​ប្តី​កាប់​ដាច់​ក​ស្លាប់មានឈ្មោះ​ទុន ស្រី​ណ​យ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក​(​ស្លាប់​នៅ​កន្លែង​កើតហេតុ​) ។ ចំណែក​ជន​ដៃដល់​ជា​ឃាតករ​ដៃ​ឆៅ មានឈ្មោះ អ៊ិ​ន ដា​រ៉ា​ឆាយ​រ៉ាត់ អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​ភូមិ អំពិលទឹក​ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក (​បាន​លោត​ពីលើ​ស្ពាន ត្សឹ​បា​សា ធ្វើ​អត្តឃាត​ក្រោយ​ធ្វើ​សកម្មភាព​កាប់សម្លាប់​ប្រពន្ធ​) ។

ជាមួយ​គ្នា​នេះ​ដែរ យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​ជនសង្ស័យ​ជា​ឃាតករ ដែល​មានឈ្មោះ Bong Räth Os Kae នៅ​វេលា​ម៉ោង​២​និង​១៨​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែមេសា ជនសង្ស័យ​ក៏​បាន​ធ្វើការ Live Video មួយ​បង្ហាញ​ពី​សកម្មភាព​របស់​ខ្លួន (​ជនសង្ស័យ​) បាន​ឡើង​តោង​បង្កាន់ដៃស្ពាន​អ្នក​លឿង រួច​ដាក់​ទូរស័ព្ទ​នៅ​លើ​បង្កាន់ដៃស្ពាន ដោយ​បង្វែរ​កាមេរ៉ា​មក​រក​ខ្លួន (​ជនសង្ស័យ​) បន្ទាប់​មក ជនសង្ស័យ​ក៏​បាន​លោត​ចូល​ទៅ​ក្នុង​ទឹកទន្លេ​សម្លាប់​ខ្លួន​តែ​ម្តង ។

មាន​តែ​វី​ដេ​អូ​ការ​ធ្វើ​អត្តឃាត​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​បង្ហោះ​តាម ហ្វេ​ស​ប៊ុ​ក គឺ​មិន​មាន​បង្ហោះ​អំពី​វី​ដេ​អូ​ឃាតកម្ម​សម្រាប់​អតីត​ប្រពន្ធ​ទេ ។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ច្បាស់​ថា តើ​អ្នក​ណា​បាន​ចុច​បិទ​វី​ដេ​អូ​កំពុង Live នេះ ? ឬ​មួយ​ទូរស័ព្ទ​វា​បិទ​ខ្លួន​វា ?

ជា​ការ​កត់សម្គាល់ វី​ដេ​អូ (Live) ថត​ផ្សាយ​ផ្ទាល់​ស្តី​ពី​ការ​ធ្វើ​អត្តឃាត​លោតទឹក​លើ​ស្ពាន​ត្សឹ​បា​សា ត្រូវ​បាន​លុប​វា​ចេញ ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​ជនសង្ស័យ​ជា​ឃាតករ ដែរមានឈ្មោះ Bong Räth Os Kae ហើយ ៕