លោកស័ក្កិ៤កន្លះ ផឹកស៊ីស្រវឹង ប្រើហឹង្សាដាក់ប្រពន្ធ រួចដេញប្រពន្ធកូនឲ្យដេកក្រៅផ្ទះទាំងកណ្តាលអាធ្រាត

ភ្នំពេញ ៖ មន្ត្រី​យោធា​សក្តិ​៤​កន្លះ​ម្នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌមានជ័យ ធ្វើការ​ឃាត់ខ្លួន​ដល់​លំនៅ​ឋាន ក្រោយ​ពី​ប្រើ​ហិង្សា​លើ​ប្រពន្ធ ហើយ​បណ្តេញ​ប្រពន្ធ និង​កូន​ៗ​ឱ្យ​ដេក​ក្រៅ​ផ្ទះ។ ហេតុការណ៍​នេះ​កើតឡើង​កាល ពី​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ មេ​សា​នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​ក្បែរ​បុរី​ភ្នំពេញ​ថ្មី ស្ថិត​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

​មន្ត្រី​យោធា​សក្តិ​៤​កន្លះ​ខាងលើ មានឈ្មោះ ម៉ែ​ន វី​រៈ ហៅ វី​រៈ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​យោធា​ មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ទោ នៃ​ក្រសួងការពារជាតិ ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ កូវ សុវណ្ណ​លី​ណា អ្នកទាំង២ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ។

បើតាម​ការ​រៀប​រាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​ឱ្យ​ដឹង​ថា នាង​រៀប​ការ​ជាមួយ​បុរស​ជា​ប្តី​តាំងពី​ឆ្នាំ​២០០៩​ម្ល៉េះ រហូត​មានកូន​ប្រុស​ស្រី​២​នាក់ ។ ចាប់តាំងពី​បាន​គ្នា​ជា​ដៃគូ​ជីវិត​មក បុរស​ជា​ប្តី​តែង​ជេរ​ប្រមាថ​នាង ដៀល​ពូជ​អំបូរ និង ប្រើ​ហិង្សា​មក​លើ​រូប​នាង​ជា​ច្រើន​លើក​មក​ហើយ រហូត​នាង​ទ្រាំ​ពុំ​បាន​ក៏​ឈាន​ដល់​ប្តឹងប្តល់​លែងលះ​គ្នា​ដាច់ស្រេច​ដល់​តុលាការ​ផង​ដែរ ប៉ុន្តែ​ក្រោយមក​មានការ​សម្របសម្រួល​ពី​ឪពុក​ម្តាយ​ខាង​ប្តី នាង​ក៏​ព្រម​នាំ​កូន​មក​នៅ​ជាមួយ​ប្តី​ម្តងទៀត​នៅ​ឆ្នាំ​២០១៧ ។

ស្ត្រី​ដដែល​បន្ត​ថា ការ​រួមរស់​ជាមួយ​គ្នា​រយៈ​ក្រោយ​មកនេះ ប្តី​នៅ​តែ​បង្ក​សកម្មភាព​ដូច​មុន​ៗ​ដដែល លុះ ម៉ោង​៩​យប់​ថ្ងៃ​ទី​២០ មេ​សា​នេះ បុរស​ជា​ប្តី​មក​ពី​ផឹកស៊ី​ស្រវឹង​ខាងក្រៅ​ចូល​មក​ដល់​ផ្ទះ​ជេរ​ប្រមាថ​ដល់​នាង និង​ប្រើ​ហិង្សា​លើ​រូប​នាង ពិសេស​នៅ​យប់​នោះ​បាន​​បណ្តេញ​រូប​នាង និង​កូន​តូច​ៗ២​នាក់ រួម​ទាំង​សម្ភារ​មួយ​ចំនួន ដូច​ជា​ពូក ខ្នើយ និង​សម្លៀក​បំពាក់​ជាដើម​ឱ្យទៅ​ដេក​ក្រៅ​ផ្ទះ​ទាំង​កណ្តាល​យប់ ។

តាម​មន្ត្រី​អាវុធហត្ថ​ឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​បណ្តឹង​ពី​ស្ត្រីជន​រង​គ្រោះ​នៅ​យប់​រំលង​អធ្រាត្រ កម្លាំង​អាវុធហត្ថ​ខណ្ឌ ចុះ​ទៅ​ឃាត់​បុរស​រូប​នោះ​ភ្លាម​ៗ​បញ្ជូន​ទៅ​កាន់​ការិយា​ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​​រាជ​ធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ៕