ស្លាប់​​ស្ត្រី​២​នាក់ និង​​របួស​ធ្ងន់​៣​នាក់ រថយន្ត​បា​ឡែនរេចង្កូត​​បុក​​ដើម​ឈើ​​តាម​​ចិញ្ចើម​ផ្លូវ

ព្រះសីហនុ៖ រថយន្ត​​បា​ឡែនរេចង្កូត​​បុក​​ដើម​ឈើ​​តាម​​ចិញ្ចើម​ផ្លូវប​ណ្ដាល​ស្លាប់​​ស្ត្រី​២​នាក់ និង​​របួស​ធ្ងន់​៣​នាក់ ហេតុការណ៍​នេះ​បាន​កើត​ឡើងកាលពី​វេលា​ម៉ោង៩និង៣០នាទី​យប់ ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ១២៦ -១២៧ ស្ថិតក្នុង​ភូមិ​ចាំ​ស្រី ឃុំ​កំពង់សីលា ស្រុក​កំព​ង់​សីលា ខេត្ត​ព្រះសីហនុ ។

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់នេះបង្កដោយ​រថយ​ន្ត​​បា​ឡែ​ន ពាក់​ស្លាក​លេខ ភ្នំពេញ 2U-7234 បើកបរ​ទិសដៅ​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​រាជធា​នី​​ភ្នំពេញ ពេលមកដល់ចំណុចកើតហេតុ​បាន​រេ​ចង្កូត​ធ្លាក់ផ្លូវបុក​ដើមឈើ​ បណ្តាលអោយ​រង​របួស​ធ្ងន់​ទាំង៥នាក់​តែម្ដង បន្ទាប់មក​ក៏បាន​ដាច់ខ្យល់​ស្លាប់២នាក់ អំឡុងពេល​បញ្ជូនទៅ​មន្ទីរពេទ្យ។

គ្រោះថ្នាក់​ចរាចរណ៍​ជនរងគ្រោះ ត្រូវបាន​រថយន្ត​ស៊ី​រ៉ែ​ន​របស់​នគរបាល​ស្រុក​កំពង់សីលា និង​រថយន្ត​របស់​ក​ង​រាជ​អាវុធហត្ថ​ស្រុក ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រែអំបិល។ ប៉ុន្តែ​អ​កុស​ល្យ​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រែអំបិល ស្ត្រីជន​រងគ្រោះ​បាន​ស្លាប់​ចំនួន២នាក់។ ជន​រងរបួស​ខាងលើ មាន​ទីលំនៅ​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា។ ដោយឡែក រថយន្ត​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ហើយ​សព​ត្រូវបាន​តម្កល់ទុក​រង់ចាំ​សាច់ញាតិ​មក​ទទួល ៕