ម៉ូតូ២គ្រឿងបុកគ្នាបណ្ដាលអោយបុរសម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នបណ្ដាលអោយម៉ូតូមួយគ្រឿងបុកពេញមួយទំហឹងបណ្ដាលម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ នៅចំណុចផ្លូវ៣០ម៉ែត្រ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ។

សាកសពជនរងគ្រោះដែលស្លាប់មានឈ្មោះ សៀង មករា មុខរបរ សិស្សកសិកម្មព្រែកលៀប ភេទប្រុសអាយុ២៨ឆ្នាំស្នាក់នៅភូមិស្នែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិទី១ ឃុំរកាខ្នោ ស្រុកក្រូចឆ្មា ខេត្ដត្បូងឃ្មុំ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញគេបានឃើញបុរសរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ដែលពាក់ស្លាកលេខកំពុងចាម1J-5893 បើកបរតែម្នាក់ឯងក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុម៉ូតូជនរងគ្រោះបានបត់ទៅកើត ស្រាប់តែពេលនោះក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញ1AV-5693 ដែលបើកបរតែម្នាក់ឯងក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនជាន់ហ្វាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូដែលកំពុងបត់ឆ្លងផ្លូវពេញមួយទំហឹងបណ្ដាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយភាគីខាងម៉ូតូមួយគ្រឿងទៀតត្រូវរថយន្ដសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុជួយសម្រួលចរាចរណ៍ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីមកធ្វើការវាស់វែងនិងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុករងចាំដោះស្រាយគ្នាពេលក្រោយ ។ ចំណែកសាកសពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕