សម្លាប់​ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ ច្រក​បាវ​យក បោះ​ចោល​នៅ​ក្នុង​ទឹក​អូរ

ស្ទឹងត្រែង៖ កុមារា​អាយុ​១១​ឆ្នាំ​ម្នាក់ បានបាត់​ខ្លួុន​តាំង​ពី​វេលា​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ២០១៨ ត្រូវបាន​គេប្រទះ​ឃើញ​ស្លាប់​អណ្តែត​ទឹក​អូរ ស្ថិត​ក្នុង​ភូមិ​ស្រះ​ឫស្សី សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង ។ ក្មេង​ប្រុស​ដែល​ស្លាប់​នេះ​មាន​ឈ្មោះ សេង រដ្ឋា អាយុ១១​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី៥ នៅ​សាលាបឋម​សិ​ក្សា​បាចុង សង្កាត់​ព្រះ​បាទ ក្រុង​ស្ទឹង​ត្រែង ខេ ត្ត​ស្ទឹង​ត្រែង ។

មន្ត្រី​នគរបាល​បាន​សន្និដ្ឋាន​ថា ក្មេង​ប្រុស​ត្រូវ​បាន​ឃាតក​ចង​បិទ​មុខ​ដោយ កំណាត់​ខ្មៅ ចង​ស្លាប​សេក និង​ចង​ជើង រួចញាត់ចូល​ក្នុង​ថង់​កំ​ណា​ត់ រួច​យក​សព ទៅបោះ​ចោល​នៅ​ក្នុង​ទឹក​អូរ​ធំ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​អ្នក​ស្រុក។

សមត្ថកិច្ច​ប្រាប់​ថា អ្នក​ដើរ​បាញ់​កង្កែប​តាម​ដង​អូរ​នេះ​បាន​ប្រទះ​ឃើញ​សព​ក្មេង​ប្រុស​រងគ្រោះ​អណ្ដែត​ទឹក រួច​រាយ​ការណ៍​ឲ្យ​នគរបាល​ដឹង កុំ​អីក៏​មិន​មាន​នរណា ម្នាក់បាន​រក​ឃើញ​ក្មេង​នេះ​ដែរ ។

ម្តាយ​កុមារា​ខាង​លើ​បាន​រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា នៅ​ម៉ោង​ប្រហែល​ជា​១០​យប់ ថ្ងៃ​ទី៧ ខែ​មេ​សា ឆ្នាំ​២០១៨ គាត់​បាន សម្រាន្ត​ក្នុង​បន្ទប់​ក្នុង​ផ្ទះ។ ចំណែក​កូន​វិញ​គេង​ក្នុង​ផ្ទះ​តែ​គ្មាន​បន្ទប់ លុះ​ភ្ញាក់​ឡើង​ពី ដំណេក​នៅ​ពេល​ព្រឹក​ឡើង ស្រាប់​តែ​បាត់​កូន​មិន​ដឹង​ជា​ទៅ​ណា ។​បន្ទាប់​មក​គាត់​ក៏​បាន​រាយ​ការណ៍​ប្រាប់ មេភូមិ​ឲ្យ​ជួយ​ផ្សព្វ​ផ្សាយ​រក​កូន​របស់​គាត់ ប៉ុន្តែស្ងាត់​ដំណឹង​ឈឹង​រហូត លុះ​ដល់​ព្រឹក ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ២០១៨ ទើប​មាន​គេ ប្រទះឃើញ​សព​កូន​អណ្តែត​ក្នុង​ទឹកអូរ ដោយឃាតក​បាន​ច្រក​ក្នុង​ការុង ។

ករណី​ឃាត​កម្ម​ខាង​លើ​ត្រូវ​បាន​មន្ត្រីនគរបា​ល​ជំនាញ​សនិ្នដ្ឋាន​ជា​បឋម​​ថា ជា​ករណី​គំនុំ​នៅ​ក្នុង​គ្រួសារ​ដោយ​សារ​ឱពុក ម្តាយ​ធ្លាប់​មាន​ជម្លោះ​​ជា​មួយ​អ្នក​ដទៃ គឺ មិនមែន​ជាករណី​វះ​យក​ក្រលៀន និង​ថ្លើម ប្រមាត់​ដូច​ពាក្យ​ចចាម​អារ៉ាម​តាម facebook នោះ​ទេ ព្រោះ​នៅ​លើ​ដង​ខ្លួន​ពុំ​មាន ស្នាម​វះ​នោះ​ឡើយ ៕