ពិធី​ភ្ជាប់ពាក្យ​ដ៏​កក្រើក​ហ្វេសប៊ុក ព្រោះ​កូនប្រុស​ប្រើ​ងារ​ជា​អនុបណ្ឌិត

​សង្គម​ហ្វេសប៊ុក​៖ ឆ្នាំថ្មី​បាន​ឈាន​មក​កាន់តែ​ជិត​ដល់​ហើយ ក្នុង​បណ្ដាញ​សង្គម facebook មាន​ការ​ផ្ញើ​សារ​ជូនពរ​គ្នា​ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំ ២០១៨​។​

ទន្ទឹម​នឹង​នេះ កាល​មួយ​ថ្ងៃ​ពីរ​មុន​នេះ ក៏​មាន​ការ​ភ្ញាក់ផ្អើល​ដោយ​មហាជន​បាន​ចែក​រំលែក​ត​ៗ​គ្នា នូវ​ពិធី​ភ្ជាប់ពាក្យ​របស់​គូស្នេហ៍​មួយ​គូ ដែល​បាន​ភ្ជាប់ពាក្យ​មុន​ពេល​ខូល​ឆ្នាំ​ថ្មី​មក​ដល់​នេះ។ អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​នោះ​គឺ កូន​កំលោះ​នា​ពេល​អនាគត​បាន​ប្រើ​កម្រិត​វប្បធម៌​របស់​ខ្លួន​មក​ដាក់​ពី​មុខ​ឈ្មោះ​កំណើត គឺ អនុបណ្ឌិត ឈិន សីហា។​

ទាក់ទិន​រឿង​នេះ មហាជន​ចែក​រំលែក​ដោយ​សរសេរ​យោបល់​រៀងៗ​ខ្លួន​។ អ្នក​ខ្លះ​រិះគន់​ខ្លាំង និង​យ៉ាង​ចាស់​ដៃ​ថា នេះ​ជា​កំពូល​ការ​អួត​ខ្លួន អួត​សញ្ញាបត្រ អនុបណ្ឌិត ដែល​សូម្បី​ក្នុង​ពិធី​ភ្ជាប់ពាក្យ ក៏​យក​មក​សរសេរ​ដែរ ខ្លាច​គេ​មិន​ដឹង​ថា​ខ្លួន​រៀន​បាន​ខ្ពស់ ខ្លាច​គេ​មិន​ដឹង​ថា​ខ្លួន​ជា​អ្នក​ចេះ​ដឹង។ រហូត​ដល់​មាន​អ្នក​ខ្លះ​បន្ថែម​ថា ថ្ងៃ​ភ្ជាប់ពាក្យ​ប៉ុណ្ណឹង ចាំ​មើល​ដល់​ថ្ងៃ​ការ​យ៉ាង​ណា​ទៅ?​

តួយ៉ាង​ម្ចាស់​ទំព័រ​ហ្វេសប៊ុក IMan Kh បាន​សរសេរ​រិះគន់​ថា «​មើល​មុខ​ឲ្យ​ច្បាស់ លោក មហា​អ្នក​រៀន​សូត្រ វីរៈ​បុរស អួត​សមត្ថភាព ដើរ​ស្ពាយ​សញ្ញាបត្រ​អនុបណ្ឌិត។ លោក​អនុបណ្ឌិត ឈិន សីហា និង គូដណ្តឹង អ្នក​នាង​មហា​ភរិយា​របស់​លោកអនុបណ្ឌិត លោកស្រី យូ សុខច័ន្ទ និង លោកស្រី ម៉ាក់​ក្មេក​កូនប្រសារ អនុបណ្ឌិត។ ខ្ញុំ​កោត​តែ​អ្នក​រៀន មាន​ប្រភេទ​មនុស្ស​បែប​នេះដែរ។ កុំ​ភ្លេច​ពេល​បង្កក់​កូន ដាក់​ផ្លាក​ផង​ថា បង្កក់​កូន​ឬ​ខួប​កំណើតកូន​នៃ​គ្រួសារ​អនុបណ្ឌិត ផង​ណា។ ខ្ញុំ អ៊ែក អ៊ែក ណាស់ លោកព្រះ​។ លោក MBA ត្រូវ​ខ្មាស់​គេ​ពេញ​មួយ​ប្រទេស ដោយសារ​តែ​ការចង់​ល្បី​ដោយ​អត់​ទំនង។ ៙៚​»

ចំណែក​មហាជន​ខ្លះ​ខំម៉ឹន​ថា វា​មិន​ជា​ខុស​អ្វី​ទេ គ្រាន់​តែ​ប្លែក​គេ ដែល​ពួក​គាត់​មិន​ធ្លាប់​ឃើញ​បែប​នេះ​ប៉ុណ្ណោះ​។ ពួក​គេ​បន្ត​ថា នេះ​ជា​សិទ្ធិ​របស់​បុគ្គល ហើយ​វា​មិន​ខុស​ឆ្គង​និង​ប្រពៃណី​អ្វី​ដែរ។​

ចំណែក​លោក​បណ្ឌិត ជា ចំរើន បាន​ថ្លែង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា «​ធ្វើ​បែប​ហ្នឹង​មិន​ខុស​អី​ទេ វា​ល្អ​ទេ​កុំ​រិ:គន់​គ្នា។​ នៅ​ស្រុក​គេ​ពេល​រៀបការ​ឬ​ភ្ជាប់ពាក្យ គេ​តែងតែ​សូត្រ​ប្រវត្តិ​កូន​កំលោះ កូន​ក្រមុំ។​ ការ​សូត្រ​នេះ​ធ្វើ​ឲ្យ​គេ​អភិវឌ្ឍ​ខ្លួន​មុន​មាន​រឿង​នេះ​កើត​ឡើង បើមិន​អញ្ចឹង​ខ្មាស់​គេ បើ​ខ្លួន​មាន​ប្រវត្តិ​មិន​ច្បាស់លាស់​នោះ,,,»​។​

រីឯ​សាមីខ្លួន​ក៏​បាន​ឆ្លើយ​តប​នឹង​អ្នក​ដែល​រិះគន់​ខ្លួន​វិញ​មួយ​ចាស់​ដៃ​ដែរ។ លោក ឈិន សីហា បាន​សេរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក អនុសេនីយ៍ត្រី​បរិញ្ញា ឈិន សីហា ដែល​មាន​មាន ខ្លឹមសារ​ទាំងស្រុង​យ៉ាង​ដូច្នេះ​ថា​៖

«តម្លៃ​សីលធម៌​សង្គម Social Moral Value

មនុស្ស​ម្នាក់ៗ​មាន​តម្លៃ​និង​សីលធម៌​រស់​នៅ​រៀងៗ​ខ្លួន​សម្រាប់​សង្គម​មួយ​នេះ។ ការ​កើត​មក​របស់​មនុស្ស​មិន​មែន​ដោយ​ចៃដន្យ​នោះ​ទេ តែ​សភាវធម៌​និង​ធាតុ​ជួយ​ជំរុញ​ឲ្យ​កើត​ឡើង​មក។ មនុស្ស​ខ្លះ​កើត​មកនាំមក​ជាមួយ​នូវ​តម្លៃ​សីលធម៌ សុភាព​រាបសា វិចារណញ្ញាណ​មកជាមួយ​ជានិច្ច ផ្ទុយ​ទៅ​វិញ​មាន​មនុស្ស​មួយ​ចំនួន​កើត​មក​នាំ​យក​តែភាព​កម្លៅ ល្ងង់ ភាព​ហៃអើ និង​ការ​បំពុល​សង្គម​មក​ជាមួយ​តែម្តង។

ខ្ញុំ​មិន​យល់​ថា​សីលធម៌​នោះ​ជា​អ្វី​នោះ​ទេ តែ​គ្រួសារ​ខ្ញុំ លោក​គ្រូ​អ្នក​គ្រូ ញាតិមិត្រ​តែងតែ​បាន​ផ្តល់​យោបល់​ដល់​ខ្ញុំ​ថា «​សីលធម៌​គឺ​ធម៌​ដែល​នាំឲ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង​បាន​សុខ នោះ​ជា​សីលធម៌​ដ៏​ប្រសើរ»។ ខ្ញុំ​តែងតែ​ទន្ទេញ​និង​ចងចាំ​ជានិច្ច នូវ​គតិ​ទាំងអស់​នេះ។ ខ្ញុំ​មិន​ចាត់ទេ​ថា បុគ្គល​ចំពូក​ខ្លះ​មាន​សីលធម៌​ឬ​គ្មាន​សីលធម៌ តែ​សកម្មភាព ទង្វើ ភាព​អវិជ្ជមាន​របស់​ពួក​គេ​វា​ស្តែង​ឲ្យ​ឃើញ​តែម្តង។

មនុស្ស​គប្បី​យល់​ឲ្យ​បាន​ច្បាស់លាស់​ពី​ព័ត៌មាន នានា ដែល​ខ្លួនបាន​ជួប​ប្រទះ ជាជាង​បណ្តោយ​ខ្លួន​ឲ្យ​ធ្លាក់​ខ្លួន​ក្នុង​អន្លង់​ពាល​គឺ​សេចក្តី​មិន​ល្អ​ដែល​សង្គម​ពុំ​ឲ្យ​តម្លៃ។ មនុស្ស​គប្បី​ព្យាយាម​ធ្វើ​សេចក្តី​ល្អ​បង្ហាញទៅ​មនុស្ស​គ្រប់គ្នា ជាជាង​ធ្វើ​សេចក្តី​អាក្រក់​ជះ​លើ​បុគ្គល​ជុំវិញ​ហើយជម្រាប​ថា​នេះ​ជា​សេចក្តី​ល្អ​ពិត។

ភាព​ច្រណែន ភាព​អវិជ្ជា មោហៈ ការ​ធ្វើ​សកម្មភាព​ដោយ​ខ្វះ​ការ​ពិចារណា ទាំងអស់​នេះ​បាន​ច្រាន​បុគ្គលៗ​ឲ្យ​ធ្លាក់​ក្នុង​រណ្តៅ​ខ្លៅ រណ្តៅ​អាប់​យស គ្មាន​ការ​រាប់អាន​ពី​មជ្ឈដ្ឋាន​ទួទៅ ពិសេស​នឹង​ធ្វើ​ឲ្យខ្លួន​មាន​វិប្បដិសារី​នា​ពេល​ខាង​មុខ។ បុគ្គល​មួយ​ចំនួន​ទៀត​មាន​ការសិក្សា​កម្រិត​ទាប មាន​ការ​គិត​ខ្លី សប្បាយ​មួយ​ពេល ក៏​បន្ត​ធ្វើ​សកម្មភាព​ចោលម្សៀត​ជាច្រើន​ផងដែរ ទៅ​តាម​ចលនា​សង្គម ដែលលះបង់​នូវ​សីលធម៌​នានា​ក៏​យ៉ាងនោះ​ដែរ។

មនុស្ស​ជា​សត្វ​ដែល​មាន​ឧត្តមគតិ​ថ្នាក់​ខ្ពស់ លើស​អស់​សត្វ​ដទៃ​ទៀត បើកាលណា​សកម្មភាព​នានា ដែល​មនុស្ស​ធ្វើ​ឡើង​ក្បត់​ឧត្តមគតិ បាត់បង់​នូវ​សតិសម្បជញ្ញៈ​ហើយ ត្រង់​នេះ​មាន​ន័យ​ថា ខ្លួន​មនុស្សនោះ​ប្រៀបបាន​នឹង​ខ្មោច​ដែល​ស្អុយ​រលួយ​នៅ​រស់​មិន​ទាន់​ស្លាប់។

ខ្ញុំ​សូម​គោរព​តម្លៃ​និង​ស្ងើចសរសើរ​ដល់​បុគ្គល​ដែល​រៀន​បាន​ខ្ពង់ខ្ពស់នានា ដែល​អស់​លោក​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ក្នុង​កិច្ច​ខិតខំសិក្សា ស្រាវជ្រាវ មាន​សីលធម៌ គុណធម៌ សច្ចធម៌ ចេះ​ដឹង​ខុសដឹង​ត្រូវ ស្គាល់​កាលវេលា និង​ទង្វើ​របស់​ខ្លួន។ ប៉ុន្តែ​ខ្ញុំ​សោកស្តាយបុគ្គល​ដែល​រៀនសូត្រ​ដែរ តែ​បង្កើត​នូវ​ភាព​អវិជ្ជា​នៅ​ក្នុង​ខ្លួន មើលបុគ្គល​ដែល​ល្អ​ជាង​ខ្លួន​ថា​ជា​សំរាម ថា​ជា​លាមក បន្តុះ​បង្អាប់ រិះគន់អ្នក​ដទៃ​ដោយ​សេចក្តី​ខ្លៅ​ដែល​ខ្លួន​មាន។

បុគ្គល​មួយ​ចំនួន​រៀនសូត្រ​ដល់​កម្រិត « បរិញ្ញា អនុបណ្ឌិត បណ្ឌិត ឬ​ដល់​បណ្ឌិត​រដ្ឋ » មាន​ន័យ​ថា គេ​សប្បាយ​រីករាយ​នូវ​ភាពឧស្សាហ៍ សមត្ថភាព ភាព​ប៉ិនប្រសប់ ពិសេស​តម្លៃ​នៃ​ការ​ខំប្រឹងរបស់​គេ។ ផ្ទុយ​ពី​តម្លៃ​សីលធម៌​និង​ភាព​ខ្លៅ មនុស្ស​មួយ​ចំនួន​មាន​ចិត្តមិន​សប្បាយ​ថែម​ទាំង​មិន​ត្រេកអរ​នឹង​អ្វី​ដែល​គេ​មាន ដោយ​ប្រើ​វិធីចាក់​រុក ចែក​ផ្សាយ​ធម៌​ពាល រិះគន់ ដោយ​ឃើញ​គេ​ប្រសើរ​ជាង​ខ្លន។

ខ្ញុំ​សោកស្តាយ​ដែល​បាន​ឃើញ​បុគ្គល​ខ្លៅ​មួយ​ចំនួន ដែល​ពួក​គេ​បានបំប៉ោង​សេចក្តី​ពិត សេចក្តី​ត្រឹមត្រូវ​របស់​មនុស្ស ដោយ​មិន​យល់​ពី​អ្វី​ដែល​គេ​ចង់​បង្ហាញ​ក្នុង​ន័យ​អប់រំ​និង​ជា​ធនធាន​របស់​សង្គម​ក៏​បើ។ ខ្ញុំ​ពុំសូវ​ខ្វល់​លើ​ព័ត៌មាន​ស្អុយ ភាព​មិន​ពិត​របស់​បុគ្គល​ល្ងង់​នោះ​ទេ ពី​ព្រោះ​នេះ​ជា​រឿង​រសើប​និង​គួរឲ្យ​អស់​សំណើច​និង​ប្រៀបបាន​ដូចក្មេង​បៀម​ដៃ​ទៅ​វិញ​ទេ។

សូម​អរគុណ Facebook Page ក្រុម​អនាមិក​គណនី Fake ACC មួយ​ចំនួន​ដែល​បាន​ជួយ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដែល​ក្បត់​នូវមនសិការ​ខ្លួន ពិសេស​បាន​ស្រាត​កាយ​ដ៏​ស្អុយ​របស់​ខ្លួន ដើម្បី​ឲ្យ​សង្គម​និង​អ្នក​ដែល​មាន​ពុទ្ធិ​ដឹង​ថា បុគ្គល​ទាំងអស់​មាន​សីលធម៌ ការគិត ទង្វើ​មិន​ស្មើ​នឹង​សត្វ​ធាតុ​ផង។

សត្វ​ឆ្កែ ជា​សត្វ​ដែល​គោរព​ម្ចាស់​និង​មាន​ភាព​ស្មោះត្រង់​ចំពោះចៅហ្វាយ​នាយ​របស់​វា។ វា​ជា​សត្វ​គួឲ្យ​ស្រឡាញ់​និង​ចិញ្ចឹម។ តែ​បើមនុស្ស​ធ្វើ​ខ្លួន​ឲ្យ​ទៅ​ជា​ឆ្កែ​វិញ មាន​ន័យ​ថា អន់​ជាង​ឆ្កែ​ទៅ​ទៀត។ សូម​កុំ​តាំង​ខ្លួន​ជា​មនុស្ស​ឆ្កែ ដោយសារ​ទង្វើ​អគតិ​មួយ​ពេល​របស់​ខ្លួន។

មួយ​វិញ​ទៀត មនុស្ស​មារយាទ​សេក ឃើញ​គេ​ថា​អ្វី​ក៏​ស្រែក​និង​ហៃអើតាម​គេ​ចាក់ ដោយ​មិន​ដឹង​ថា​នោះ​ជា​អ្វី ពិត​ឬ​ទេ ច្បាស់​ឬ​អត់ សម្បូរណាស់​សេក​ប្រភេទ​មនុស្ស​នេះ។ ចូរ​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ជា​សេក​ដែល​គួរឲ្យស្រឡាញ់ កុំ​ធ្វើ​ខ្លួន​ជា​សេក​ដែល​គេ​ខ្នាញ់​ចង់តែ​អារ~ក បែប​នេះ។

ភ្ញាក់​ខ្លួន​មិន​ទាន់​ហួស​ពេល​ទេ ម្នាល​មនុស្ស​ខ្លៅ​មួយ​ចំនួន សូម​ធ្វើ​ជាធនធាន​របស់​សង្គម ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ ជាជាង​បំផ្លាញ​ជាតិតាមរយៈ​សកម្មភាព​ឥត​ប្រយោជន៍​របស់​ខ្លួន។ សូម​កុំ​មាន​សេចក្តីប្រមាថ​បន្ត​ទៀត។

សេចក្តី​ល្អ​តែងតែ​ឈ្នះ​សេចក្តី​អាក្រក់​ជានិច្ច។ ខ្ញុំ​តែងតែ​ដេក​លក់ជានិច្ច​ពីព្រោះ​មិនបាន​ធ្វើ​អាក្រក់​តប​ទៅ​វិញ ប៉ុន្តែ​បុគ្គល​ទាំងអស់នោះ​នឹង​មិន​ដេក​លក់​ទេ​ក៏​ព្រោះ​តែ​បាន​បំពេញ​តែ​សេចក្តី​អាក្រក់​នានានោះ។

សរុប​សេចក្តី​មក​តម្លៃ​សីលធម៌​សង្គម​ជា​មាគ៌ា​វាស់​នូវ​កម្រិត​ពុទ្ធិ គតិ សមត្ថភាព របស់​មនុស្ស​ក្នុង​ការ​រស់​នៅ​នានា។ ខ្ញុំ​នៅតែ​ជា​ខ្ញុំ បុគ្គលមិន​មែន​ខ្ញុំ​បើ​មិន​យល់​មេត្តា​សួរ សុ.ចិ.បុ.លិ. សូម​កើត​មានជានិច្ច។

ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា គ.ស.២០១៨

អនុបណ្ឌិត ឈិន សីហា
បរិញ្ញាបត្រជាន់ខ្ពស់ភាសាវិទ្យា
០១០៧៨២៥៨៩​»