ពុទ្ធោ! ជិះ​ម៉ូតូ​ទៅ​លេង​ស្រុក​កំណើតចូល​ឆ្នាំថ្មី​ ត្រូវ​រថយន្ត​​បុក​ម៉ូតូ​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់

ភ្នំពេញ៖ បុរស​នារី​២​នាក់ ដោយ​គេ​មិន​ទាន់​ដឹង​ថា ជា​ប្តី​ប្រពន្ធ ឬ បង​ប្អូន​នោះ​ទេ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ បណ្តាល​អោយ​ស្ត្រី​ម្នាក់​ស្លាប់​និង​បុរស​ជា​អ្នក​បើក​ម៉ូតូ​រង​របួស​ធ្ងន់ ដោ​យ​សារ រថយន្ត​កូរ៉េ​ដឹក​ទឹក​កក បុក​អូស​​ជា​ច្រើ​ន​ម៉ែត្រ ជាប់​នារី​ស្លាប់​ក្រោម​រថយន្ត​តែ​ម្តង ។
ហេតុ​ការណ៍​ដោយ​គួរឲ្យរន្ធត់​នេះ​បាន​កើត​ឡើ​ង​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី១​២ ខែមេសា ឆ្នាំ២០១៨​ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវ​ហាណូយ​កែងនិ​ងផ្លូវ​ឧកញា​ម៉ុង​រិទ្ធី ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជនរង​គ្រោះ​ទាំង​២​នាក់ អ្នកខាង​លើជិះ​ម៉ូតូ​មួយ​គ្រឿ​ង​ម៉ាក ហុង​ដា​ឌ្រីម ស៊េរី​០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1Gk-4076​ដោ​យ​ធ្វើ​ដំណើ​រ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ក្នុងទិស​ដៅ​ពី​ត្បូ​ង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន ។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ម៉ូតូ​ខាង​លើ​ក៏​បាន​បើក​ឆ្លង​កាត់​ផ្លូវ​ឧកញ៉ា​ម៉ុង​រិទ្ធី ហើយ ខណៈ​ពេល​ដែល​ឆ្លង​បាន​ពាក់​កណ្តាល​ផ្លូវ ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កូរ៉េ KIA ពណ៌​ខៀវ ជាប្រភេទរថយន្ត​កូរ៉េ​មួយ​តោន​ដឹក​ទឹក​កក​ពាក់​ស្លាក​លេខ កំពត2A-1407 ដែ​ល​បើកតាម​បណ្តោយ​ផ្លូវ​ឧកញា​ម៉ុងរិទ្ធី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​យ៉ាង​លឿន រួច​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំ​ពេញ​ទំហឹង​បណ្តាល​អោ​​យ​ម៉ូតូ​ខ្ទៀត​ផ្លោង​ជាង​១០​ម៉ែត្រ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ រីឯបុរស​ដែល​ជា​អ្នក​បើកបរ​រង​របួស​បាក់​ជើង​ខាង​ស្តាំ ចំណែក​ឯរថយន្ត​រង​កា​រ​ខូច​ខាត​បន្តិច​បន្តួច ភ្លាមៗ​នោះ​រថយន្ត​បង្ក​បា​ន​ព្យាយាម​បើករត់​គេច​ខ្លួន​ទៅ​មុខ​បណ្តាល​អោយ​កិន​ស្ត្រី​រងគ្រោះ​ជាប់​ក្រោយ​កង់​​រថយន្ត​អូស​ជិត​៥០​ម៉ែត្រ ស្លាប់​យ៉ាង​អណោច​អធម៌ ទើប​រថយន្ត​បង្ក​ព្រម​ឈប់ ចំណែក​ឯអ្នក​បើក​បរ​រថយន្ត​បាន​ចុះ​​ពី​លើ​រថយន្ត​រត់​គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់​កន្លែង​កើ​ត​ហេតុ​និង​បាន​ធ្វើ​ការ​វាស់​វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​រាជធានីភ្នំពេញ ដើម្បី​រង​ចាំ​ធ្វើ​ការ​ដោះ​ស្រាយ​គ្នា​នៅ​ពេល​ក្រោយ ។ ដោ​យ​ឡែក​សពស្ត្រីរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ចដឹ​ក​យក​ទៅ​តម្កល់​នៅ​វត្តទឹកថ្លា ដើម្បី​រង​ចាំ​សាច់​ញាតិ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី ៕