​បាញ់​មេឃ​២គ្រាប់ តែ​សមត្ថ​កិច្ច​ផ្សារ​​​កណ្ដា​ល​​ទី​​១ជួយលាក់បាំងថា ប្ដីប្រពន្ធ​ឈ្លោះគ្នា

ភ្នំពេញ​៖ យុវជន​ម្នាក់​ដើរ​រក​ប្រពន្ធ​ធ្វើ​ការ​នៅ​ហាង​មួយ​កន្លែង ដោយ​បាន​ស្រែក​ឡូរ​ឡារ មួ​យ​សន្ទុះ​ក្រោយ​មក​ក៏​មាន​បុរស​ម្នាក់ ដើរចេញ​ពី​ក្នុង​ហាង THE CONNER 136 ចេញ​មក​សួរ​នាំ​យុវជន​នោះ ដោយ​ខឹង​ស្រែក​ឡូ​ឡា​​ពេក ក៏​ដក​កាំ​ភ្លើង​បាញ់​គំរាម​បុរស​ខាង​លើ ចំនួន​២​គ្រា​ប់ បង្ក​ការ​ភ្ញាក់​ផ្អើល កាល​ពី​វេលា​ម៉ោង​០៤​និង​៤០​នាទី​ទាប​ភ្លឺ​ ថ្ងៃពុធ ទី១១ ខែមេសា​ ឆ្នាំ​២០១៨ នៅ​មុខ​ហាង Th​e Coner 136 ប្លុក​Barបារាំង​ តាម​បណ្ដោ​យ​ផ្លូវ​លេខ​១៣៦ កែង​ផ្លូវលេខ៥ ស្ថិតក្នុង​សង្កា​ត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌ​ដូន​ពេញ​ ។ ជន​រងគ្រោះ​​ឈ្មោះ ឈាវ វ​ណ្ណា អាយុ២៤ឆ្នាំ មុខរបរ​កឹប​សំបុត្រ​ម៉ូតូ ស្នាក់​នៅ​ក្បែរ​កន្លែង​កើ​ត​ហេតុ ។

យោង​តាម​សម្ដី​សាក្សី​​នៅ​កន្លែង​កើត​ហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ គេ​ឃើញ​មាន​បុរស​ម្នាក់​ដើរ​សួរ​រក​ប្រពន្ធ​ដែល​ធ្វើ​ការ​ហាង​មួយ​កន្លែង ជិត​ចំណុច​កើត​ហេតុ ដោ​យ​បាន​ស្រែក​ឡូឡា មួយសន្ទុះ​ក្រោយ​មក​ក៏​មាន​បុរស​ម្នាក់​បាន​ដើរ​ចេញ​ពី​ក្នុង​ហាង THE CONNER 136 មក​សួរ​នាំ​គាត់ ហើយ​គាត់​បាន​ឆ្លើយ​ថា ខ្ញុំ​មក​រក​ប្រពន្ធ​​តើ​បង តែរក​មិន​ទាន់​ឃើញ​ទេ ហើយ​ជនរងគ្រោះ​ក៏​សួរ​បុរស​រូប​នោះ​មាន​ឃើញ​ប្រពន្ធ​ខ្ញុំ​ទេ ស្រាប់​តែ​បុរស​រូប​នោះ​ដក​កាំ​ភ្លើង​ខ្លី​ដែល​សៀត​នៅ​ចង្កេះ បាញ់​ឡើង​លើ​មួយ​គ្រាប់ ដើម្បី​គំរាម​ជន​រងគ្រោះ តែ​ជន​រង​គ្រោះ​ស្រែក​ថា ថី​បាន​បង​ឯង​បាញ់​ខ្ញុំ? ខ្ញុំ​មក​រក​ប្រពន្ធ​ខ្ញុំ​ទេ ភ្លាមនោះ​បុរស​រូប​នោះ​ក៏​បាន​បាញ់​មួយ​គ្រាប់​ទៀត ដើម្បី​គំរាម​ជនរង​គ្រោះ​ រួច​ឡើង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក SL ពាក់​ស្លាក​លេខ​ភ្នំពេញ​​1J-2713 ចេញ​ទៅ​បាត់។

ក្រោយ​កើត​ហេតុ​បាន​រក​ឃើញ​សំបក​គ្រាប់​ចំនួ​ន​​២​គ្រាប់​ពិត​ប្រាក​ដមែន តែកម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​កណ្ដាល​ទី​១ មិនព្រម​អោយ​ក្រុម​អ្នក​សារ​ព័ត៌​មាន ធ្វើ​ការ​សាក​សួរ​នោះ​ទេ ដោយ​ម​ន្ត្រី​​នគរបាល​មួយ​រូប​បាន​អះអាង​ថា អត់​មាន​ផ្ទុះ​អាវុធ​នោះ​ទេ គ្រាន់ជា​ករណី​ប្ដី​ឈ្លោះ​គ្នា​ជា​មួយ​ប្រពន្ធ​សោះ ចាំ​បាន​សួរ​នាំ​អី​ច្រើន​ទេ រួច​ក៏​នាំ​ជនរងគ្រោះ​ចូល​ក្នុង​ប៉ុស្តិ៍​បាត់​ទៅ ។ ជា​មួយ​គ្នា​នេះ​ប្រជា​ពលរដ្ឋ​និង​អ្នក​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​ជា​ច្រើន បាន​ឃើញ​បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​ម៉ាក SL ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1J-27​1​3 នោះ​ជា​អ្នក​បាញ់​ពិត​ប្រាកដ​មែន ហើយ​ក៏​ធ្លា​ក់​សំបក​គ្រាប់​នៅ​ទី​នោះ​តែ​ម្ដង ។

ជាចុងក្រោយ​សមត្ថកិច្ច​បាន​ត្រឹម​តែ​ប្រមូល​គ្នា​ទៅ​ហិត​ក្លិន​រំសេវ រួចក៏​ត្រឡប់​មក​វិញ​បាត់​អស់​ទៅ ។ ទើប​ជនរងគ្រោះ​បាន​ត្រឹម​តែ​ជិះ​ម៉ូតូ​ឌុប​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​កណ្ដាល​ទី​១​ប៉ុណ្ណោះ ​៕​