ដាក់​ដាំ​បាយ​ឆ្នាំ​ភ្លើង ដុតទុក​ចោល​ឆ្លង​ទុស្សេ​ឆេះ​រាល​ដល់​ផ្ទះ​ផ្អើល​ទាំ​ងព្រឹក

ភ្នំពេញ៖ ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង ខណៈ​ដែល​ម្ចាស់​ដាក់​ដាំ​បាយ​ដោត​ចង្ក្រាន​ប្រើ​ដោយ​ចរន្ត​អគ្គីស​នី​ទុក​ចោល ឆ្លង​ទុស្សេ​ឆេះ​រាល​ដល់​ផ្ទះ អស់​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន ផ្អើល​ពលរដ្ឋ​ក្បែរ​ខាង សមត្ថកិច្ច យក​បំពង់​ពន្លត់​អគ្គ័យ​ទៅ​ជួយ​បា​ញ់ ជះ​បាញ់​ទឹក ហើយ​រថយន្ត​ពន្លត់​អគ្គីភ័យ​ចេ​ញ​​ទៅ​ដល់​តែ​ភ្លើង​បាន​រលត់​ទៅ​វិញ​ល្មម​កា​ល​​ពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវ​លំ ខាង​ក្រោ​យ​ផ្សារ​ជម្ពូវ័ន ភូមិ​ជម្ពូវ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍សែន​ជ័យ ។

ផ្ទះ​កើត​ហេតុ​ខាង​លើ​សង់​ថ្ម​ក្រោម ឈើ​លើ ប្រ​ក់​ស័ង្ក​សី មាន​ម្ចាស់​ឈ្មោះ ឡាក់ ភេទប្រុស អា​យុ​ជាង​៥០​ឆ្នាំ មុខរបរ លក់​ដូរ តែមិនបាន​នៅ​ផ្ទះ​ឡើយ​អំឡុង​ពេល​កើត​ហេតុ ។

តាម​ប្រភព​នៅ​កន្លែង​បាន​ឲ្យ​ដឹង​ថា​មុន​កើត​ហេ​តុ បន្ទាប់​ពី​ម្ចាស់​ដាក់​ដាំ​បាយ ចង្ក្រាន​អគ្គីសនី​ដោត​ភ្លើង​ទុក​ចោល ហើយ​ទុស្សេ​ឆ្លង​​ឆេះ​រាល​ដាល​តាំង​ពី​ជាន់​ក្រោម​រហូត​ដល់​ជាន់​លើ អស់​សម្ភារៈ ខោ​អាវ របស់​របរ​មួយ​ចំនួន​ធំ ។ ពលរ​ដ្ឋ​ក្បែរ​ខាង​ឲ្យ​ដឹង​ថា មុន​កើត​ហេតុ ខណៈ​ផ្ទះ​ម្ចា​ស់​ចាក់​សោ​ទុក​ចោល ស្រាប់​តែ​នៅ​វេលា​ម៉ោ​ង​ខាង​លើ មាន​ធំ​ក្លិន​ឈ្ងៀម និងហុយ​ផ្សែង​ចេ​ញ​ពី​ក្នុង​ផ្ទះ​ជាន់​ក្រោម ផ្អើល​ពលរដ្ឋ ទៅអើត​មើល​ឃើញ​ទុស្សេ​ឆេះ​ចេញ​ពី​ចង្ក្រាន​ដាំ​បាយ បង្ក​ជា​អណ្តាត​ភ្លើង​ឆេះ​រាល តាំង​ពី​ជាន់​ក្រោម​រហូត​ដល់​លើ​ផ្ទះ បង្កឲ្យ​អ្នក​ក្បែរ​ខាង​ភ័យ​ខ្លាច​ភ្លើង​ឆេះ​រាល​ទៅ​ផ្ទះ​ផ្សេង ។

ករណី​គ្រោះ​អគ្គីភ័យ​ខាង​លើ​កើត​ឡើង​ភ្លាម​ៗ ពលរដ្ឋ​នាំ​គ្នា​កាត់​សោ​ទ្វារ តអូសទុយោ​ទឹក​ជួ​យ​​បាញ់ និង​យក​បំពង់​ពន្លត់​អគ្គីភ័យ​ចំនួន​៩ បាញ់ ទើប​ភ្លើង​រលត់​ទៅ​វិញ ហើយត្រូវ​បាន​រ​ថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​៥​គ្រឿង មាន៤​គ្រឿ​ង​មក​ពី​អង្គ​ភាព​៧១១ កងពល​តូច​លេខ​៧០ និងមួយគ្រឿងមកពីសាលាខណ្ឌពោធិសែនជ័យ តែមិនបាន​បាញ់ទឹកនិះទេ ដោយសារ​ភ្លើង​ត្រូវ​បាន​រលត់​ទៅ​វិញ​មុន​រថយន្ត​ពន្លត់​អគ្គីភ័យ​ទៅ​ដល់ ។

តាម​សមត្ថ​កិច្ច អាជ្ញាធរមូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ដល់​ផ្ទះ​កើត​ហេតុ​ឃើញ​ថា ផ្តើមចេញ​មក​ពី​ទុស្សេ​ចង្ក្រាន​ដាំ​បាយ សំណាង​ហើយ​ជួយ​ពន្ល​ត់​ទាន់ មិន​បង្ក​ឲ្យ​អ្នក​ណា​រង​របួស ហើយក៏​មិន​រាល​ដាល​ទៅ​ផ្ទះ​ផ្សេង គ្រាន់តែសម្ភារៈ​ក្នុង​ផ្ទះ​កើត​ហេតុ ទទួល​រង​ខូច​ខាត​អស់​មួយ​ចំនួន​ធំ​ ៕