ម្តាយ និង​កូន​ប្រុស​២​នាក់ ត្រូវឃាតក​អារ.ក​ស​ម្លាប់​យ៉ាង​ព្រៃ​ផ្សៃ​បំផុត​នៅ​លើ​ផ្ទះ

ត្បូងឃ្មុំ៖ ហេតុ​ការណ៍​ឃាតកម្ម​ដ៏​សាហាវ​មួយ បាន​កើត​ឡើង​នៅ ក្នុង​ស្រុក​ត្បូង​ឃ្មុំ ខេត្តត្បូង​ឃ្មុំ ដោយ​ស្ត្រី​ជា​ម្តាយ រួមទាំង​កូន​ប្រុស​ជំនង់​២​នាក់ ត្រូវ​បាន​ឃាតក អារ.ក​សម្លាប់​យ៉ាង​ព្រៃ​ផ្សៃ​បំផុត​នៅ​លើ​ផ្ទះ ។ ជនរងគ្រោះទី១ឈ្មោះ ឃាន សុខលាន ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ​ជាតិ​ខ្មែរ (ម្ដាយ) ភូមិ​ដូង​ឃុំ ថ្ម​ពេ​ជ្រ ស្រុក​ត្បូង​ឃ្មុំ និងទី២​ឈ្មោះ ធឿន វណ្ណៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និងទី​៣៖ ឈ្មោះ ធឿន ធារី ភេទ​ប្រុស​អាយុ១១ឆ្នាំ ស្លាប់​ដោយ​សារ​មា​ន​ស្នាម​កាំបិតអារ.ក ។

សមត្ថកិច្ច​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ បានប្រាប់​ឲ្យ​ដឹង​ថា ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​ករណី​ឃាត​កម្ម​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយ​ការណ៍​ជូន​សម​ត្ថ​កិច្ច​នៅ​ម៉ោង​១២និង​០០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០១៨​នេះ ដោយ​ឈ្មោះ សេង នាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​រើល ឃុំ​ដូន​តី ស្រុក​ពញា​ក្រែក ត្រូវជា​បង​ថ្លៃ​ជន​រងគ្រោះ បាន​យក​ផ្អក​មក​ឲ្យ​ជន​រងគ្រោះ ឈ្មោះ ឃាន សុខ​លាន ភេទស្រីអាយុ៤៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដូងឃុំថ្មពេជ្រ ស្រុក​​ខេត្ត​ត្បូង​ឃ្មុំ ។ ខណៈ​ពេល​មក​ដល់​ឃើញ​ផ្ទះ​ស្ងាត់​ខុស​ពី​ធម្មតា មិន​ឃើញ​បើក​ទ្វារ​លក់​ដូរ ដូច​សព្វ​ដង ហើយ​គាត់​ដើរ​ចូល ដល់ក្រោម​ផ្ទះ​ឃើ​ញ​មាន​ស្នាម​ឈាម​ហូរ តាម​សរសរ​ផ្ទះ ហើយ​បាន​ឡើង​ទៅ​លើ​ផ្ទះ រុញទ្វារចូល​ទៅ​​ឃើញ​ជន​រង​គ្រោះ ដេក​ស្លាប់​ទាំង​អស់​មាន​ម្ដាយ និង​កូន​ប្រុស​២​នាក់​ទៀត ។

កម្លាំង​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ សហការ​ជា​មួយ​កម្លាំង​ជំនាញ នៃអធិកា​រ​ដ្ឋាន​នគរបាល​ស្រុក​ត្បូង​ឃ្មុំ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ថ្ម​ពេជ្រ ចុះ​ដល់​កន្លែង​កើត​ហេតុ ធ្វើការ​ស្រាវ​ជ្រាវ និងសន្និដ្ឋាន​ថា ជន​រងគ្រោះ​អាច​ស្លាប់ ចន្លោះម៉ោង​១២និង​០០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែ​មីនាឆ្នាំ២០១៨ ឈា​នចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨។ បច្ចុប្បន្ន​ជំនាញ​កំពុង​ធ្វើការ​ស្រាវ​ជ្រាវ កសាង​សំនុំ​រឿង​តាម​នីតិវិធី ៕