បុរស​៣​នាក់ ស្លាប់​ភ្លាម​មួយ​រំពេច ក្រោយ​ជិះ​ម៉ូតូ​បុក​រថយន្ត​ដឹក​ដី​ពេញ​ទំហឹង

សៀមរាប៖ បុរស​៣​នាក់ស្លាប់​ភ្លាម​ៗ​នៅ​នឹង​ក​ន្លែង ក្រោយ​ជិះ​ម៉ូតូ​លឿន​ដូច​ហោះ ជ្រុល​បុក​រថយន្ត​ដឹកដី​ពេញ​ទំហឹង កាល​ពី​វេលា​ម៉ោង៦ និង​២០​នាទីព្រលប់ ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ២០​១​៨ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦A ស្ថិតក្នុង​ភូមិ​ត្រាង ឃុំ​កណ្តែក ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប ។

ជនរងគ្រោះ​ស្លាប់​បាត់​បង់​ជីវិតទី១.​ឈ្មោះ ហ៊ាប កឹង ភេទប្រុស អាយុ២៦ឆ្នាំ មាន​ទី​លំ​នៅ​បច្ចុប្បន្នភូមិស្វាយជ័យ ឃុំត្រពាំងធំ​ ស្រុក​ប្រាសាទបាគង ទី២.ឈ្មោះ លើត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ ចំណែ​កជនរងគ្រោះទី៣.ឈ្មោះ វ៉ាន់ ភេទប្រុស អា​យុ​២៣ឆ្នាំ រស់នៅភូមិពង្រ ឃុំកន្ត្រាំង ស្រុ​ក​ប្រាសាទបាគង។

ប្រភព​ព័ត៌មាន​បានឲ្យ​ដឹង​ថា មុនពេល​កើត​ហេ​តុ​គេ​ឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុង​ដា​ឌ្រីម សេ​១​២​៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់​ដំបង 1E-4635 ជិះ​គ្នា​៣​នាក់ ធ្វើដំណើរ​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត លុះ​មក​ដល់​ចំណុច​កើត​ហេតុ ម៉ូតូបាន​ជ្រុល​ផុត​គន្លង​ផ្លូវ​អា​ទិភាព ទៅបុកជា​មួយ​រថយន្ត​ដឹ​ក​ដី​១​គ្រឿង ម៉ាក​KIA ពណ៌ស​ពាក់​ស្លាក​លេខ សៀ​មរាប 3A-2068 ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុ​ង​ទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង បណ្តា​លឲ្យស្លា​ប់ទាំង៣នាក់ភ្លាមៗនៅនឹងកន្លែង។ ចំណែក​អ្នក​បើកបរ​រថយន្ត ក្រោ​យ​ឃើញ​ស​ភា​ព​មិន​ស្រួល បានចុះ​ពីលើ​រថយន្ត​រត់​គេច​ខ្លួ​ន​បា​ត់​ស្រមោល ។

ក្រោយ​កើត​ហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​វាស់​វែ​ង និង​អូស​យក​មធ្យោ​បាយ​ធ្វើ​ដំណើរ​ទាំង​​២​គ្រឿ​ង​ទៅ​រក្សា​ទុក​បណ្តោះ​អាសន្ន ខណៈ​សាក​សព សមត្ថកិច្ច​ទំនាក់ទំនង​ទៅក្រុម​គ្រួសារ​ឲ្យ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕