លោក​ចៅ​ក្រម ថាន់ ឡេង សម្រេចដោះ​លែង​ស្ត្រី​ជា​ចោរ​លួច​ម៉ូតូ​ម្នាក់ ដោយ​ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលា​ការ

ភ្នំពេញ៖ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ព្រហ្ម​ទ​ណ្ឌ​​ខណ្ឌ​សែន​សុខ​បាន​ឱ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨​ម្សិល​មិញ លោក ថាន់ ឡេង ចៅ​ក្រម​ស៊ើប​សួរ នៃសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បានសម្រេច​ដោះ​លែង​ស្ត្រី​ត្រូវ​ចោទ​ម្នាក់​ដែល​ជា​ចោរ​លួច​ម៉ូូតូ ឱ្យត្រលប់​ទៅ​ផ្ទះ​វិញ ដោយ​បាន​សម្រេច​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោ​ម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ។

ប្រភព​បន្ថែម​ថា លោក ស៊ឺ មុនីរ័ត្ន ជាតំណាង​អយ្យ​ការ​បាន បើក​ការ​ស៊ើប​សួរ និងសម្រេច​ចោទ​ប្រកាន់​លើ​ឈ្មោះ ឈ្មោះ ផូ សុខលី ភេទ​ស្រី អាយុ៤៩ឆ្នាំ មុខរបរ មេផ្ទះស្នាក់នៅ​ភូមិ​ត្រ​ពាំ​ងរាំង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្ត​តាកែវ ពី​បទ លួច (លួចយកម៉ូតូ) ប្រព្រឹត្ត​នៅច​ណុច​ក្នុង​ការ​ដ្ឋា​ន​សំណង់ ផ្លូវ​១០០៧ ភូមិ​ឧកញ្ញាវាំង សង្កា​ត់​ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ កាល​ព្រឹក​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៨ យោង​តាម​មាត្រា ៣៥៣ និង​មាត្រា ៣៥៦ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។

បើ​តាម​របាយ​ការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជា​ក់​ថា នៅ​ថ្ងៃ​កើត​ហេតុ​ខាង​លើ ជនរងគ្រោះ​ឈ្មោះ សុខ ឌីណា ភេទ​ប្រុស អាយុ ២៨ឆ្នាំ មុខរបរ បុគ្គលិក​ក្រុម​ហ៊ុន​ឯកជន ស្នាក់នៅ​ផ្ទះ​លេខ១ ផ្លូវ​លំ ភូមិ​ព្រៃព្រីងខាងជើង សង្កាត់​ចោ​ម​ចៅ ខណ្ឌពោធិ៍សែនជ័យ បានជិះ​ម៉ូតូ​រប​ស់​ខ្លួន​ម៉ាក ZOOMER សេរីឆ្នាំ២០១៦ ពណ៌​ស​ពាក់ស្លាកលេខ​ភ្នំពេញ1GE-2335ទៅ​​កន្លែ​ងកើតហេតុ ដោយ​ទុក​ម៉ូតូ​របស់​ខ្លួន​នៅ​មុខ​រ​ប​ង រួច​ជនរងគ្រោះ​បាន​ឡើង​លើ​ការ​ដ្ឋាន​សំ​ណ​ង់ ដើរ​មើល​ការ​ងារ ។
នៅ​ពេល​ជន​រងគ្រោះ ចុះពីមើលការងារ​លើ​ការ​ដ្ឋាន​សំណង់​វិញ ស្រាប់​តែ​បាត់​ម៉ូតូមិន​ឃើញ​របស់​ខ្លួន បន្ទាប់​មកជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី ។ លុះ​ដល់​ល្ងាច​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ២០១៨ ជន​រង​គ្រោះ​បាន​ប្រទះ​ឃើញ​ម៉ូតូ​របស់​ខ្លួន​ដែល​បាន​បាត់​នោះ​នៅ​ចំណុច​ផ្ទះ​លេខ ១០៧ ផ្លូវ​លេខ​០១​បូរី​ពិភពថ្មី ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌពោធិ៍សែនជ័យ តាម​រយៈ​ប្រពន្ធ័​GPS ។ ក្រោយ​មកជនរងគ្រោះ​បាន​រាយការណ៍​ទៅ​ស​មត្ថកិច្ច​សង្កាត់​កន្ទោក ឱ្យជួយឃាត់​ខ្លួន​ជន​ស​ង្ស័​យ និង​ដកហូតម៉ូតូប្រគល់ទៅឲ្យ​សមត្ថកិច្ច​​រដ្ឋបាលប៉ុស្តិ៍ភ្នំពេញថ្មី ចាត់ការតាមផ្លូវច្បាប់។

ប៉ុន្តែ​នៅ​ពេល​សមត្ថកិច្ច​កសាងសំណុំរឿង​ប​ញ្ជូ​ន​ទៅ​ដល់​តុលាការ​ស្ត្រីជាចោរ​លួច​ម៉ូតូ​ខាង​លើ មាន​ឱកាស​បាន​ទៅ​វិញ​ដដែល ៕