ឆក់​មិន​បាន​សម្រេច​ហើយ ដួល​ម៉ូតូ​បាក់​ជើង​ទាំង​សង​ខាង​ម្នាក់ និង​ម្នាក់​ទៀត​គេច​ខ្លួន​បាត់

រាជធានីភ្នំពេញ៖ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំ​ណោ​ម​បក្ខ​ពួក​ពីរ​នាក់ បានរង​របួស​បាក់​ជើង​ទាំង​សង​ខាង និងម្នាក់ទៀត​គេច​ខ្លួន​បាត់​ស្រមោល ក្រោយពីធ្វើ​សកម្មភាព​ឆក់​ទូរសព្ទ​ដៃ​ពីបុរស​ម្នាក់​ដែល​ជិះ​ក្នុង​រឺុម៉ក់​ម៉ូតូ​ឡាំ​ប្រឺតា បណ្ដាល​ឲ្យរឺម៉ក​ម៉ូតូ​ឡាំ​ប្រឺតា​ក្រ​ឡា​ប់​ផ្ងារ​ជើង និងម៉ូតូ​ជនសង្ស័យ​ដួល​ខ្ទេ​ច​មួយ​កំណាត់​មុខ ។
ក្នុង​ហេតុ​ការណ៍​នេះ​ដែរ បានបង្កឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ និងសមត្ថ​កិ​ច្ច​ជាខ្លាំង​កាល​ពីវេលាម៉ោង​២២​និង​៣០​នាទី​ថ្ងៃ​ទី​២៧ ខែ​មីនា​ឆ្នាំ​២០១៨ នៅចំ​ណុ​ចខាងមុខទីស្ដីការគណៈរដ្ឋមន្ត្រីតាមបណ្ដោ​​យ​មហាវិថីសហព័ន្ធរុស្សុី ស្ថិត​ក្នុង​សង្កាត់​មនោរម្យ ខណ្ឌ៧មករា រាជធា​នី​ភ្នំពេញ ។
យោងតាមការរៀបរាប់ពីអ្នកបើករឺុម៉កម៉ូតូឡាំ​ប្រឺតា បានប្រាប់ឲ្យដឹងថា នៅមុនពេល​កើត​ហេតុ​គឺ រូបបានគាត់ដឹកបុរស​ម្នាក់ជា​ជន​រងគ្រោះគោលបំណងទៅផ្សារាត្រី ដោ​យធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីទិសដៅពីលិចទៅកើត ខណៈ​ពេ​ល​ដែលជិះមកដល់​ចំណុច​កើត​ហេតុ ស្រា​ប់​តែ​លេច​មុខជន​សង្ស័យ​មួយ​ក្រុម​មាន​បី​ម៉ូតូ ក្នុង​នោះ​មាន​ម៉ូតូ​គ្រឿង​ម៉ាក ស៊ុយស៊ូ​គី​ឡែត ពាក់​ស្លាក​លេខ ភ្នំពេញ1GJ​-1​7​29 ដែល​ជិះ​គ្នាពីរនាក់​ធ្វើ​សកម្មភាព​ឆក់​ទូ​រស​ព្ទ​ពីភ្ញៀវ​ដែល​ជិះ​ខាង​ក្រោយ​គាត់ តែ​ត្រូវ​បាន​ជនរងគ្រោះ​កន្ធាក់​បាន​មក​វិញ ឯ​ម៉ូតូ​ជន​សង្ស័យ​បាន​ទាក់​ដៃ​ចង្កូត​ជា​មួយ​រុឺម៉ក​ម៉ូតូ​ឡាំ​ប្រឺតា បណ្ដាលឲ្យ​ក្រឡាប់​ផ្ងារ​ជើង​រង​របួសស្រាល​ទាំង​អ្នកបើក​និង​អ្នក​ជិះ រីឯម៉ូតូ​ជន​សង្ស័យ​បាន​ដួល​អូស​ប្រ​ហែ​ល២០ម៉ែត្រ បណ្ដាល​ឲ្យជនសង្ស័យ​ម្នាក់​របួស​បាក់​ជើង​ទាំង​សង​ខាង និងម្នាក់​រត់​ឡើង​ម៉ូតូ​ពីរ​គ្រឿង​ទៀត​ជិះ​គេច​ខ្លួន​បាត់​ស្រ​មោ​ល ។
ក្រោយ​កើត​ហេតុ ជនសង្ស័យ​ត្រូវ​បាន​ស​ម​ត្ថកិច្ច​ដាក់​ខ្នោះ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល​ម៉ែត្រ ទើបកសាង​សំណុំ​រឿង​នៅ​ពេល​ក្រោយ។ ចំណែកជន​រង​គ្រោះ​សមត្ថកិច្ច​នាំ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​មនោរម្យ ដើម្បី​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការ​ទៅ​តាម​ផ្លូវ​ច្បាប់ ៕