ជិះ​ម៉ូតូ​បុក​រថយន្ត​បត់​ឆ្លង​ផ្លូវ​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​ពាក់​កណ្ដាល​ផ្លូវ

ភ្នំពេញ៖ បុរសម្នាក់​ជិះ​ម៉ូតូ​លឿន​មិន​ប្រ​យ័ត្ន​ជ្រុល​ទៅ​បុក​រថយន្ត​លិច​សុីស​RX​40​0​ស្លាប់​បាត់​ជីវិត ខណៈ​ពេល​បញ្ជូន​ទៅ​ស​ង្ក្រោះ​​ដល់​ពាក់​កណ្ដាល​ផ្លូវ ។ ហេតុ​ការណ៍​​នេះបាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិនា ឆ្នាំ២០​១៨ នៅតាម​បណ្ដោយ​ផ្លូវ​បេតុង​វត្តសំបួរ ភូមិម័រ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជន​រងគ្រោះ​មាន​ឈ្មោះ ព្រុំ សារបឿន ហៅ តាក់ ភេទប្រុស​២៣​ឆ្នាំ មុខរបរ​កម្មករោង​ចក្រ ស្នាក់​នៅ​ផ្ទះ​ជួល​ សង្កាត់​ចោម​ចៅ១ ខណ្ឌ​ពោធិ៍សែនជ័យ មានស្រុកកំណើត​ខេត្ត​ស្វាយ​រៀង ។

យោង​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើត​ហេតុ​គេ​ឃើ​ញ​បុរស​រងគ្រោះ​ជិះ​ម៉ូតូ​ធំ​ម៉ាក អឹម​ស្លា​ស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GO-​2121​បើក​តាម​បណ្ដោយ​ផ្លូវ​បេតុ​ងទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​មិន​ប្រយ័ត្ន ក៏ ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​សុីស​400​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AT-8979 បើក​បរ​ពី​លិច​ទៅ​កើត​បត់​ឆ្វេង​ចូល​បុរី​​ក៏​ត្រូវ​ម៉ូតូ​បុក​តែម្ដង​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​រ​ង​របួស​ធ្ងន់​ភ្លាមៗ ត្រូវ​បាន​រថយន្ត​សង្ក្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​តែ​អកុសល​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត​ពាក់​កណ្ដាល​ផ្លូវ ។ ចំណែក​អ្នក​បើក​រថយន្ត​រត់​គេច​ខ្លួន​បាត់ ។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​​ទៅ​ដល់​កន្លែង​កើត​ហេតុ​វាស់​វែង និង​ធ្វើ​កំណត់​ហេតុ​ប្រគល់​សពជនរងគ្រោះ​អោយ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តា​ម​ប្រពៃណី ។ ចំណែក​រថយន្ត​និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ គោក នៃ ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ រង់​ចាំ​ដោះ​ស្រាយ​ពេល​ក្រោយ ៕