តុលាការ​សម្រេច​ឃុំ​ខ្លួន​ស្ត្រីម្នាក់ ក្រោយ​រក​ឃើញ​ថា បាន​ដាក់​ថ្នាំ​សម្លា​ប់ប្តីដើម ស្រ​វ៉ា​ប្តី​ថ្មី

ភ្នំពេញ៖ យោង​តាម​ប្រភព​ពី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ២០១៨​ម្សិល​មិញ លោក យិន សារឿន ចៅក្រម​ស៊ើប​សួរ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកា បង្គាប់ឱ្យ​ឃុំ​ខ្លួន​ស្ត្រី​ម្នាក់​ជា​បណ្តោះ​អាសន្ន ពាក់​ព័ន្ធ​ករណី ប៉ុន​ប៉ង​ឃាតកម្ម​ដាក់​ថ្នាំ​បំពុល​សម្លាប់​ប្តី​ដើ​ម ។

យោង​តាម​ប្រភព​ដដែល បានបញ្ជាក់​បន្ថែ​ម​ថា លោក ស៊ឺ មុនីរ័ត្ន ជាតំណាង​អយ្យ​កា​រ បាន​បើក​ការ​ស៊ើប​សួរ និងសម្រេច​ចោទ​ប្រកាន់​លើ​ឈ្មោះ ម៉េត ជិន ភេទស្រី អាយុ ៣៨ឆ្នាំ ទី​លំ​នៅ​ផ្ទះ​ជួល​លេខ​១៦ ភូមិតា​​ងួ​ន សង្កាត់កា កាប ខណ្ឌពោធិសែន ជ័យ​រាជធានី​ភ្នំពេញ មុខ​របរ រកស៊ីលក់ដូរ ពី​បទ ប៉ុន​ប៉ង​ឃាត​កម្ម ដោយ​ប្រើ​ថ្នាំពុល និង​បោះ​បង់​អនីតិជន លើ​ប្តី​ឈ្មោះ ស៊ឹម ស៊ុយ ភេទប្រុស អាយុ ៤០ឆ្នាំ យោង​តាម​មាត្រា ២៧ មាត្រា ២០១ និងមាត្រា ៣​២​១ នៃ​ក្រម​ព្រហ្មទណ្ឌ ។

គួររំលឹក​ថា សមត្ថកិច្ច​កងរាជអាវុធ​ហត្ថ​រា​ជ​ធានី​ភ្នំពេញ បាន​ចាប់​ខ្លួន ជនត្រូវ​ចោទ​ខា​ង​លើ​កាល​ពី​ថ្ងៃ​ទី២៤ ខែ​មីនា ឆ្នាំ​២០១​៨ ក្រោយ​ពីសមត្ថកិច្ច​ទទួល​ពាក្យ​បណ្តឹង​របស់​ជនរងគ្រោះ​ជា​ប្តី ថាជនត្រូវ​ចោទ​ជា​ប្រពន្ធ បាន​ដាក់​ថ្នាំ​ពុល​ប៉ុន​ប៉ង​សម្លាប់ និង​បាន​លួច​លុយ​រត់​គេច​ខ្លួន​ទៅ​តាម​ប្រុ​ស​ថ្មី ជាអ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ​កាត់​ដេរ ៕