នារី​រូប​ស្រស់​ម្នាក់​បើក​រថយន្ត​ព្រុស​ ប្រលះ​កង់​បី​ឥណ្ឌាស្លាប់​ម្នាក់​របួស​ម្នាក់

ភ្នំពេញ​៖ នារីរូបស្រស់​បើក​រថយន្ត​ព្រុស​យ៉ា​ង​លឿន ទៅបុក​កង់បី​ឥណ្ឌា​កំពុង​ដឹក​ភ្ញៀវ​ចំ​ពីចំហៀង​បណ្តាល​ឲ្យ​បុរស​បរទេស​ម្នាក់​ទៀត​របួសធ្ងន់ និងស្ត្រីម្នាក់ស្លាប់​បោ​ក​ក្បាលនឹង​ថ្នល់ស្លាប់​ក្រោយពី​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ហេតុការណ៍​នេះ​កើត​​ឡើ​​ង​កាល​ពីវេលាម៉ោង០​១និង ៤០​នាទី​រំល​ង​អាធ្រាត្រ​ ឈានចូលថ្ងៃទី២០ ខែមិនា​ ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ស្តុប​ទន្លេ​បាសាក់ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង កែង​ផ្លូវ​១៦៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំកាមន​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេ​ឃើញកង់បីឥណ្ឌាមួយគ្រឿងដឹកភ្ញៀវ២នាក់ ធ្វើដំណើរ​តាមបណ្តោយផ្លូវ១៦៣ ទិស​ដៅ​ពីជើងទៅត្បូង លុះមកដល់ចំណុច​កើ​​តហេតុ​ ស្រាប់តែមានរថយន្ត​Prius ព​ណ៌​កណ្ដុរប្រមេះ​​មួយគ្រឿង មិនមាន​ស្លា​ក​លេ​​ខ បើកបរ​ដោយ​យុរវតី​រូប​ស្រស់​ម្នាក់ ទិស​ដៅ​ពី​លិច​ទៅ​កើត ទៅបុកកង់​បី​ឥ​ណ្ឌា​ពេ​ញ​ទំហឹង បណ្តាលឲ្យស្ត្រី​ម្នាក់ដែលជិះ​បោ​ក​ក្បាលនឹង​ដែក​កង់​បី​ស្លាប់ ។
នារីរូបស្រស់ជាអ្នកបើករថយន្តបង្កហេតុមាន​ឈ្មោះ ងួន ស្រីនិច ភេទស្រី​ អាយុ​២​១​ឆ្នាំ ត្រូវបានសមត្ថកិច្ចនាំ​ទៅធ្វើការ​សា​​ក​សួ​រនៅប៉ុស្តិ៍នគរបាលទួលទំពូង១ ក្រោយ​មក​មិន​ដឹងយ៉ាងម៉េច​ក៏ត្រូវបានសន្លប់​បាត់​ស្មារតី​ឈឹង ហើយត្រូវបានសមត្ថកិច្ច​និង​ក្រុម​គ្រួសារ​នាំ​ទៅ​មន្ទីរពេទ្យ បុរស​បរទេ​ស​ដែល​រងរបួសធ្ងន់​នៅ​មិន​ស្គា​ល់​អត្តស​ញ្ញា​ណ​នោះ​ទេ​ត្រូវបានរ​ថ​យន្ត​គិលាន​ស​ង្គ្រោះ​គ្លីនិកឯក​ជនដឹក​ទៅ​មន្ទី​​រ​ពេទ្យ ។ ស្រ្តីរងគ្រោះមានឈ្មោះ តាក់ ចន្នី អាយុ​៣​៨​ឆ្នាំ មុខរបរ​អ្នកចម្រៀង​ រ៉ុកខេនរ៉ូល នៅ​ហាង​បារាំង ស្នាក់​នៅ​ម្ដុំ​ផ្សារទួលទំពូង និង​មាន​ស្រុក​កំណើតនៅស្រុកកំពង់ត្របែក ខេ​ត្ត​ព្រៃវែង​ ។ ស្ត្រីរងគ្រោះមានកូន​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់ ក្នុង​បន្ទុក ។
ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ចក៏​បាន​ម​ក​ដល់​កន្លែង​កើត​ហេតុ ទាក់ទងសមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ចុះមកធ្វើការ​វាស់​វែ​ង​ រួចរថយន្ត​និងកង់​បីឥ​ណ្ឌា​ទៅ​រក្សា​ទុក​នៅ​​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​​រាជធានី​ភ្នំពេញ​ រង​ចាំ​ភាគី​ទាំងសងខាងធ្វេីកា​រដោះស្រាយ​​គ្នា​នៅ​ពេលក្រោយ​ និងធ្វើកំណត់ហេតុ​ប្រគ​ល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ យកធ្វើបុណ្យ​ទៅ​តាមប្រពៃណី៕