អធិការ​ខណ្ឌ​សែន​សុខ ថា​មាន​ក្មេង​លង់​ទឹក​ស្លាប់ នៅ​អាង​ហែល​ទឹក ហ្គ្រេន​ភ្នំពេ​ញ​មែន

ភ្នំពេញ៖ លោក ហួរ ម៉េងវ៉ាង អធិការនគរ​បាល​ខណ្ឌ​សែន​សុខ បាន​ថ្លែង​ប្រាប់ តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០​១៨​នេះ​ថា ពិតជា​មាន​ក្មេង​ប្រុស​ម្នាក់​លង់​ទឹក​ស្លាប់​នៅ​ក្នុង​អាង​ហែល​ទឹក យី​ហោ ពិភព​ទឹក​ដ៏​អស្ចារ្យ (Fantastic Water World) ដែល​មាន​ទី​តាំង​នៅ ហ្គ្រេ​ន​ភ្នំពេញ សង្កាត់​ឃ្មួញ ខណ្ឌសែន​សុ​ខ រាជធានី​ភ្នំពេញ ប្រាកដ​មែន។

លោក​អធិការ​រូប​នេះ​បាន​បញ្ជាក់​ថា ករណី​ក្មេង​លង់​ស្លាប់​នេះ បានកើត​ឡើង​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ទី​១១ ខែមីនា ឆ្នាំ២​០​១៨​ម្សិល​មិញ ប៉ុន្តែ​ភ្លាម​ៗ គឺខាងម្ចាស់​ទី​តាំង​មិន​បាន​សហការ​ផ្តល់​ព័ត៌​មាន​ឱ្យ​ស​ម​ត្ថកិច្ចដឹង​នោះ​ទេ ទាល់​តែ​អ្នក​សារព័ត៌​មាន ហៅ​ទូរស័ព្ទ​ទៅ​សួរ​លោក​ពី​រឿង​នេះ ទើប​លោក​បាន​ចាត់កម្លាំងជំនាញ​ឱ្យចុះ​ទៅ​ស្រា​វ​ជ្រាវ ។

លោក ហួរ ម៉េងវ៉ាង បន្ដថា ក្រោយ​សាក​សួរ​ម្ចាស់ទីតាំង សមត្ថកិច្ចរបស់លោក​បា​នរកឃើញថា ពិតជាមានក្មេង​ប្រុស​ម្នា​ក់​បាន​លង់ទឹក នៅក្នុងអាងហែលទឹក ដែល​មាន​ទី​តាំង​ខាង​លើ​មែន ហើយក្មេងរង​គ្រោះ​ត្រូវ​បាន ក្រុមគ្រួសារបញ្ជូន​ទៅ​ស​ង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ជាអកុស​ល​ក្មេងប្រុសនោះបានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនោះ។

លោកថា មកដល់ពេលនេះសមត្ថកិច្ច​នៅ​មិន​ទាន់អាច​ស្រាវជ្រាវ​រកក្រុមគ្រួសារ​ជន​រង​គ្រោះ​ឃើញ​នៅ​ឡើយ​ទេ ។ យោង​តាម​សេចក្តី​រា​យការណ៍​ពី​ប្រជាពលរដ្ឋ​ដែល នៅ​កន្លែង​កើត​ហេតុ និងជាអ្នកជួយ​ស​ង្គ្រោះ​​ក្មេងដែលលង់ទឹកនោះផង បាន​ឱ្យ​ដឹង​ថា ក្មេងរងគ្រោះមានភេទប្រុស អាយុ​ប្រហែល​៥​ទៅ​៦ឆ្នាំ បានទៅហែល​ទឹក​លេ​ង​ជាមួយម្តាយមីងម្នាក់ ក្រោយពី​ហែល​ទឹ​ក​លេង​បាន​មួយ​សន្ទុះ នៅម៉ោង​ប្រហែ​ល​ជា​២រ​សៀល​ក្មេង​នោះ​បាន​លង់​ទឹក ។

ភ្លាមៗ​នោះ​ពលរដ្ឋ​ដែល​នៅ​លេង​ក្បែរ​នោះ​បាន​ព្យាយាម​ជួយ​សង្គ្រោះ​ដែរ ប៉ុន្តែ​គ្មាន​សមត្ថ​ភាព​ជួយ ក៏បានត្រឹម​តែ​ជួយ​ដឹក​យ​ក​ក្មេង​រងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែនៅពេលដល់មន្ទីរពេទ្យ គន្ធបុប្ផា គ្រូពេ​ទ្យ​ក្មេង​ប្រុស​នោះ​បាន​ស្លាប់​បាត់ទៅ​ហើយ ។ ពលរដ្ឋ​ដែល​នៅ​កន្លែង​កើតហេតុបាន​រិះ​គន់​ថា ទី​តាំង​អាង​ហែល​ទឹក យីហោ ពិភ​​ព​​ទឹក​​ដ៏​អស្ចារ្យ (Fantastic Water World) នៅ ហ្គ្រេនភ្នំពេញ នេះបាន​ល​ក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ជាកុមារ ៥ ទៅ​៦​ដុល្លារ ប៉ុ​ន្តែ​​គ្មាន​បាន​ដាក់​សន្តិ​សុខ ឬបុគ្គលិកឱ្យ​ចាំ​មើលក្មេងហែលទឹកក្រែងមានករណីលង់ទឹកនោះទេ ហើយនៅ​ពេលមាន​ក្មេង​លង់​ទឹ​ក បែប​នេះ ម្ចាស់ទីតាំងបែរ​ជាមិន​មាន​អ្នក​ជំនាញ​ជួយ​សង្គ្រោះ​ក្មេង​ឡើយ មាន​តែ​ខំបិទបាំង​ព័ត៌មានកុំ​ឱ្យ​បែក​ធ្លាយ​ទៅវិ​ញ ។

ពាក់ព័ន្ធនឹងបញ្ហានេះ ដំណឹងយប់មិញ បា ន​ហៅទូ​រស័ព្ទទៅសាកសួរ ម្តាយមីង​របស់​កុមារ​រងគ្រោះ ប៉ុន្តែ​ស្ត្រី​រូប​នេះ​បាន​ឆ្លើយ​ថា ពេល​នេះ​នាង​កំពុង​តែ​មាន​អារម្មណ៍​មិន​ល្អ ដូច្នេះ​នាង​មិន​ចង់​និយាយ​អ្វី​ឡើយ ក៏បិទ​ទូរ​ស័​ព្ទ​ទៅ ។ ដោយ​ឡែក​ ដំណឹង​យប់​មិញ បានព្យាយា​ម​សុំការបញ្ជាក់ពី ភាគីម្ចាស់ អាងហែល​ទឹ​ក យីហោ ពិភពទឹកដ៏អស្ចារ្យ (Fanta​st​ic Water Word) ដែលមានទីតាំងនៅ ហ្គ្រេនភ្នំពេញ ផងដែរ តែហៅទូរស័ព្ទ​ចូល​លើ​ក​ទី១​ហើយ​គ្មាន​អ្នក​ទទួល និង​ហៅ​ទៅ​​លើក​ក្រោយទូរស័ព្ទ​មិន​អាច​ទាក់​ទង​បាន ៕

រូបភាព៖ ពលរដ្ឋ