បុរស​ម្នាក់​ផឹក​សាំង​បញ្ចប់​ជីវិត ប្រកាច់​បែក​ពពុះ​មាត់

ភ្នំពេញ៖ បុរស​ម្នាក់ ដើរតែ​ឯង​ដៃ​កាន់​ដប​ទឹក​សុទ្ធ​ដែល​មាន​ច្រក​សាំង​កន្លះ​ដប រួច​ដើរ​មក​អង្គុយ​ក្រោម​ដើម​ឈើ​មួយ​កន្លែង ស្រាប់​តែ​អង្គុយ​បាន​មួយ​សន្ទុះ គាត់ក៏​បាន​ផឹក​សាំង​ដែល​ច្រក​ក្នុង​ដប​ទឹក​សុទ្ធ បណ្ដា​ល​ឲ្យ​ដួល​បែក​ពពុះ​មាត់ បង្កការភ្ញាក់​ផ្អើល​ទាំង​កណ្ដាល​ថ្ងៃ កាល​ពី​វេលា​ម៉ោង​១១ថ្ងៃ​ត្រង់​ ថ្ងៃទី១២ ខែមីនា​ ឆ្នាំ​២០១៨នេះ នៅ​ចំណុច​ទល់​មុខ​​សកល​វិទ្យា​ល័យ​ ISPP តាម​ផ្លូវ​៦០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​ទួល​រកា ស​ង្កា​ត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ ។

ប្រជាការពារ​ខណ្ឌ​មាន​ជ័យ និង​ជា​អ្នក​ឃើ​ញ​ហេតុ​ការណ៍​​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុ​ន​​ពេល​កើត​ហេតុ​ គាត់បាន​ឃើញ​បុរស​ម្នា​ក់ ដើរតែឯងទាំងទឹកមុខ​ស្រងូត​ស្រងា​ត់ សង្ស័យ​មាន​វិបត្តិ​អ្វី​ក៏​មិន​ដឹង និងដៃ​កាន់​ដប​ទឹក​កន្លះ​ដប​ ដោយមិន​ដឹង​ជា​ដប​នោះ​ច្រក​សាំង​ទេ ហើយ​ក៏មិនមែន​ជា​អ្នក​រស់​នៅ​​ក្នុង​ភូមិ​នេះ​ដែរ ហើយក៏ដើរទៅ​អង្គុយ​ក្រោ​ម​ម្លប់ដើមឈើមួយកន្លែង​ នៅទល់​មុ​ខ​ច្រក​ចូល​សកល​វិទ្យា​ល័យ ISPP ផ្លូវ៦០​ម៉ែ​ត្រ​ មួយសន្ទុះ​ក្រោយមកបុរស​ខាង​លើ​នោះ បាន​ទាញ​ដប​សាំង​នោះ​ផឹក បណ្ដា​ល​ឲ្យ​ដួល​បែក​ពពុះ​មាត់ បង្កការភ្ញាក់​ផ្អើល​ដល់​ប្រជាការពារ​ខណ្ឌ​មាន​ជ័យ និងសម​ត្ថ​កិច្ចចុះ​មក​កន្លែង​កើតហេតុ ។ បុរស​រងគ្រោះ​​ដោយ​សារ​ផឹក​សាំង​ខាង​លើ មិនស្គាល់អត្តសញ្ញាណទេ ត្រូវបាន​សមត្ថ​កិច្ច​ហៅ​រថយន្តសង្គ្រោះ​បន្ទាន់​មណ្ឌល​សុ​ខ​ភាព​ចាក់​អង្រែ មកដឹកទៅសង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ​រុស្ស៊ី​រួច​ហើយ ៕