ទី​​បំផុត​​អស់​​លក្ខណ៍​​ចោរ​​ប្លន់​ប្រដាប់​អាវុធ​៦​នាក់​ ជាប់​​ទ្រុង​​សារិកា​

កណ្ដាល​៖​ ចោរ​​ប្លន់​​ប្រដាប់​​អាវុធ​៦​នាក់​ ដែ​ល​​ធ្វើ​​សកម្មភាព​​ប្លន់​​ឥត​​ល្ហែ​ ពិសេស​តាម​​ផ្លូវ​​ជាតិ​​លេខ​​២​ ឥឡូវ​​អស់​​លក្ខណ៍​​ត្រូវ​បាន​​នគរ បាល​​ព្រហ្ម​ទណ្ឌ​​កម្រិត​​ធ្ងន់​​នៃ​ស្ន​ង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​កណ្ដាល​ ស​ហ​ការ​​ជា​មួយ​​នគរបាល​​ស្រុក​​កណ្ដាល​​ស្ទឹង​ ឃាត់​ខ្លួន​​ជា​​បន្ត​បន្ទាប់​ ។ នគរបាល​​ពុំ​​បាន​​បង្ហើប​​ករណី​​នេះ​​ឱ្យ​​អ្នក​សារ​ព័ត៌​មាន​​ដឹង​ទេ​ តែ​​បើ​​តាម​​ប្រភព​ព័ត៌​មាន​​ច្បាស់ការណ៍​​ថ្លែង​ឱ្យ​ដឹង​ថា​ ចោរ​ប្លន់​ប្រដាប់​អាវុធ​ទាំង​៦នាក់​ ត្រូវ​បាន​បញ្ជូន​មក​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល​ នៅ​ថ្ងៃទី​១២​ ខែ​មីនា​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ។

ចោរ​ប្លន់​ទាំង​នេះឈ្មោះ​ អ៊ិត​ ច័ន្ទ​មន្នី​ ឈ្មោះ​ ជា​ សំណាង​ ឈ្មោះ​ ម៉ូត​ ថៃ​ ឈ្មោះ​ នឹម​ គឹម​ហុង​ ឈ្មោះ​ លិត​ ស៊ីជា​ ឈ្មោះ​ សៀក​ លីហុង​ និង​ បក្ខពួក​ ត្រូវ​បាន​លោក​ ឯក​ ស៊ុន​រស្មី​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល​ ចោទប្រកា​ន់​​ពីបទ”លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោ​យ​​សារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ បទ​ប្រើប្រាស់​ឯកសណ្ឋាន​សាធារណៈ​ក្លែង​ បទ​ចរាចរ​យានជំនិះ​ ដោយ​ប្រើប្រាស់​ផ្លាក​លេខ​ស​ម្គាល់​យានជំនិះ​ក្លែងក្លាយ​”ប្រព្រឹត្ត​នៅ​ភូមិ​ស្រុក​ធំ​ ឃុំ​ជើង​កើប​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ កាលពី​ថ្ងៃទី​៤​ ខែ​មីនា​ ឆ្នាំ​២០១៨​ តាម​មាត្រា​៣៥៧​ ចំណុច​១​ ,​ មា​ត្រា​​៦៣០​ នាំ​ក្រម​ព្រហ្មទណ្ឌ​ និង​ មាត្រា​៧៨​ ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​ ។

ប្រភព​ព័ត៌មាន​ដដែល​ អះអាង​ថា​ ក្រុម​ចោរ​ប្លន់​ទាំង​នេះ​ ធ្វើ​សកម្មភាព​ប្លន់​បាន​សម្រេច​ចំនួន​៤លើក​ នៅ​តាម​ផ្លូវ​ជាតិ​លេខ​២​ ដោយ​មាន​អាវុធ​មួយ​ចំនួន​ជាប់​ខ្លួន​ ដូចជា​ដំបង​ ដាវ​ ដុំថ្ម​ កាំបិត​ ជាដើម​ ។ ក្រោយ​​ការ​​សាក​សួរ​ ចៅ​ក្រម​​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​​សម្រេច​​ឃុំ​​ខ្លួន​ក្រុម​​ចោរ​​ប្លន់​​ទាំង​​នេះ​ ដាក់​​ពន្ធនាគារ​បណ្តោះអាសន្ន​ ៕