ជីតា​រៀន​បើកបរ​ឡាន រេចង្កូត​ជ្រុល​ទៅ​បុក​ចៅ​ស្រី​ផ្ទប់​នឹង​របង​ថ្ម​ស្លាប់​

ភ្នំពេញ​៖ បុរស​ចំណាស់​ម្នាក់ បន្ទាប់ពី​ទើប​នឹង​ទិញ​រថយន្ត​ថ្មី ទុក​គ្រាន់​ដឹក​កូន​ចៅ នឹ​ក​ថា ឲ្យ​ស្រុក​ស្រួល​កាយ​សប្បាយ​ចិត្ត​នឹង​គេ តែ​ផ្ទុយ​ទៅ​វិញ ខណៈ​ដែល​កំពុង​រៀន​បើក​បរ​ដោយ​ខ្លួន​ឯង ទាំងមិន​​មាន​គ្រូ​ប​ង្រៀ​ន​ឡើយ ស្រាប់តែ​កើតមាន​រឿង​អកុ​ស​ល​មួយសម្រាប់​ក្រុម​គ្រួសារ រថយន្តបាន​រេ​ចង្កូត​ជ្រុ​ល​ទៅ​បុក​ចៅ ស្រីខ្លួនឯង២​នាក់​កំ​ពុង​អង្គុយ​លេង​ចិញ្ចើម​ផ្លូវ រុញផ្ទប់ទៅនឹង​រប​ង​ថ្ម​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសស្រាល​ម្នាក់ កាលពីវេលា​ម៉ោង​១០​និង​៣០នា​ទី​ព្រឹ​ក ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ ស្ថិតនៅ​តា​ម​ផ្លូវ​លំ ក្នុង​ភូមិ​ធ្លះ​សណ្តាយ សង្កាត់​ពង​ទឹ​ក ខណ្ឌ​ដង្កោ ។

ក្មេងស្រីរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងឈ្មោះ សំណាង ពិសី អាយុ៥ឆ្នាំ សិស្ស​មត្តេ​យ្យ ជា​កូន​កំព្រា ឪពុក​មាន​ប្រពន្ធ​ផ្សេ​ង​ទៀត រស់​នៅ​ស្រុក​ផ្សេង ម្តាយស្លាប់​ចោ​ល​បាត់ ឈ្មោះ សាវ៉ាត អាយុ៣៥ឆ្នាំ បច្ចុ​ប្ប​ន្ន​រស់​នៅជា​មួយ​ម្តាយ​មីង ឈ្មោះ ថន ស្រី មុំ អាយុ​៣២​ឆ្នាំ មុខរបរ នៅផ្ទះ ភូមិ សង្កាត់កើតហេតុខាងលើ រីឯក្មេងស្រី​ម្នាក់​ទៀត​របួស​ស្រាល អាយុ​៤ឆ្នាំ ក៏ត្រូវ​ជា​បង​ប្អូន​ដែរ ។ ចំណែក​ជីតា​របស់​ក្មេង​ស្រី​រង​គ្រោះ​ហើយ​ជា​អ្នក​បើកបរ​រថយន្ត មាន​ឈ្មោះ ទី បាន ភេទប្រុស អាយុ ៥២ឆ្នាំ មុខ​របរ កសិករ រស់​នៅ​ក្នុង​ភូមិ​កើត​ហេតុ ហើយ​រថយន្ត​បង្ក​ខាង​លើ​ម៉ាក សាំយ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-​37​65 ។ តាម​សាច់​ញាតិ​ជនរងគ្រោះ ​ក៏​ដូច​ជា​សាច់​ញាតិ​អ្នក​បើកបរ​រថយន្ត​បង្ក បាន​ឲ្យ​ដឹង​ថា ក្មេងស្រីរងគ្រោះ​និង​អ្នក​បើក​បរ​រថយន្ត​ត្រូវ​ជា ចៅ តា ជី​ដូន​មួយ រស់​នៅ​ក្បែរ​ខាង​ក្នុង​ភូមិ ហើយរថយន្ត​ជន​បង្ក​ទើប​តែ​ទិញ បាន​ជាង​១០​ថ្ងៃ យកមក​ហើយ​រៀន​បើក​បរ ទាំងមិនមានគ្រូ​បង្រៀ​ន​ឡើយ ពោល​រៀន​បើក​ដោយ​ខ្លួន​ឯង ​ស្រា​ប់​តែ​នៅ​វេលា​ម៉ោង​ខាង​លើ ខណៈ​ដែ​ល​ជីតាកំពុងរៀនបើកបរ បើកក្រឡឹង​តាម​ផ្លូវ​លំ​ក្នុង​ភូមិ​បាន​២ទៅ​៣​ជុំ​ទៅ​ហើយ គ្រា​ដែល​បើក​ចេញ​ពី​ក្រោយ​ភូមិ​មិ​វិញ ពីកើត​ទៅ​លិច ដល់​កន្លែង​កើត​ហេតុ សង្ស័យ​ច្រ​ឡំ​ស្លន់ ហ្គា ថាហ្វ្រាំង ហើយរេចង្កូត​ជ្រុ​ល​ទៅ​ឆ្វេង​ដៃ បុកចៅស្រី២​នាក់​កំពុង​អង្គុ​យ​លេង​ចិញ្ចើម​ផ្លូវ រុញ​ផ្ទប់​នឹង​របងថ្ម បាក់រេ​លំ​ឥដ្ឋ​មួយ​ផ្ទាំង ចៅស្រីម្នាក់​ស្លាប់​ភ្លាម​​ៗ​នៅ​កន្លែ​ង ម្នាក់ទៀតរងរបួសស្រាល ត្រូវ​បា​ន​ក្រុមគ្រួសារ ភ័យស្លន់ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​បាត់ ។

តាម​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​បាន​ឲ្យ​ដឹង​ថា មុ​ន​កើត​ហេតុ ក្មេងស្រីរងគ្រោះ​២នាក់​កំពុង​អង្គុយ​លេង​ចិញ្ចើម​ផ្លូវ ក្នុង​ភូមិ ស្រាប់តែ​នៅ​វេលា​ម៉ោង​ខាង​លើ ស្រាប់​តែ​មាន​រថ​យ​ន្តមួយគ្រឿងម៉ាកសាំយ៉ុង អ្នកបើកបរ​ត្រូវ​បា​នគេ​ស្គាល់ ត្រូវជាជី​តា​របស់​ក្មេង​ខាង​លើ កំពុង​រៀន​បើក​បរ​រថយន្ត ដោយបើក​តាម​ផ្លូវលំក្នុងភូមិពីកើតទៅលិច មិនដឹង​ថា​ស្លន់​បែប​ណា​នោះ​ទេ ទើបរេចង្កូត​ជ្រុល​ទៅ​បុក​ចៅ​ស្រី​ស្លាប់​ម្នាក់ របួស​ស្រាល​ម្នាក់ របង​ថ្ម​បាក់​អស់​មួយ​ផ្ទាំង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើត​ហេតុ ឃាត់​នាំ​ខ្លួន​ជនបង្ក ទៅសាកសួរ​នៅ​ប៉ុស្តិ៍​នគរបា​ល ក្មេង​ស្រីរងគ្រោះ​ស្លាប់​បាត់​ជីវិត​ត្រូវ​បា​ន​ក្រុម​គ្រួសារ លើកបីត្រកង​ទៅផ្ទះ​រង​ចាំ​សមត្ថកិច្ច​ជំនាញ​ពិនិត្យ ក្មេងម្នាក់ទៀត​ក្រុ​ម​គ្រួសារ​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ ។​ ករណី​ខា​ង​លើ ត្រូវបាន​ប្រគល់​ជូននគរបាល​ការិ​យា​ល័យ​ចរាចរណ៍​ផ្លូវ​គោក ស្នងការ​ក្រុង​ភ្នំពេ​ញ ដើម្បីកសាង​សំណុំ​រឿង​ចាត់​ការ​ទៅ​តាម​នីតិ​វិធី ៕