អ្នក​ចូល​រួម​វាយ​កម្ទេច​ឡាន និង អ្នក​បើក​ជិត​ស្លាប់​ម្សិលមិញ កំពុងភ័យខ្លួនហើយ

ភ្នំពេញ៖ ឯក​ឧត្ដម​​នាយ​ឧត្តម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ និងជា​ស្នង​ការ​​នគរបាល​រាជ​ធានីភ្នំពេញ នៅព្រឹកថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌​មាន​ថា ពាក់ព័ន្ធ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែលឈានដល់​ការ​ប្រើ​អំពើ​​ហិង្សា លើបុរស​អ្នក​បើកបរ​រថយ​ន្ត​បង្ក បណ្តាល​ឲ្យ​រង​របួសធ្ងន់ កាលពី​រ​សៀល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ២០១៨​ម្សិល​មិញ នៅ​ម្តុំ​មន្ទីរ​ពេទ្យ​លោក​សង្ឃ, ឯកឧត្ដ​ម​​នាយ​ឧត្ដម​សេនីយ៍​ បានចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច ស្រាវជ្រាវ​រកអ្នកពាក់​ព័ន្ធ​ទាំង​អ​ស់ ដែល​បាន​វាយ​ប៉ង​សម្លាប់ និងកម្ទេច​រថយ​ន្ត​ជន​រងគ្រោះ មកដាក់ទោស​តាម​ច្បាប់ ។

នាយ​ឧត្តម​សេនីយ៍ ជួន សុវណ្ណ បញ្ជាក់​ថា ករណី​គ្រោះ​ថ្នាក់​នេះ អ្នកបើកបរ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែលរត់គេច​ពីក​ន្លែង​កើត​ហេតុ​គឺ​ច្បាប់​ជា​អ្នក​អនុវត្ត ប៉ុន្តែចំ​ពោះ​អ្នក​ដែល​វាយ​អ្នក​បើកបរ ក៏ត្រូវតែទទួល​ទោស​ផង​ដែរ ព្រោះវាជា​អំពើអសីលធម៌​ក្នុង​សង្គម និងមិន​គួរឲ្យ​មាន​កើត​ឡើង​ក្នុង​រូបភាព​បែបនេះ​ទៀត ។

នាយ​ឧត្ដម​សេនីយ៍​​ស្នង​ការ​​បាន​​បញ្ជាក់​ថា «ក្នុង​ករណី​នេះ​យើង​ពិនិត្យ​ឃើញ​ថា ជាប​ទ​ល្មើស​ជាក់​ស្តែង ព្រោះវាជាបទ​ល្មើស​ហឹ​ង្សា​ដោយ​ចេតនា មានស្ថាន​ទម្ងន់​ទោ​ស និ​ង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ក៏មា​ន​ស្ថាន​ទម្ងន់​ទោ​សផង​ដែរ ព្រោះបានបំផ្លា​ញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ជា​ក្រុម ​។ ក្នុងករ​ណី​នេះ​ដែរ ជន​ល្មើស​ដែល​បានបង្កគ្រោះ​ថ្នាក់​ចរាចរណ៍ ទោះ​ជា​បាន​រត់គេចពី​កន្លែ​ង​កើត​ហេតុ ក៏អាស្រ័យដោយ​សារមាន​កា​រ​ភ័យ​ខ្លាច​អំពី​ក្រុម​ជន​បង្ក​រ​ដែរ ។

ប្រសិន​បើ​ជាគាត់បង្ក​ឲ្យមានគ្រោះ​ថ្នាក់​ចរាច​រណ៍ ក៏​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​មាន អី​ចឹង​ស្ថានទម្ងន់ទោសរ​បស់អ្នកបើកបរ​ប​ង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ហើយគេចវេស​ពី​ការ​ទទួល​ខុស​ត្រូវ ច្បាប់មាន​សម្រាប់​ដា​ក់​ទោស​ទណ្ឌ ។ ជា​ទម្លាប់​អសីលធម៌​ក្នុង​សង្គម ប្រជាពលរដ្ឋ​តែងតែតាំង​ខ្លួន​ជា​តុ​លា​ការ ហើយ​ធ្វើ​កាត់​ទោស​​លើ​ជន​បង្ករ ដោយ​ឯក​ចិត្ត គឺ​មិន​ទៅ​តាម​ច្បាប់»៕