ច្រើន​ឆ្នាំ​ស្នេហ៍ស្និទ្ធ កម្លោះ​ប្រែចិត្ត​ភ្ជាប់ ពាក្យ​ស្រី​ថ្មី ក្រមុំ​គិត​ខ្លី​លេបថ្នាំ​សម្លាប់​ខ្លួន

បាត់ដំបង ៖ នាង​ក្រមុំ​ម្នាក់ បាន​លេបថ្នាំ​សម្លាប់​ខ្លួន​ដែល​គេ​សង្ស័យ​ថា ទំនង​មាន​វិបត្តិ​ស្នេហា ហើយ​បាន​ស្លាប់​កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៥ មីនា ស្ថិត​នៅ​ក្នុង​មន្ទីរ​ព្យាបាល «​ហូត​សុ​គុណ​»ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង។​ ហេ​តុ​ការណ៍​នារី​វ័យក្មេង​ផឹកថ្នាំ​ងងុយដេក​ជិត​អស់​១​ទីប ធ្វើ​អត្តឃាត ព្រោះតែ​ទ្រាំ​ឈឺចិត្ត​រឿង​ប្រុស​ស្នេហ៍​ទៅ​ភ្ជាប់ពាក្យ​ជាមួយនឹង​ស្រី​ថ្មី​មិន​បាន​នោះ បាន​កើត​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០១៨ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នារី​គំនិត​ខ្លី​ដែល​ផឹកថ្នាំ​ងងុយដេក​ធ្វើ​អត្តឃាត មានឈ្មោះ​ស៊ី​ញ ហួយ អាយុ​២៥​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ ។

តាម​សម្តី​បុរស​ឈ្មោះ​និ​ត ស៊ី​ញ អាយុ​៥០​ឆ្នាំ ត្រូវជា​ឪពុក​របស់​នារី​រង​គ្រោះ បាន​រៀបរាប់​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៨ នៅ​សុខ​ៗ​កូនស្រី​របស់​គាត់ (​នារី​រង​គ្រោះ​) បាន​ចូល​ទៅ​សម្ងំ​នៅ​ក្នុង​បន្ទប់​លើ​ផ្ទះ ហើយ​បាន​លួច​លេបថ្នាំ​ងងុយដេក ប្រភេទ Bromazepam ជិត​អស់​១​ទីប (​សល់ថ្នាំ​តែ​៣​គ្រាប់​ប៉ុណ្ណោះ​)​។ ក្រោយ​កើតហេតុ ពួក​គាត់​ជា​ក្រុម​គ្រួ​សារបាន​ចូល​ទៅ​បន្ទប់​កូនស្រី ប្រទះ​ឃើញ​កូន​ដេក​ស្តូកស្តឹង និង​មាន​ទីប​ថ្នាំ​នៅ​ក្បែរ​ខ្លួន ទើប​ធ្វើ​ឱ្យ​កើត​មានការ​ផ្អើល​ឆោឡោ​ឡើង​ថា កូនស្រី​រូប​នេះ​បាន​ផឹកថ្នាំ​សម្លាប់​ខ្លួន ក៏​ប្រញាប់​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពហុ​ព្យាបាល ហួត សុ​គុណ តែ​ម្តង ។

បុរស​ជា​ឪពុក​នារី​រង​គ្រោះ បន្ត​ថា លុះ​ក្រោយ​ពី​សម្រាក​ព្យាបាល​បាន​រយៈពេល​២​យប់ ស្រាប់តែ​មក​ដល់​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០១៨ កូនស្រី​របស់​គាត់​ក៏​បាន​ដាច់ខ្យល់​ស្លាប់​ក្នុង​មន្ទីរ​ពហុ​ព្យាបាល ហួត សុ​គុណ យ៉ាង​អាណោចអាធ័ម​តែ​ម្តង ទើប​ក្រុម​គ្រួ​សារបាន​ដឹក​យក​សាកសព​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ ។

តាម​ប្រភព​ពី​អ្នក​ជិតខាង បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​រូប​នេះ គឺជា​មនុស្ស​មាន​ចរិត​រួច​រាយ​រាក់ទាក់​ណាស់ និង​តែង​ជួយ​ទុក្ខ​ធុរៈ​មិត្តភក្តិ និង​អ្នក​ដទៃ​ជា​និច្ច ប៉ុន្តែ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​ហាក់ដូចជា​មាន​វិបត្តិ​ផ្លូវចិត្ត​អ្វី​ម្យ៉ាង ដែល​គេ​សង្ស័យ​ថា អាច​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​ផង ក៏​មិនដឹង ទើប​ធ្វើ​ឱ្យ​នារី​រង​គ្រោះ​ចេះ​តែ​ស្រងូតស្រងាត់ មិនសូវ​និយាយ​ស្តី​អ្វី​ទាំងអស់ និង​ចូល​ចិត្ត​សម្ងំ​នៅ​តែ​ក្នុង​បន្ទប់ ។

ដោយឡែក តាម​ប្រភព​ពី​មិត្តភក្តិ​ជិត​ស្និទ្ធ​របស់​នារី​រង​គ្រោះ បាន​បង្ហើប​ប្រាប់​ថា តាម​ពិត​នារី​រង​គ្រោះ​បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​យុវជន​ម្នាក់ អស់​រយៈពេល​រាប់​ឆ្នាំ​មក​ហើយ ដោយ​បាន​ដាក់ចិត្ត​ស្រលាញ់​គ្នា​ប្តូរផ្តាច់​ណាស់ តែ​មិនដឹង​ជា​យ៉ាងម៉េច ខាង​ប្រុស​បែរជា​បែកចិត្ត​ទៅ​ស្តីដណ្តឹង​ស្រី​ថ្មី​ធ្វើ​ជា​គូ​ដណ្តឹង ដោយ​ដោះដៃ​ចោល​នារី​រង​គ្រោះ​យ៉ាង​រំភើយ ជា​ហេតុ​ធ្វើ​ឱ្យ​នារី​រង​គ្រោះ​ឈឺចិត្ត​ស្អិត​ទ្រូង រហូត​ឈាន​ដល់​ការ​គិត​ខ្លី​ផឹកថ្នាំ​ងងុយដេក​បញ្ចប់ជីវិត​របស់​ខ្លួន បញ្ចប់ជីវិត​ខ្លួនឯង​បែប​នេះ​តែ​ម្តង ​។

ទោះជា​យ៉ាងណា ក្រោយ​កើតហេតុ មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័​យ​​សព រួច​បញ្ជាក់​ថា នារី​រង​គ្រោះ​ពិតជា​បាន​ផឹកថ្នាំ​ងងុយដេក ធ្វើ​អត្តឃាត​ប្រាកដ​មែន ដោយ​បាន​ផឹកថ្នាំ​ងងុយដេក​ប្រភេទ Bromazepam ជិត​អស់​១​ទីប ពោល​គឺ​សល់ថ្នាំ​តែ​៣​គ្រាប់​ប៉ុណ្ណោះ ។ សាកសព​នារី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕