ប្រជាពលរដ្ឋ​នៅ​ឃុំ​លង្វែកមាន​ក្ដី​បារម្ភ​ដ​ល់​​រណ្តៅ​​ដី​​ជ្រៅ​​ៗ​៣​​កន្លែង

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​នៅ​ឃុំ​លង្វែក ព្រួយ​បារ​ម្ម​ណ៍ ចំពោះ​រណ្តៅ​ដី​ដែល​ជ្រៅ​ៗ​យ៉ាង​ខ្លាំង ព្រោះថា នៅ​ក្នុង​រដូវ​ភ្លៀងធ្លាក់ ខាង​មុខ​នេះ ទឹកនឹង​ចូល​ពេញ​រណ្តៅ ហើយ​ពេល​អ្នក​បូម​ខ្សាច់​ទាំងនោះ​ចេញ​អស់​ទៅ បើសិន​អ្នក​បូម​ខ្សាច់​ទាំងនោះ មិន​គោរព​តាម​ការ​កំណត់​ក្នុង​ច្បាប់ អោយ​លើក​ទំនប់ ធ្វើ​របង​ និង​ដាក់​ស្លាក​សញ្ញា​ការពារ​ទេ​នោះ ពិតជា​មាន​គោក្របី ឬ​ក្មេង​ៗ ​ក្នុងស្រុក​ធ្លាក់​ចូល​រណ្តៅ​ដី​លង់ទឹក​ស្លាប់​មិន​ខាន​ឡើយ ។

ការ​ព្រួយ​បារ​ម្ម​ណ៍​ប្រជាពលរដ្ឋ​បែប​នេះ ដោយសារ​ណ្តៅ​ជីកដី ​បូម​យក​ខ្សាច់​ជ្រៅ​ៗ ចំនួន​៣​កន្លែង នៅ​ក្នុងភូមិ​អន្លុង​ត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច របស់​ក្រុម​ឈ្មួញ​បូម​ខ្សាច់ ​ដែល​បាន​ធ្វើ​អាជីវកម្ម​នេះ​ជា​យូរ​មក​ហើយ បាន​បង្ក​ជា​ក្តី​ព្រួយ​បារ​ម្ភ ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន ដែល​អាច​បង្ក​អោយ​មនុស្ស ឬ​សត្វ​គោក្របី ធ្លាក់​លង់ទឹក​ស្លាប់​នៅ​ខែវស្សា ដោយ​ពួក​គាត់​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​ មេត្តា​ជួយ​ចុះ​ទៅ​ហាមឃាត់ និង​ទប់ស្កាត់​ផង ។

ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​អន្លុង​ត្នោត ​បានអោយ​ដឹង​ថា ទីតាំង​បូម​ខ្សាច់ ខាងលើ បាន​បូម​ជា​យូរ​ខែណាស់​មក​ហើយ ដោយ​ពុំដែល​មាន​ឃើញ​សមត្ថកិច្ច​ណា​ចុះ​មក​ទប់ស្កាត់​ឡើយ មិនដឹង​ថា មានច្បាប់​ ឬ​អត់​នោះ​ទេ ចំណែក​រថយន្ត​ដឹក​ខ្សាច់​បាន​មក​ដឹក​រាល់ថ្ងៃ បង្ក​ការ​រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ដូច​ជា​ធ្វើ​អោយ​ខូច​ផ្លូវដី​ហុយ ទៅ​លើ​លំនៅ​ដ្ឋា​ន​ជាដើម ចំណែក​រណ្តៅ​ដី​ ដែល​ជីក​យក​ខ្សាច់​វិញ​មាន​ជម្រៅ​ជ្រៅ​ៗ​បែប​នេះ ខ្លាច​បង្ក​អោយមានគ្រោះថ្នាក់​ដល់​មនុស្ស​ និង​សត្វ​លង់ទឹក​ទៀត​ផង ។

ពួក​គាត់​បាន​បញ្ជាក់​ថា ក្នុងភូមិ​អន្លុង​ត្នោត​នេះ មាន​កន្លែង​បូម​ខ្សាច់​៣​កន្លែង ដែល​នៅ​មិន​ឆ្ងាយ​ពី​គ្នា​ទេ ដែល​ដឹក​ចេញ​លើ​ផ្លូវ​ក្រាល​គ្រួ​ស​តែ​មួយ​ក្នុងភូមិ​ឃុំ អាច​បង្ក​អោយ​ខូចខាត​ផ្លូវ​ក្នុងភូមិ​ឃុំ​មិន​ខាន​ឡើយ ។ ដោយ​រថយន្ត​ដឹក​ខ្សាច់​ទាំងនោះ បាន​ប្រាប់​ថា ពួក​គេ​បាន​ដឹក​ខ្សាច់​នេះ​យក​ទៅ​លក់​អោយ​គេ​នៅ​ព្រែក​ក្តាម ។

នៅ​ក្នុង​រឿង​នេះ លោក អ៊ុ​ក រស់ ប្រធាន​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​ខេត្ត បានអោយ​ដឹង​ថា ការ​ជីក​ខ្សាច់​នៅ​ទីនោះ​មានច្បាប់​២​កន្លែង ប៉ុន្តែ​ក្នុង​ច្បាប់​បាន​កំណត់​ថា ការ​ជីកដី​បូម​យក​ខ្សាច់ មិន​អោយ​ធំ​ជាង​ផ្ទៃដី​១​ហិ​កតា​នោះ​ទេ និង​មិន​អោយ​ជ្រៅ​លើស​ពី​៥​ម៉ែត្រ​នោះ​ឡើយ ហើយ​កន្លែង​ជីក​និ​មួយ​ៗ ត្រូវ​លើក​ទំនប់​ព័​ទ្ឋ​ជុំវិញ និង​ធ្វើ​របង​ការពារ ដាក់​ស្លាក​សញ្ញា ដើម្បី​ការពារ មនុស្ស​និង​សត្វ​កុំអោយ​លង់ទឹក ។

លោក​បាន​បញ្ជាក់​ថា កន្លង​មក មន្ត្រី​របស់​លោក​បាន​ចុះ​ទៅ ពិនិត្យ​ម្តង​ហើយ ពេល​នេះ​លោក​នឹង​អោយ​មន្ត្រី​របស់​លោក​ចុះ​ទៅ​ពិនិត្យ​ជា​ថ្មី​ទៀត ហើយ​បើ​អ្នក​បូម​ខ្សាច់​ទាំងនោះ​ប្រព្រឹត្ត​ល្មើស និង​ការ​កំណត់​ក្នុង​ច្បាប់ មន្ទីរ​ត្រូវ​ធ្វើការ​ផាកពិន័យ​តាម​ផ្លូវច្បាប់ ៕