ចូលរួម​ដោយ​សេរី និង​ឈ្នះរង្វាន់​ពី​កម្មវិធី ថ្ងៃទី​១១ មីនា នេះ

រាជធានី​ភ្នំពេញ​៖ បងប្អូន​ប្រិយមិត្ត​អាច​ចូលរួម​ដោយ​សេរី ឥតគិតថ្លៃ ព្រមទាំង​អាច​ផ្សងសំណាង​​ឈ្នះរង្វាន់​រង្វាន់​ពី​កម្មវិធី ពិព័រណ៍​បណ្ដាញ​បេះដូង​តែមួយ​នៃ​ជនពិការ​អាស៊ី​ឆ្នាំ ២០១៨ ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​រស់​នៅ​ដោយ​ឯករាជ្យ​នៃ​ជនពិការ​ភ្នំពេញ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១១ ខែមីនា ឆ្នាំ​២០១៨ នៅ​រមណីយដ្ឋាន​វត្តភ្នំ​ពី​ម៉ោង ២ រសៀល​ដល់​ម៉ោង ៩​យប់។​

លោក ម៉ី សាមីត ប្រធាន​អង្គការ​មជ្ឈមណ្ឌល​ជីវិត​រស់នៅ​ដោយ​ឯករាជ្យ​នៃ​ជនពិការ​ភ្នំពេញ បាន​ឲ្យ​ភ្នាក់ងារ​សារព័ត៌មាន​ដំណឹង​យប់មិញ​ដឹង​ថា កម្មវិធី​ពិព័រណ៍​បណ្ដាញ​បេះដូង​តែ​មួយ​នៃ​ជនពិការ​អាស៊ី ២០១៨ នៅ​កម្ពុជា ត្រូវ​បាន​អញ្ជើញ​ចូលរួម និង​សហការ​រៀបចំ​ឡើង​ដោយ មិត្តភក្ដិ​មក​ពី​បណ្ដា​ប្រទេស​ចំនួន​៧​ប្រទេស​ដូច​ជា​៖ ប្រទេស កម្ពុជា​, ជប៉ុន, កូរ៉េ​, ម៉ុងហ្គោល​លី​, ណេប៉ាល់​, ប៉ាគីស្ថាន​, និង តៃវ៉ាន់​។​

លោក​ប្រធាន​បាន​បន្ត​ទៀត​ថា កម្មវិធី​ពិព័រណ៍​នេះ មាន​គោលបំណង​សំខាន់​ៗ​ចំនួន​៧​ចំនុច​គឺ​៖

១. ជំរុញ​លើក​ទឹកចិត្ត​ជនពិការ​ដែល​គ្មាន​ឱកាស និង​តែងតែ​នៅ​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​យូរ​ឆ្នាំ​ឲ្យ​ចេញ​មក​ក្រៅ ដើម្បី​ចូលរួម​សកម្មភាព​ដោយ​ស្មើភាព​ក្នុង​សង្គម​មួយ ដែល​មាន​សន្តិភាព និង​អភិវឌ្ឍន៍​។​

២. លើក​កំពស់​ការ​យល់​ដឹង​ពី​ពិការភាព និង​ជីវិត​ឯករាជ្យ​នៃ​ជនពិការ​

៣​. ការ​បង្ហាញ​នូវ​ទេពកោសល្យ និង​បទ​ពិសោធន៍​ជីវិត​ជោគជ័យ​របស់​បងប្អូន​ជនពិការ ដែល​មាន​លក្ខណៈ​ធ្ងន់ ដែល​កំពុង​រស់​នៅ​ក្នុង​សហគមន៍​

៤​. ចែក​រំលែក​បទពិសោធន៍​ល្អ​ៗ ស្នាដៃ​សម្រេច​បាន​លើ​វិស័យ​ពិការភាព​

៥​. ផ្លាស់ប្ដូរ​វប្បធម៌ ប្រពៃណី​រវាង​ប្រទេស​ជា​សមាជិក​

៦​. ធ្វើ​ម្ហូប​និង​ពិសា​អាហារ​ប្រចាំ​ប្រទេស​ជា​សមាជិក​និមួយៗ​

៧​. ការ​សម្ដែង​សិល្បៈ រាំ​កម្សាន្ត និង ល្បែង​ប្រជាប្រិយ​

លើស​ពី​នេះ​ទៀត លោក​ប្រធាន​បាន​មាន​ប្រសាសន៍​ថា ដើម្បី​ញ៉ាំង​កម្មវិធី​នេះ​ឲ្យ​កើត​ឡើង លោក​និង​សហការី​របស់​លោក​បាន​បោះពុម្ព​អាវយឺត លក់​ដើម្បី​យក​កម្រៃ​ទ្រទ្រង់​។

អាស្រ័យ​ហេតុ​នេះ​សូម​បងប្អូន​ប្រិយមិត្ត​មេត្តា​ជួយ​គាំទ្រ ជនពិការ​និង​កម្មវិធី​​រៀបចំ​ឡើង​ដោយ​ជនពិការ ដែល​កម្ពុជា​យើង​ជា​ម្ចាស់​ផ្ទះ ដោយ​ជួយ​ជាវ​អាវយឺត​នេះ​ដោយ​មេត្រី​ភាព​ផង​ចុះ និង​អញ្ជើញ​ចូលរួម​ឲ្យ​បាន​កុះករ​។ សូម​ទាក់ទង​ជាវ​អាវ ឬ​ព័ត៌មាន​បន្ថែម​តាម​លេខ​ទូរសព្ទ ០៧៧ ៥០០ ៧០៦។​

សារព័ត៌មាន​ដំណឹង​យប់មិញ សូម​ជូនពរ​លោក​ប្រធាន និង​សហការី ព្រមទាំង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ដំណើរការ​កម្មវិធី​ពិព័រណ៍​បណ្ដាញ​បេះដូង​តែ​មួយ​នៃ​ជន​ជនពិការ​អាស៊ី ២០១៨ នៅ​កម្ពុជា​នេះ ទៅ​ដោយ​រលូន។​