សមត្ថកិច្ច​ចាប់​ខ្លួន​ជាង​កាត់​ដេរ​ហាង អេ​លី​​ត ឡាហ្គា ៧នាក់ ពាក់​ព័ន្ធ​ករណី លួច និង​រំលោភ​លើ​ទំនុក​ចិត្ត

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី០២ ខែមីនា ឆ្នាំ២០​១​៨នេះកម្លាំងសមត្ថ កិច្ចប៉ុស្តិ៍ភ្នំពេញថ្មី សហការ​ជាមួយ​កម្លាំងនគរបាល​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បានឃាត់​ខ្លួន​ស្ត្រី​ជន​សង្ស័យ​ជា​មេការ និងកូនជាង​កាត់ដេរ ចំនួន ០៧ នាក់ របស់ហាងកាត់​សម្លៀកបំពាក់ យីហោ អេលីត ឡាហ្គា មា​ន​ទីតាំងនៅក្នុងខណ្ឌសែនសុខ ពាក់ព័ន្ធក​រណី លួច និងរំលោភលើទំនុកចិត្ត ។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​មាន​ឈ្មោះ ជៀម ស្រីម៉ិច ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ មេជាងកាត់ដេរ ទីលំនៅ​ផ្ទះ​ជួល​លេខ ៩៩អា ផ្លូវ១៩៩០ សង្កាត់​​​ភ្នំ​ពេញ​ថ្មី ខណ្ឌ​សែន​សុខ និងកូនជាងកា​ត់​ដេរចំនួន ០៦នាក់ទៀត ។

សមត្ថកិច្ច​បញ្ជាក់​ថា ការឃាត់ខ្លួន​ក្រុម​ជន​សង្ស័យ​ខាង​លើ​នេះ ធ្វើឡើងដោយ​យោង​តាម​ពាក្យ​បណ្ដឹង​ចុះ​ថ្ងៃ​ទី២៨ ខែកុម្ភៈ ឆ្នាំ​២​០១៨ របស់ម្ចាស់​ហាងកាត់​សម្លៀក​បំពា​ក់ អេលីត ឡាហ្គា មានទីតាំងផ្ទះលេខ២៦ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន​សុ​ខ ។
យោង​តាមប្រភពដដែលបានបញ្ជាក់ថា កាល​ពីអំឡុងខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័​យ​ឈ្មោះ ជៀម ស្រីម៉ិច និងកូន​ជាង​ជាប​ក្ខ​ពួក ដែលបម្រើការងារនៅក្នុងហាង កាត់​សម្លៀកបំពាក់ អេលីត ឡាហ្គា បាននាំគ្នា លួចយកសម្ភារកាត់សម្លៀកបំពាក់ជាច្រើនមុខ ពីក្នុងហាងរបស់ជនរងគ្រោះ ទៅលួ​​ចកាត់ដេរសម្លៀកបំពាក់ឱ្យភ្ញៀវជាលក្ខណៈ​ឯកជន នៅក្នុងផ្ទះជួលដែលម្ចាស់​ហា​ង អេលីតឡាហ្គា ជួលឱ្យឈ្មោះ ជៀម ស្រី​​ម៉ិច ជាមេការ និងបក្ខពួក​ស្នាក់នៅ​ដោ​​យ​យកម៉ូតតាម ហាង អេលីត ឡាហ្គា ប៉ុន្តែ​យក​តម្លៃ​ធូរ​ថ្លៃ​ជាង ដែល​ជា​ការ​ប៉ះ​​ពាល់​ដល់​​ចំណូល​​របស់​​ហាង ។

សមត្ថកិច្ចបន្ថែមថា ជនសង្ស័យឈ្មោះ ជៀម ស្រីម៉ិច និងបក្ខពួក បានធ្វើ​សក​ម្ម​ភា​ព លួចយក​សម្ភារកាត់ដេរ​សម្លៀក​បំ​ពា​ក់​របស់​ហាង អេលីត ឡាហ្គា ទៅ​លួច​ដេរ​សម្លៀក​បំពាក់​ឱ្យ​ភ្ញៀវ យកតម្លៃទាប​ជាង​ហាង​តាំង​ពីអំឡុង​ឆ្នាំ​២០១៤​មក​ម្ល៉េះ ប៉ុន្តែ​ម្ចាស់​ហាង អាណិត និងហៅធ្វើកិច្ចសន្យា​ជា​ច្រើន​លើក​ច្រើន​សារ ឱ្យពួកគេឈប់ធ្វើ​បែបនោះតទៅទៀត តែក្រុមជនសង្ស័យ នៅ​តែបន្តធ្វើដដែល ទើបម្ចាស់ហាង ដាច់​ចិត្តប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តងទៅ។ បច្ចុប្បន្នក្រុមជនសង្ស័យ ត្រូវបានបញ្ជូន​ទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿង​បញ្ជូ​នទៅតុលាការតាមនីតិវិធី ៕