សាហាវ! តាម​បាញ់​សម្លាប់​បុរស និងស្ត្រី២នាក់​ដល់​មុខ​ផ្ទះ នៅ​ខណ្ឌ​សែន​សុខ

ភ្នំពេញ៖ ខ្មាន់​កាំភ្លើង ជិះរថយន្ត​មិន​ស្គាល់​ម៉ាក​តាម​បាញ់​ប្រហារ ប៉ង​ផ្តាច់​ជីវិត​ស្ត្រី និង​បុរស​ចំនួន​២​នាក់​ទាំង​កណ្តាល​យប់​បណ្ដាលឲ្យ​​​រងរបួសធ្ងន់ កាលពី​រំលង​អា​ធា​ត្រឈាន​ចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១​៨​នេះ នៅតាមផ្លូវ១៩៧៤ ស្ថិតក្នុង ភូមិភ្នំ​ពេ​ញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តែសំណាងល្អមិនស្លាប់ គ្រា​ន់តែធ្ងន់ និងស្រាល ហើយធ្លុះធ្លាយ​រថ​យ​ន្ត​ជាច្រើនគ្រាប់។

នារី​ដែល​គេ​ប៉ង​បាញ់​ផ្តាច់​ជីវិត​​មាន​​ឈ្មោះ សិង វិន អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ និង​មាន​ផ្ទះ​នៅ​កន្លែង​កើត​ហតុ​ខាង​លើ ចំណែ​ក​បុរស​ជា​ដៃគូ មិន​ស្គាល់​ឈ្មោះ គ្រាន់តែ​ដឹង​ថា មាន​មុខរបរ​ជា​អ្នក​រកស៊ី និងមាន​ទី​​លំ​នៅ​ម្តុំ​ទួល​សង្កែ ខណ្ឌ​ឬស្សីកែវ និងជា​ម្ចាស់​រថយន្ត​Tacoma ។

យោង​តាម​សម្តី​សាក្សី មុនកើត​ហេតុ​ជន​រង​គ្រោះ​២​នាក់ជិះរថយន្ត​មួយ​គ្រឿ​ង​ម៉ាក Toyota Tacoma ស្លាកលេ​ខ​ភ្នំពេញ 2Q​-​5081 តាមផ្លូវ១៩៧៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះបើកមក​ដល់​មុខ​ផ្ទះ​រង​គ្រោះ​រូប​នោះ បម្រុង​ឈប់​រថយន្ត​ចុះ ស្រា​ប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត មិន​ស្គា​ល់​ម៉ាក បាន​បើក​មក​ឈប់​ក្បែរ ហើយ​ធ្វើ​ការ​បាញ់​ប្រហារ ទៅ​លើ​រថយន្ត​ជន​រង​គ្រោះ​ចំនួន​៥​គ្រាប់ ពី​ខាង​ស្តាំ​នៃ​រថយន្ត បណ្តាល​ឲ្យ​ត្រូវ​ជន​រងគ្រោះ ទាំង​ពីរ​នាក់ ដែល​នៅ​ក្នុង​រថយន្ត Tacoma នោះ​តែ​ម្តង ដោយ​នារីដែលគេប៉​ងបាញ់​ផ្តាច់​ជីវិត​ត្រូវ​៣​គ្រាប់ គឺ​ស្មា​ស្តាំ​២​គ្រាប់ កំភួន​ដៃ​ខា​ង​ឆ្វេង​១​គ្រាប់ ចំណែក​បុរសដែល​បើក​រថ​យ​ន្ត ត្រូវ​១គ្រាប់ ចំ​កំ​ភួន​ដៃ​ខាង​ស្តាំ។

ក្រោយ​កើត​ហេតុ​ជន​សង្ស័យ បន្ទាប់​​ពី​បា​ញ់​ហើយ​បាន​បើក​រថយន្ត គេចចេញ​ពី​កន្លែង​កើត​ហេតុ​បាត់​ស្រមោល ដោយ​បា​ន​បន្សល់​ទុក​នៅ​តែ ក្បាល​គ្រាប់​កាំ​ភ្លើង ដែល​បាញ់​ហើយ​ប៉ុណ្ណោះ ។ ចំណែក​អ្នក​រង​របួស​ទាំង​២​នាក់ ត្រូវបាន​សាច់​ញាតិ ដឹកយកទៅសង្គ្រោះ បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រភ្លាមៗ ៕