ដឹក​​កម្សាន្ត​​បាន​ឲ្យ​​រក​​សេ​វ៉ា​​ផ្លូវ​ភេទ​​មិន​​បាន អ្នក​ទេសចរ​ណ៍​២​​នាក់​​វាយ​​ជន​​ពិការ​​ពក​ក្បាល

ភ្នំពេញ ៖ ជនបរទេស​ដែល​ជា​អ្នកទេសចរ​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​វាយ​បុរស​ជន​ពិការ​ម្នាក់​ប្រកប​មុខរបរ​រត់​ម៉ូតូ​កង់​បី ហៅ​តុ​កតុក ខណៈ​ដែល​អ្នក​រត់​ម៉ូតូ​កង់​បី មិន​អាច​រក​នារី​បម្រើ​ផ្លូវភេទ​ឱ្យ​ពួក​គេ​បាន ។ ហេតុ​កាណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​១​និង​៥០​នាទី​យប់​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែកុម្ភៈ នៅ​លើ​ផ្លូវ​មហាវិថី​ព្រះ​ម​នី​វង្ស ខណ្ឌចំការមន រាជធានី​ភ្នំពេ​ញ ។

បើ​យោង​តាម​អ្នក​រត់​តុ​កតុក ជា​ជន​ពិការ បាន​ប្រាប់​អោយ​ដឹង​ថា រូ​ម​គាត់​បាន​ដឹក​ជនបរទេស​ទាំង​ពីរ​នាក់ ដោយ​ម៉ូតូ​កង់​បី ដើម្បី​ធ្វើ​ដំណើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​មួយ​ចំនួន​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ ចាប់ពី​ម៉ោង​៣​ល្ងាច​ថ្ងៃ​ទី​២១ ខែកុម្ភៈ ។ លោក​បន្ថែម​ថា រហូត​ដល់​ពេល​កើតហេតុ​ដូច​ខាងលើ ជនបរទេស​ទាំង​ពីរ​នាក់ ស្រាប់តែ​វាយ​មក​លើ​រូប​គាត់​ជា​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​តុ​កតុក ដែល​មិន​អាច​ស្វែងរក​នារី​រកស៊ី​ផ្លូវ​ភេទ​អោយ​ពួក​គេ​បាន ដើម្បី​បន្ធូរ​អារ​ម្មណ៍​នោះ ។

ជន​ពិការ​ដែល​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​តុ​កតុករូប​នេះ បន្ត​ថា រូប​គាត់​មិន​អាច​រក​នារី​ណា​ម្នា​ក់​​បាន​ទេ ព្រោះ​មិន​ស្គាល់ ហេតុ​ដូច្នេះ​ហើ​យ​ទើប​ពួក​គេ​វាយ​គាត់​រង​របួស​ពក​ក្បាល ។ បន្ទាប់​ពី​មានការ​វាយ​នេះ មន្ត្រី​ប៉ូ​លី​ស​ខណ្ឌ​ក៏​បាន​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ ហើ​យ​​ជនបរទេស​ទាំង​២​នាក់ បានឱ្យ​ថ្លៃ​ឈ្នួ​ល​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ចំនួន​៨០​ដុល្លារ​ផង​ដែរ ដើម្បី​ដោះស្រាយ​គ្នា​បញ្ចប់រឿង ៕