ច្នៃ​​គ្រាប់​បែក​​បោក​​ត្រី ភ្លាត់​ស្នៀត​​ផ្ទុះ​​ដាច់​ដៃ​​ម្នាក់ និង​​ម្នាក់​​ទៀត​​បែក​​គ្រាប់​ភ្នែក

មណ្ឌលគិរី៖ មិនមែន​ជា​លើក​ទី​មួយ​ទេ ដែ​ល​អ្នក​ច្នៃ​គ្រាប់បែក​បង្ក​ឲ្យ​មនុស្ស​រង​របួស​និង​ស្លាប់​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ ជា​ក់​ស្តែង​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ចំនួន​ពីរ​នាក់ បាន​រង​របួស​ធ្ងន់ ព្រមទាំង​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើ​ម្បី​សង្គ្រោះ​ផង​ដែរ ។ ហេតុ​ការ​ខាងលើ​កើ​ត​នៅ​ចំណុច​អូរ​អ​ញ្ជ័​រ ស្ថិត​នៅ​ភូមិ អ​ន្ត្រេះ ឃុំ​អរ​បួន ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កាលពី​វេលា ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​២​២ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

លោក ខ្លូត សុ​ឃា អធិការ​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១​ឈ្មោះ ផុ​ន ញ៉ អាយុ​៥៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ខាន់ ណា អាយុ​២៤​ឆ្នាំ អ្នក​ទាំង​ពីរ​ស្នាក់​នៅ​ភូមិ​ឃុំ​ខាងលើ ដោយ​រង​របួស​ម្នាក់​ដាច់​ដៃ និ​ង​​ម្នាក់​ទៀត​បែក​គ្រាប់ភ្នែក ព្រមទាំង​មាន​ស្នាម​របួស​ពេញ​ខ្លួន ​។ ភ្លាម​ៗ​នោះ​ដែរក្រោ​យ​ពី​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ ក៏​បាន​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​សង្គ្រោះ ដោយសារ​តែ​សភាព​មុខរបួស​កា​ន់។តែ​ធ្ងន់​ខ្លាំង​ពេក ទាំង​ពីរ​នាក់​ត្រូវ​បាន​ក្រុ​ម​គ្រួ​សារបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តមណ្ឌលគិរី ។

តាម​សាក្សី​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​នៅ​ទី​នោះ​ថា មូលហេតុ​អ្នក​រង​គ្រោះ​ទាំង​២​នាក់ កំពុង​នាំ​គ្នា​យក​រំសេវ ទៅ​ដាក់​ក្នុង​កំប៉ុង​ទឹ​កដោះគោ រួច​យក​គីប​ទៅ​ដាក់​ក្នុង​នោះ​ដែរ រួច​បង្ហាប់​នាំ​គ្នា​បុក ដើម្បី​ឲ្យ​ណែ​ន បំណ​ង​យក​ទៅ​​បោក​ត្រី​ ស្រាប់តែ​មានការ​ផ្ទុះ​ប​ណ្តា​ល​ឲ្យ​រងគ្រោះថ្នាក់​តែ​ម្តង ​។

លោកគ្រូ​ពេទ្យ ទុ​យ ស្រស់ ប្រធាន​ស្តីទី​ពេទ្យ​បង្អែក​ខេត្ត បាន​ឲ្យ​ដឹង​ថា ម្នាក់​រង​របួសធ្ងន់ ត្រូវ​ធ្វើការ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ រីឯ​ម្នាក់​ទៀត​បញ្ជូន​ទៅ​សង្គ្រោះ​ដូច​គ្នា ប៉ុន្តែ​បញ្ជូន​ទៅ​ពេល​ក្រោយ​ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ម្នាក់​រង​របួស​ដាច់​ដៃ ទាំង​សងខាង និង​ម្នាក់​ទៀត បាន​រង​របួស​ឆេះ​រោលរាល របួស​ពេញ​ខ្លួន និង​បែក​គ្រាប់ភ្នែក ៕