ទីបំផុត​សមត្ថកិច្ច​បញ្ជូន​មន្ដ្រី យោធាស័ក្កិ​៥​ដែល​បាញ់ អ្នក​រត់​តាក់​ស៊ី​ឱ្យ​របួស ទៅ​តុ​លា​ការ​

ភ្នំពេញ៖ ទី​បំផុត​នៅ​រសៀល​ថ្ងៃទី​២១ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៨សមត្ថ កិច្ច​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា បាន​បញ្ជូន​ខ្លួន​មន្ដ្រី​យោធា​ស័ក្តិ​៥ ដែ ល​បាញ់ អ្នករត់តាក់ស៊ី​ ទៅកាន់​តុលា​កា​រ​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ មាន ឈ្មោះ​ប៉ែន សាយវ័ន្ត ភេទប្រុសអាយុ ៣៤​ឆ្នាំ មុខរបរ យោធា មានឋានន្តរស័ក្តិ វរសេ​នី​យ៍ឯក (ស័ក្តិ៥) បម្រើការងារ​នៅអគ្គ​នា​យ​ក​ដ្ឋាន​សម្ភារ​បច្ចេក​ទេស នៃក្រសួង​ការ​ពារ​ជាតិ ទី​លំ​នៅ​ផ្ទះ​លេខ​២៨២​ផ្លូវលំ ស​ង្កា​ត់ដង្កោ ខណ្ឌដង្កោ។ ចំណែកជនរង គ្រោះ​មាន​ឈ្មោះ ជុំ គា ភេទប្រុ ស អាយុ ៤៨ឆ្នាំ មុខ​របរ រត់តាក់ស៊ី មាន​ទី​លំ​នៅ​ភូ​មិ​ត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

សូម​បញ្ជាក់​ថា កាល​ពីវេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៨ ជន​ស​ង្ស័យ​បាន ចេញ​ពី​ផឹក​ស៊ី​នៅ​ក្លឹប​កាហ្សា បាន​​ហៅ រថយន្ត​តាក់​​ស៊ី របស់​ជន​រង​គ្រោះ​ជិះ។ លុះ​ជិះ​ដល់​​ចំណុច កើត​ហេតុ​ម្តុំ ​មុខ​អតីតរោង​កុន​អង្គរ ខណ្ឌ​៧​មករា ជន​សង្ស័យ​បាន​ដក​​កាំ​ភ្លើង​​ខ្លី​​ម៉ា​កប្រាហា បា​ញ់​​១​គ្រាប់ ចំ​ច​ង្កេះ​​ខាង​​ស្ដាំ បណ្ដាល​​ឲ្យ​​ជន​រងគ្រោះ​​របួ​ស​​ធ្ងន់ ត្រូវបញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​រពេទ្យ​កាល់​ម៉ែត។

ក្រោយ​បាញ់​ជន​រង​គ្រោះ រួច​ជនសង្ស័យ​បាន​ចុះ​ពី​រថយន្ត​រត់​គេច​ខ្លួន ចូលទៅពួន​នៅ​ជណ្តើរ​លេខ​៦៨ ជាន់​ទី​២ ផ្លូវ១៦៤​ភូ​មិ​១ សង្កាត់​អូរ​ឬស្សី​២ ខណ្ឌ​៧​មករា ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ដោយ​ដក​ហូត​បាន កាំ​ភ្លើង​ខ្លី ម៉ាក​ប្រាហា លេខ​ ៥១៨៣៦២ មានបង់មួយ និងគ្រាប់​ចំនួន​០៧​គ្រាប់ ។

សូមរំលឹកថា គេមិនទាន់ភ្លេចឡើយនៅ​ព្រឹ​ត្តិការណ៍​បាញ់​ប្រហារ​មនុស្ស​ឱ្យ​រងរបួស នៅ​ក្នុង​វង់​ផឹក​ស៊ី​របស់ លោក​មេធាវី អ៊ិត ពិសិ​ដ្ឋរង្សី ក្បែរ​ភូមិ​គ្រឹះ​ឯក​ឧត្តម នាយឧត្ត​ម​សេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរ​បា​លជាតិ ក្នុង​ទឹក​ដី​ខណ្ឌ​៧​មករា កាលពី​ចុង​ឆ្នាំ​២០១៧ ​ហើយ​កាល​ពី​ពេល​ថ្មី​ៗនេះ​លោកមេធាវី មានកាំភ្លើងប្រើរូបនេះ ត្រូវ​បា​ន​តុលាការ​សាលាឧទ្ធរណ៍ ដោះលែងឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ។ ឥឡូវ​នេះ​ទឹក​ដី​ខណ្ឌ​៧​មករា មានព្រឹត្តិការ​ណ៍ បាញ់​ប្រហារ​មនុស្ស បានកើតមាន​ឡើ​ងសារ​ជា​ថ្មី គឺ​បង្ក​ឡើង​ដោយ​មន្ត្រី​យោធា ស្រវឹង​ស្រា បាញ់​ប្រហារ អ្នករត់តាក់ស៊ី ឱ្យរងរបួសធ្ងន់​ទៀតហើយ ៕