ព្រះ​រាជ​អាជ្ញា​រង​ក្រុង​ភ្នំពេញចេញ​តាម​​ដី​កា​បញ្ជា​ឃាត់​ខ្លួន​យោធា​ម្នាក់ រឿង​ប្រើ​ស្លាក​លេខ​រថយន្ត​ក្លែង​ក្លាយ

ភ្នំពេញ៖ បើយោងតាមគណនីហ្វេសប៊ុក របស់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្ត​កំពង់​ស្ពឺ បាន​បង្ហោះ​កាល​ពីរសៀល​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ ស្តីពី​ការ​ឃាត់​ខ្លួន មន្ត្រី​យោធា​ម្នាក់ តាមដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់ ព្រះរាជអាជ្ញា​រងអមសា​លា​ដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ ករណី ប្រើ​ប្រាស់​រថយន្ត​ពណ៌​ត្រី​អ៉ី និង​ក្លែង​ស្លា​ក​លេខ ។

គណនី​ហ្វេស​ប៊ុក​ដដែល​នេះ​បាន បញ្ជាក់​ថា កម្លាំង​កង​រាជអាវុធហត្ថ​ខេត្ត​កំពង់​ស្ពឺ សហការ​​ជា​មួយកម្លាំង​ការិយាល័យ​ព័ត៌​មា​ន​ និង​សន្តិសុខ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទេ​ស​ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ យឹម សុកាន ភេទ​ប្រុស អាយុ​៣៥ឆ្នាំ មុខ​របរយោធា ឋានន្តរស័ក្តិ អនុសេនីយ៍ទោ នៃអង្គភាពបញ្ជាការដ្ឋានកងរថក្រោះ បាន​ធ្វើឡើងកាលពី ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០​១៨​ម្សិល​មិញ នៅចំណុច​ភូមិ​ផ្សារ​ត្រ​ពាំង​​ក្រឡឹង​ ឃុំ​គីរីវ័ន្ត ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ ។

ប្រភព​បន្ដ​ថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ បាន​ធ្វើឡើង តាមដីកាបញ្ជ​ឱ្យ​ចូល​ខ្លួន​លេខ​​០៣៤ អ.យ.ព របស់​លោក ងិន ពេជ ព្រះរាជអាជ្ញារង​អមសាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២៦​ខែមករា ឆ្នាំ២​០​១៨ ដែល​បាន​ចោទ​ប្រកាន់ ជន​សង្ស័យ ពី​បទ ប្រើ​ប្រាស់​រថយន្តពណ៌​ត្រី​អ៉ី និង​ក្លែ​ង​ស្លាក​លេខ និងបាន​កំណត់​ឱ្យ​ជន​ស​ង្ស័​យ​បង្ហាញ​ខ្លួន នៅការិយាល័យ​ព័ត៌​មាន​ និង​សន្តិសុខ​កងរាជអាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេ​ស​ ឱ្យ​បាន​មុន​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២​០​​១​៨ ។ ក្រោយ​ឃាត់​ខ្លួន​ជន​សង្ស័យ ត្រូវបាន​កម្លាំ​ង​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់​ស្ពឺ ប្រគល់​ឱ្យ​ការិយាល័យ​ព័ត៌​មាន​ និង​សន្តិសុខ​កង​រាជ​អាវុធ​ហត្ថ​លើផ្ទៃប្រទេស​ ដើម្បីចាត់ការ​តាម​នីតិវិធី ៕