ចៅក្រមសម្រេច​ឃុំ​ខ្លួន បុរស​ដែល​បើក​រថ​យន្ត​បុក​នគរ​បាល​ខណ្ឌ​ឬស្សីកែវ ឱ្យ​រង​របួស

ភ្នំពេញ៖ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ព្រ​ហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ នៃស្នង​ការ​នគរបា​ល​រាជ​ធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ លោក តុប ឈុនហេង ចៅក្រមស៊ើប​សួរ​នៃ​សាលា​ដំ​បូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គា​ប់​ឱ្យ​ឃុំ​ខ្លួន បុរសម្នាក់ដែលបើករថយន្តបុក នគរបាល​ខណ្ឌ​ឬស្សី​កែវ កំពុង​អនុ​​វត្ត​ច្បា​ប់ ចរាចរណ៍ផ្លូវគោកកាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ជាបណ្តោះ​អា​សន្ន​នៅ​ពន្ធនាគារ ដើម្បីរង​ចាំ​បន្ត​នីតិវិធី​នា​ពេល​ក្រោយ។

ប្រភពដដែលបានបន្ដថា លោក សៀង សុខ ជាតំណាង​អយ្យការអមសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​បើក​ការ​ស៊ើបសួរ និង​សម្រេច​ចោទ​ប្រកាន់​លើ​ឈ្មោះ សា សារី ហៅ សារី ភេទប្រុស អាយុ ៤២ឆ្នាំ ជន​ជាតិ​ខ្មែរ​អ៊ីស្លាម ស្នាក់​នៅ​ផ្ទះ​លេខ៤៣៧ ផ្លូវលំ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬ​ស្សី​កែវ ពី​បទ ប៉ុនប៉ងឃាតកម្ម លើជនរង​គ្រោះ​មានឈ្មោះ ហ៊ុល ចន្ទរាសី ភេទប្រុ​ស អាយុ ២៩ឆ្នាំ មុខរបរ ជានគរបាល​ខ​ណ្ឌ​ឬស្សីកែវ ទីលំនៅផ្ទះលេខ ៣៤F ផ្លូវ​២​៧១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ និងបទ ប្រឆាំងមន្រ្តី​រាជ​ការ​សា​ធារ​ណៈ ប្រព្រឹត្ត​នៅ​ចំណុច តាម​ប​ណ្តោយ​ផ្លូវ​ជាតិ​លេខ ៥ មុខរោងចក្រញូ​កា​ញ់ ក្រុម៤ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី១៦ ខែ​កុ​ម្ភៈ ឆ្នាំ២០១៨ យោងតាមមាត្រា ២៧ មា​ត្រា ១៩៩ និងមាត្រា ៥០៣ នៃក្រម​ព្រ​ហ្ម​ទណ្ឌ ។

គួររំលឹកថា កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ជនសង្ស័យ​ខាង​លើ​បាន​បើករថយន្តរបស់ខ្លួនម៉ាក Lexus R​​X​300 ពណ៌ស ពាក់ស្លាកលេខ 2AL-​1​5​30 បុកជនរងគ្រោះ ខណៈកំពុង​តែចុះ​អ​នុ​​វត្តច្បាប់ ចរាចរណ៍ផ្លូវគោក នៅចំណុច​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ មុខរោង​ច​ក្រ​ញូ​​កាញ់​​ក្រុម​៤ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌឬស្សីកែវ បណ្តាលឱ្យ​ជន​រង​គ្រោះ​របួស​ធ្ងន់ បញ្ជូនទៅសង្គ្រោះ​បន្ទា​ន់​នៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ ៕