ទៀត​​ហើយ រថយន្ត​ក្រុង​​ក្រុម​ហ៊ុន វី​រៈ ប៊ុ​ន​ថាំ បុក​​មនុស្ស​​ស្លាប់​​ទាំង​​ព្រឹក​​ព្រលឹម

ព្រះ​សីហ​នុ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្ក​ឡើង​ដោយ​រថយន្ដក្រុង​ដឹក​អ្នកដំណើរ​រ​ប​ស់ ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ បាន​បុក​បុរស​ម្នាក់​កំពុង​ដើរ​ឆ្លងកាត់​ផ្លូវស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើត​ហេតុ រួច​អ្នកបើកបរ​រថយន្ត បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង ។ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​បាន​កើតឡើង​នៅ​ព្រឹកព្រលឹមថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០៤-​២០​៥ ស្ថិត​នៅ​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​មាន​គ្រោះថ្នា​ក់​​ចរាចរណ៍ កើតឡើង​មាន​រថយន្តក្រុង​មួយ​គ្រឿ​ង ពណ៌​លឿង​-​ស ពាក់​ស្លាក​លេខ ភ្នំពេ ញ 3A-5017 របស់​ក្រុមហ៊ុន វី​រៈ​ប៊ុ​ន​ថាំ អ្នកបើក​បរ (​មិន​ស្គាល់​អត្តសញ្ញាណ​) មាន​ទិស​ដៅ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហ​នុ លុះដល់​ចំណុច​ខាងលើ​ក៏​បាន​បុក​នឹង​អ្នក​ថ្មើរជើង​ម្នាក់​ឈ្មោះ ហង្ស សា​រឿ​ន ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុ​ក​​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ក្រោយ​កើតហេតុ​ភ្លាម​ៗ អ្នកបើកបរ​រថយន្ត​បា​ន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង ដោយ​បន្ស​ល់​ទុក​តែ​រថយន្ដ និង​អ្នក​ធ្វើ​ដំណើរ​ក្នុង​រថយន្ដ​តែ​ប៉ុណ្ណោះ​។ រថយន្ត​បង្ក​ត្រូវ​បាន​នគរបាល​ជំនា​ញ យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​ចាត់ការ​បន្ត ។ ចំណែកឯ​សព​បុរស​ខាងលើ សមត្ថកិច្ច​បាន​ប្រគល់​ជូន​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕