ចាប់​បាន​ឃាតករ​អា​រក​សម្លាប់​ស្ត្រី​ម្នាក់​ទើប​សម្រាលកូន​ហើយ គឺជា​ប្តី​របស់​នាង

កំពង់ឆ្នាំង៖ ករណី​ឃាតកម្ម​លើ​ស្ត្រី​ម្នាក់​ទើបនឹង​សម្រាល​កូនខ្ចី​បាន​៦​ខែ ដែល​សព​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រៃ​បន្លារ​យួន ក្នុងភូមិ​ក្បាល​កន្លង់​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨​នោះ ឃាតក​គឺជា​ប្តី​ខ្លួនឯង ត្រូវ​បាន​សមត្ថ​កិ​ច្វ​ចាប់ខ្លួន​នៅ​ក្រោយ​ពេល​កើត​ហេតុតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។ បើ​តាម​សមត្ថកិច្ច អោយ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ​ជា ធី​ម៉ា​រ៉ាត់ អាយុ​២២​ឆ្នាំ ត្រូវជា​ប្តី​របស់​ស្ត្រី​រង​គ្រោះ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី​ច្បាប់ ។ សមត្ថកិច្ចបញ្ជាក់​ថា បុរស​ជា​ប្តី​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន យក​មក​សាកសួរ​នាំ ក្រោយ​ពី​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា ជា​អ្នក​អា​រក​សម្លាប់​ប្រពន្ធ​របស់​ខ្លួន ។

តាម​ជំនាញ​នៃ​ការ​សួរនាំ​របស់​សមត្ថកិច្ច ធ្វើ​អោយ​ជនសង្ស័យ បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ពិតប្រាកដ​មែន ដោយនៅ​មុន​ដំបូង​គេ​បាន​ទូរស័ព្ទ​ហៅ​ប្រពន្ធ មក​និយាយ​គ្នា​រឿង​បញ្ហា​ជម្លោះ​ក្នុង​គ្រួសារ តែ​និយាយ​មិន​ត្រូវ​គ្នា ហើយ​ប្រពន្ធ​ក៏​បាន​ប្រើ​ពាក្យ​សំដី​មើលងាយ​ធ្ងន់​ៗ ថែម​ទៀត ធ្វើ​អោយ​រូបគេ​ខឹង​ទប់ចិត្ត​មិន​បាន ក៏​ដាល់​មួយ​ដៃ​ចំ​កណ្តាល​ពោះ បណ្តាល​នាង​ចុក​ឆ្អល់ រួច​សន្លប់​លែង​ដឹងខ្លួន ហើយ​រូបគេ​បាន​យក​កូនកាំបិត​អា​រក​បន្ថែម​រហូត​ដល់​នាង​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ។ ជនសង្ស័យ បាន​សារភាព​ទៀត​ថា ក្រោយ​ពី​សម្លាប់​ប្រពន្ធ រូបគេ​បាន​ដោះ​យក​គ្រឿងអលង្ការ និង​ប្រមូល​យក​លុយ​ដែល​នៅ​មាន​ជាប់​នឹង​ខ្លួន​នាង មាន​ខ្យែ​ក​មាស​៥​ជី​, កងដៃ​ផ្លា​ក​ទី​ន​១​តម្លឹង ក្រវិល​ផ្លា​ក​ទី​ន​១​ជី ចិញ្ចៀន​១​ជី និង​ប្រាក់​២០​ម៉ឺន​រៀល​ផង​ដែរ ហើយ​គេចខ្លួន​ចេញពី​កន្លែង​កើត​ហេតុតែ​ម្តង​ទៅ ។

ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​សម្លាប់​ដោយ​អា​រក មានឈ្មោះ ហ៊​ន ណា​វី អាយុ​ជាង​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​ខាងលើ ។
បើ​តាម​លោក ហង្ស ស្រុង អាយុ​៤៤​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​របស​ស្ត្រី​រង​គ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា កូនស្រី​គាត់ ណា​វី បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ ជា ធី​ម៉ា​រ៉ាត់ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​គ្រី ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី កាលពី​ឆ្នាំ​កន្លង​ទៅ និង​មានកូន​ម្នាក់ អាយុ​៦​ខែ ។

បុរស​ជា​ឪពុក បន្ត​ថា កាលពី​ពេល​ថ្មី​ៗ​នេះ កូនប្រសារ បាន​ទាស់សម្តី​ជាមួយ​គាត់ ហើយ​ក៏​ចុះ​ចេញពីផ្ទះ​ចោល​កូនស្រី​គាត់ ទៅ​ផ្ទះ​របស់​គេ​នៅ​ភូមិ​ព្រៃ​គ្រី​បាត់​ទៅ ហើយ​នៅ​ថ្ងៃ​កើតហេតុ វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​១២ កុម្ភៈ កូនស្រី​គាត់​បាន​ទុក​កូន​តូច​អាយុ​៦​ខែ ឱ្យ​ក្មួយ​មើល ដោយ​ប្រាប់​ថា ទៅ​ផ្ទះ​យាយ​មួយ​ភ្លែត ហើយ​ក៏​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​យាយ ដែល​មាន​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ពី​ផ្ទះ​គាត់ ។ ពេល​ទៅ​ដល់​ផ្ទះ​យាយ កូនស្រី​គាត់​បាន​ផ្ញើ​ម៉ូតូ រួច​ក៏​ជិះទូក​ឆ្លងទន្លេ មក​ត្រើយម្ខាង ហើយ​ក៏​បាត់​ខ្លួន​រហូត​ទៅ ។

លោក ហង្ស ស្រុង ជា​ឪពុក បាន​បញ្ជាក់​ទៀត​ថា នៅ​ម៉ោង​១១​ព្រឹក ពេល​គាត់​មក​ពី​ស្រែ​វិញ មិនឃើញ​កូនស្រី​ឃើញ​តែ​ចៅ​យំ​ពេញ​ផ្ទះ ពេល​សួរ​ក្មួយ​ប្រាប់​ថា កូនស្រី​គាត់​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​យាយ មាន​គេ​ទូរ​សព្ទ័​មក​ហៅ​គាត់ ។ ពេល​នោះ​គាត់​ក៏​បាន​ទៅ​រក​នៅផ្ទះ​យាយ តែ​រក​មិនឃើញ ឃើញ​តែ​ម៉ូតូ និង​ពេល​ទូរ​សព្ទ័​ចូល តែ​គ្មាន​អ្នក​លើក​ទៀត ទើប​មានការ​សង្ស័យ ក៏​នាំ​គ្នា​ដើរ​រក ស្ទើរ​ពេញ​មួយ​ថ្ងៃ រហូត​ដល់​ម៉ោងជាង​៧​យប់ ថ្ងៃ​ដដែល ក៏​ប្រទះ​ឃើញ​កូនស្រី​ស្លាប់​ដោយ​ត្រូវ​គេ​អា​រកតែ​ម្តង ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៨ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​សាកសព​ស្ត្រី​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ក៏​ប្រទះ​ឃើញ​មាន​ទូរស័ព្ទ​របស់​ស្ត្រី​រង​គ្រោះ​មួយ​គ្រឿង កូនកាំបិត​ដង​លឿង​១ នៅ​ក្បែរ​សាកសព​ស្ត្រី​រង​គ្រោះ ។ តាម​រយៈ​លេខ​ហៅ​ចូល​ទៅ​ទូរស័ព្ទ​ស្ត្រី​រង​គ្រោះ ជា​តម្រុយ​ដែល​អាច​អោយ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ទៅ​លើ​បុរស​ជា​ប្តី ហើយ​បាន​ហៅ​មក​សួរនាំ ក៏​ឃាត់ខ្លួន​បាន​តែ​ម្តង ៕