ឃុំ​ខ្លួន​បង​ថ្លៃ និង​ប្រពន្ធ ប្រធាន​មន្ទី​រពេទ្យ​វិសា​ល​សុខ នៅ​ក្នុង​គុក​សិន​ ស្រួល​នាំ​ស្រី​ក្មេង​ចូល​ក្នុង​ផ្ទះ​

ភ្នំពេញ៖ យោង​តាម​ប្រភពពី សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ២​០១៨នេះ លោក ម៉ុង មុនីសោភា ចៅក្រម​ស៊ើប​សួរ​នៃ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ប្រពន្ធ និង​បង​ថ្លៃ របស់​លោក ជា សំអាន ប្រធាន​មន្ទីរ​ពេទ្យ​វិសាល​សុខ នៅ​ក្នុង​ពន្ធនាគារ ព្រៃ​ស​ជា​បណ្តោះ​អាសន្ន ពាក់ព័ន្ធ​ករណី ប្រើ​ហិង្សា លើ​លោក ជា សំអាន ពេល​លោក​កំពុង ដេក​ជា​មួយ​ស្រី​ក្មេង​នៅ​ក្នុង​ផ្ទះ ប្រពន្ធ​មក​​ទាន់ ។

ប្រភព​បន្ថែម​ថា ចៅ​ក្រម​ស៊ើបសួរ​បានចេញ​ដី​កា បង្គាប់ឱ្យ​ឃុំ​ខ្លួន ក្រោយ​ពី​លោកខាំ ផារី ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស៊ើប​សួរ និងចោទ​ប្រកាន់​លើ​ជន​ត្រូវ​ចោទ ទី១ឈ្មោះ ទូច រស្មី ហៅអាមុី ភេទ​ស្រី អាយុ ៣៣ឆ្នាំ ជាប្រពន្ធ របស់លោក ជា សំអាន ប្រធានមន្ទីរពេទ្យវិសាលសុខ និង​ទី​២​ឈ្មោះ ទូច សុធា ហៅតុង ភេទប្រុស អាយុ ៣៥ឆ្នាំ ជាបងថ្លៃលោក ជា សំអាន ក្រោម​បទ​ចោទ​ប្រកាន់ ហិង្សា​ដោយចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ប្រព្រឹត្តនៅ​ចំណុចផ្ទះ​លេខ១០​៣​៥ បុរីសេវិនវិឡា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ យោង​តាម​មាត្រា ២១៨ នៃក្រម​ព្រ​ហ្ម​ទណ្ឌ ។

គួររំលឹកថា សមត្ថកិច្ច​កងរាជអាវុធ​ហត្ថ​រាជធា​នី​ភ្នំពេញ បានឃាត់ខ្លួនជនត្រូវចោទ ទាំង២​នាក់​ខាង​លើ កាល​ពី​ល្ងាច​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រោយ​ពី​ពួក​គេបានប្រើហិង្សា​លើ​លោ​ក ជា សំអាន ប្រធានមន្ទីរពេទ្យវិសាលសុខ ដែ​ល​បានយកស្រីក្មេងទៅដេកដល់ក្នុងផ្ទះ កើត​ហេតុ​ខាង​លើ ហើយ​ប្រពន្ធ​មក​ទាន់ ។

អំពើហិង្សានេះបានផ្តើមឡើង នៅពេលដែល​ជន​ត្រូវចោទឈ្មោះ ទូច រស្មី ហៅអាមុី បាន​មក​ទាន់​លោក ជា សំអាន ជាប្តី កំពុងតែដេក​ជា​មួយស្រីក្មេង នៅលើ​គ្រែរបស់​នាង​ក្នុង​ផ្ទះ​តែ​ម្តង ។ បន្ទាប់​ពី​នាង​មក​ទាន់​ប្តី ជនត្រូវចោទ និង​លោក ជា សំអាន បានឈ្លោះគ្នា រហូត​ផ្អើ​ល​ដល់​ជន​​ត្រូវ​ចោទឈ្មោះ ទូច សុធា ហៅតុង ជា​បង​ប្រុស​នាង មក​ជួយ​ឃាត់ ប្តី កុំឱ្យ​វាយ​ប្រ​ពន្ធ ខណៈ​បង​ប្រុស​កំពុង​ចាប់​ប្តី ជនត្រូវ​ចោទ​ឈ្មោះ ទូច រស្មី ហៅអាមុី បានយក កាប៉ោយ​ជ័រ ដួស​ទឹក វាយ​ក្បាល​ប្តី​បែក​ក្បាល ។ ក្រោយ​មក​លោក ជា សំអាន ជាប្តី បានប្តឹងស​មត្ថកិច្ច​ឱ្យ​ចាប់​ប្រពន្ធ និងបងថ្លៃ កសាង​សំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​តែ​ម្តង​ទៅ ៕