អនុប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ ប្រាប់ថា​ជ្រុះ​កាំភ្លើង រាលកៃ​ផ្ទុះ​១​គ្រាប់

ភ្នំពេញ៖ លោក​ឧត្ត​សេនីយ៍​ត្រី​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ សហការ​ជាមួយ​នគរបាល​ខណ្ឌ​សែន​សុខ នាំ​ខ្លួន​យក​ទៅ​សាក​សួរ ក្រោយ​ពី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​នៅ​ក្នុងផ្ទះ​របស់​ខ្លួន បាន​ឆ្លើយ​ថា ជ្រុះ​កាំភ្លើង​ហើយ​រាល​កៃ​ផ្ទុះ​មួយ​គ្រាប់ ។

ករណី​ផ្ទុះអាវុធ​បែប​អនាធិបតេយ្យ​នោះ​បាន​កើតឡើង​កាលពី កាលពី​ម៉ោង​៤​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១០ កុម្ភៈ ឆ្នាំ​២០១៨ ចេញពីផ្ទះ​ឈ្មោះ ចាន់ ណា​រិ​ន អាយុ​៥២​ឆ្នាំ ជា​មន្ត្រី​នគ​របាល មាន​តួនាទី​ជា​អនុប្រធាន​នាយក​ដ្ឋា​ន​រដ្ឋបាល​ក្រសួងមហាផ្ទៃ ស្នាក់​នៅផ្ទះ​លេខ​៤៩​៩ ផ្លូវ​១០០៣ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខ​ណ្ឌ​​សែន​សុខ មានស្រុក​កំណើត​ភូមិ​អរិយ៍​ក្សត្រ ឃុំ​អរិយ៍​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ។ លោក​ឧត្តមសេនីយ៍ ចាន់ ណា​រិ​ន​ បានប្រាប់​ពី​មូលហេតុ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា មុន​កើតហេតុ គាត់​អង្គុយ​លើ​កៅអី​និយាយ​គ្នា​លេង​ជាមួយ​គ្រួសារ តែ​ក្រោយមក​គាត់​ក្រោកឈរ ស្រាប់តែ​កាំភ្លើង​ដែល​គាត់​សៀត​នៅ​ចង្កេះ​នោះ ទាក់​នឹង​កៅអី​បណ្តាល​ឱ្យ​ជ្រុះ​មក​ដី ហើយ​រាលកៃ​ផ្ទុះ​មួយ​គ្រាប់​ទៅ ក្រោយមក​ក៏​មាន​សមត្ថកិច្ច​ចុះ​ទៅ​ហៅ​គាត់​មក​សាកសួរ តែ​ម្តង ។

ប៉ុន្តែ​បើ​តាម​ប្រភព​នៅ​ក្បែរ​កន្លែង​កើតហេតុ​បា​ន​​ប្រាប់​ថា កាលពី​ម៉ោង​៤​និង​២០​នាទី​ល្ងាច ស្រា​ប់តែ​ឮ​សំឡេង​ផ្ទុះ​គ្រាប់កាំភ្លើង​បាញ់​ចេញ​ពីផ្ទះ​បុរស​ខាងលើ ចំនួន​៥​ទៅ​៦​គ្រាប់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ជិតខាង ពេល​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​រាយការណ៍ ទៅ​សមត្ថ​កិច្ច​ឱ្យ​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែងផ្ទះ​ខាងលើ មិនដឹង​ថា បាញ់​មូលហេតុ​អី្វ​ឡើយ ។ ក្រោយ​ពី​សាកសួរ​បណ្តោះអាសន្ន លោក​ឧត្ត​ម​សេនីយ៍ត្រី​ពី​មូលហេតុ​រួច​ហើយ សមត្ថ​កិច្ច​ក៏​បាន​ដកហូត​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក CS98 មា​ន​​លេខ​០០២២៤៣ ហើយ​បាន​បញ្ជូន​ទៅ​ធ្វើ​ការ​​សាកសួរ​បន្ថែម នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​រាជធានី​ភ្នំពេញ ៕