បុរសគំរាមកំហែងហែកកេរ្ដិ៍ ទារប្រាក់ជាង៤ម៉ឺនដុល្លារ ប្រឈមជាប់គុកពី៥ឆ្នាំទៅ១០ឆ្នាំ
|កណ្ដាល៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល លោក ឯក ស៊ុនរស្មី បានសម្រេចចោទប្រកាន់ជាផ្លូវការហើយ ទៅលើបុរសម្នាក់ គំរាមកំហែងហែកកេរ្ដិ៍ដើម្បីទារប្រាក់ពីស្ដ្រីរងគ្រោះជាពលការិនីខ្មែរនៅកូរ៉េ បានប្រាក់ជាង៤ម៉ឺនដុល្លារ បច្ចុប្បន្នជនសង្ស័យ បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។
មន្ត្រីតុលាការថ្លែង បានឱ្យដឹងថា ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ « គំរាមកំហែងហែកកេរ្តិ៍ »មានស្ថានទម្ងន់ទោស ដោយសារការអនុវត្តជាក់ស្ដែងនូវការគំរាមកំហែង តាមមាត្រា៣៧៤ នៃក្រមព្រហ្មទណ្ឌ បទល្មើសនេះ កំណត់ការផ្តន្ទាទោស ចន្លោះពី៥ឆ្នាំ ទៅ១០ឆ្នាំ ។
ជនលើ្មស ប្រើរូបភាពអាក្រាតកាយគំរាមទារប្រាក់ចុងក្រោយមុនការចាប់ខ្លួន បានកើតឡើងនៅវេលាម៉ោង១និង៥នាទីថ្ងៃទី២៨ មករា នៅក្នុងស្រុកហ្វាសងស៊ី ខេត្តចង់គីឌូ ប្រទេសកូរ៉េ ខាងត្បូង ។ ជនសង្ស័យត្រូវចាប់ខ្លួនបាននៅវេលារសៀលថ្ងៃទី៥ ខែកុម្ភៈ ២០១៨ ហើយមន្ត្រីនគរបាលបានបញ្ចូនមកតុលាការនៅព្រឹកថ្ងៃទី៧ កុម្ភៈ នេះ ។ ជនសង្ស័យ គឺជាមុខសញ្ញាចោរប្លន់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ធ្លាប់ជាប់គុកព្រៃស និងត្រពាំងផ្លុងរយៈពេល១២ឆ្នាំ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៤ និងទើបតែចេញពីគុក ។
សូមជម្រាបថា ស្ត្រីខ្មែរជាពលការិនីនៅប្រទេសកូរ៉េម្នាក់ដែលមានប្ដីរួចទៅហើយ ប៉ុន្តែមានចិត្តមិនស្មោះ លង់ក្នុងអារម្មណ៍តណ្ហាលួចលាក់មានស្នេហាជាមួយនឹងបុរសម្នាក់ទៀតត្រូវជាមិត្តភក្ដិប្តីរបស់ខ្លួន មានទំនាក់ទំនងស្នេហានោះបានធ្វើឡើងតាមរយៈឆាតក្នុងបណ្ដាញសង្គមហ្វេសប៊ុក ហើយពីមួយថ្ងៃ ទៅមួយថ្ងៃ នារីដែលលង់ស្នេហ៍ជាមួយបុរសនោះយ៉ាងខ្លាំងដោយមិនបានដឹងថា ជននោះគឺជាមុខសញ្ញាចោរប្លន់ និងធ្លាប់ជាប់គុកអស់រយៈពេល១២ឆ្នាំ ទើបតែចេញពីគុកឡើយ ។ ដោយសារតែស្រឡាញ់ខ្លាំងពេក រហូតឈានដល់ហ៊ានថតរូបអាក្រាតកាយខ្លួនឯង ផ្ញើមកឲ្យជនជាសង្សារនៅស្រុកខ្មែរមើលថែមទៀត ហើយទីបំផុត ក៏ត្រូវបានជននោះយករូបភាពស្រាតទាំងអស់ គំរាមទារប្រាក់បាន៤ម៉ឺនបីពាន់ដុល្លារ រហូតអស់លុយពីខ្លួនរលីង ទើបហ៊ានប្រាប់ប្ដី និងក្រុមគ្រួសារឲ្យដឹង ព្រមទាំងធ្វើដំណើរចាកចេញពីប្រទេសកូរ៉េមកស្រុកខ្មែរដាក់ពាក្យប្ដឹងសុំឲ្យនគរបាលចាប់ខ្លួនជននោះតែម្ដង ។
ក្នុងរយ:ពេល២ថ្ងៃ នគរបាលស្រុកអង្គស្នួល សហការជាមួយនគរបាលស្រុកពញាឮ ឃាត់ខ្លួនជនសង្ស័យធ្លាប់ជាប់ពន្ធនាគារពីបទប្លន់១២ឆ្នាំ មកគំរាមកំហែងហែកកេរ្ដិ៍ដើម្បីទារប្រាក់ ពីស្ដ្រីរងគ្រោះម្នាក់ដែលធ្វើការនៅប្រទេសកូរ៉េ នៅចំណុចស្ថានីយប្រេងឥន្ធនៈ LHR ស្ថិតនៅក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល វេលារសៀលថ្ងៃទី៥ ខែកុម្ភៈ ២០១៨ ។
លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បានសរសេរនៅលើហ្វេសប៊ុករបស់លោកអោយដឹងថា នគរបាលស្រុកអង្គស្នួល សហការជាមួយនគរបាលស្រុកពញាឭ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្នុងករណីគំរាមកំហែងហែកកេរ្ដិ៍ដើម្បីទារប្រាក់ពីស្ដ្រីរងគ្រោះឈ្មោះ ទ ច.ម.ន មានអាយុ៣១ឆ្នាំ ជនជាតិខ្មែរ ជាពលការីនីនៅប្រទេសកូរ៉េ ផ្នែកគ្រឿងបន្លាស់រថយន្តត្រូវបានជននេះគម្រាមឲ្យផ្ញើលុយតាមវីងអស់ចំនួន៤៣.០០០ដុល្លារ ។ ចំណែកឯបុរសដែលជាជនជំរិតទារប្រាក់ឈ្មោះ ផា ផាន់ណា អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។
ក្នុងការចាប់ខ្លួននេះផងដែរ នគរបាលបានដកហូតវត្ថុតាងមួយចំនួនពីជននោះរួមមាន ក្រដាសលេខកូដវីង ចំនួន១៥សន្លឹក មានទឹកប្រាក់សរុប១២.៨២០ដុល្លារ, ម៉ូតូម៉ាក ហុងដាស្គុបពី ពណ៌ស ស្លាកលេខ ភ្នំពេញ 1GQ-9967 ទូរស័ព្ទ១គ្រឿង, កាបូប១មានលុយ ៣០ដុល្លារ, អត្តសញ្ញាណប័ណ្ណ១សន្លឹក, ខ្សែដៃប្លាទីន១ខ្សែ, ខ្សែក១ខ្សែ, ចិញ្ចៀន១វង់ និងខ្សែចង្កេះប្រាក់១ខ្សែ ។
បើតាមប្រភពពីមន្ត្រីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ស្ត្រីរងគ្រោះបានចេញទៅធ្វើការនៅប្រទេសកូរ៉េលើកដំបូងនៅក្នុងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣ ។ លុះដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ បានសុំច្បាប់ ថៅកែត្រឡប់មកស្រុកកំណើតវិញមួយរយៈដើម្បីរៀបការ ។ ក្រោយពេលរៀបការរួចនាងបានសម្រាកនៅរួមរស់ជាមួយប្ដីបានរយៈពេល១ខែនិង៥ថ្ងៃ ទើបវិលត្រឡប់ទៅធ្វើការនៅប្រទេសកូរ៉េវិញគឺនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ។
លុះដល់ដើមខែឧសភា ឆ្នាំ២០១៧ នាងបានចាប់ផ្ដើមបែកឆ្វេង ស្រមៃចង់ភ្លក្សរសជាតិស្នេហ៍ថ្មី ដោយសារមានទំនាក់ទំនងជាមួយជនឈ្មោះ ផា ផាន់ណា ស្គាល់គ្នាកាន់តែស៊ីជម្រៅរហូតឆាតតាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងបានសាសងគ្នាលេងតាមឆាត តាមអាខោនរបស់ជននោះឈ្មោះ Srey Nang ចំណែករបស់នាងរងគ្រោះគឺមានឈ្មោះលើហ្វេសប៊ុក Sok Chen ហើយបានសុំស្រឡាញ់គ្នា ហើយបានថតវីដេអូផ្ទាល់បង្ហាញកេរ្តិ៍ភេទឲ្យគ្នាមើលទៅវិញទៅមកដោយសារការស្រឡាញ់គ្នា ក្នុងពេលដែលជនរងគ្រោះ កំពុងធ្វើការនៅប្រទេសកូរ៉េ ។
ប្រភពដដែលបានបន្តទៀតថា រហូតដល់ខែមិថុនា ឆ្នាំ២០១៧ ទំនាក់ទំនងស្គាល់គ្នានោះបានឈានដល់ការស៊ីជម្រៅ រហូតឆាតតាមហ្វេសប៊ុក ពីការបានស្រឡាញ់គ្នាទៅវិញទៅមក ។ មិនតែប៉ុណ្ណោះបានថតផ្សាយផ្ទាល់ វីដេអូរបង្ហាញកេរ្តិ៍ភេទ ឲ្យគ្នាមើលទៅវិញ ទៅមកជាច្រើនដងថែមទៀតផង ។ ជនកំហូចមិនបោះបង់គំនិតជាចោរ បន្ទាប់ពីបានរូបភាពអាក្រាតកាយពីនារីរងគ្រោះពេញក្នុងដៃហើយជននេះបានចាប់ផ្ដើម យករូបនោះគម្រាមទារលុយពីនាងរងគ្រោះ ដោយគម្រាមនាងថាបើមិនឲ្យទេ រូបគេនិងយករូបអាក្រាតទាំងនោះបង្ហោះប្រាប់ទៅឲ្យក្រុមគ្រួសារ និងប្ដីរបស់នាងឱ្យដឹង ឲ្យឈឺចាប់ក្អួតឈាម និងនាងក៏ខ្មាស់គេមិនខានឡើយ ។
ខណៈនោះដោយសារតែខ្លាចបែករឿងដឹងដល់ប្ដីនិងក្រុមគ្រួសារ ទើបនាងសុខចិត្តវេរលុយតាមវីងឲ្យជននេះជាបន្តបន្ទាប់ ដោយចាប់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០១៧ អស់សរុបចំនួន៦.០០០ដុល្លារ ។ បន្ទាប់មកជននេះបានបន្តគម្រាមយកលុយ រហូតនាងអត់លុយក៏បានទាក់ទងដោយសម្ងាត់ មកកាន់បងប្អូនដែលបើកវីង នៅខេត្តកំពង់ឆ្នាំង ឲ្យជួយវេរលុយឲ្យសរុប១១.០០០ដុល្លារ ។ ក្រោយមកនាងបានសងទៅបងប្អូនខាងលើ ទើបតែបានចំនួន៣.០០០ដុល្លារតែប៉ុណ្ណោះ ។
ប្រភពខាងលើបានបន្តទៀតថា មិនបានប៉ុន្មានផង ជននោះបានគំរាមទារលុយទៀត ពេលនោះនាងបានទាក់ទងទៅមិត្តភក្ដិនាងដែលធ្វើការនៅប្រទេសកូរ៉េដូចគ្នា ហើយមានបងប្អូននៅស្រុកខ្មែរ រកស៊ីវេរលុយខ្មែរ-កូរ៉េ មានទីតាំងនៅក្នុងខេត្តពោធិ៍សាត់ឲ្យជួយទាក់ទងគ្នា បន្តមកបងប្អូនរបស់ខ្លួនមួយទៀត នៅខេត្តព្រៃវែងជួយបើកវីង បានសរុបលុយ៨.៧៩០ដុល្លាររួចផ្ញើឲ្យជននោះ ។ បន្ទាប់មកចំនួន៣,៥០០ដុល្លារទៀត និងលើកចុងក្រោយផ្ញើតាមរយៈប្រព័ន្ធ Western Vnion ពីប្រទេសកូរ៉េមកខ្មែរ សរុបលុយ ចំនួន១.៩០០.០០០វ៉ុន(ប្រាក់កូរ៉េ) ស្មើនឹង១.៦៥០ដុល្លារ ។ ប៉ុណ្ណឹងហើយបុរសចោរនៅតែមិនព្រមបញ្ឈប់សកម្មភាពគំរាមទៀតឡើយ ដោយសារតែខ្លួនអស់មានលទ្ធភាពរកលុយបន្ថែមឲ្យជននោះ បានតទៅទៀតនោះ ក៏សម្រេចចិត្តប្រាប់ប្ដី និងក្រុមគ្រួសារបានដឹង ហើយនាងបានសុំច្បាប់ថៅកែត្រឡប់មកស្រុកខ្មែរវិញ និងដាក់ពាក្យបណ្ដឹង ឲ្យនគរបាលស្រុកអង្គស្នួល ជួយចាប់ខ្លួនជននោះចាត់ការតាមច្បាប់តែម្ដង ។
មន្ត្រីនគរបាលបានបន្ថែមថា ក្រោយពេលទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងមានសមត្ថកិច្ចបានចុះទៅធ្វើការចាប់ខ្លួនជននោះដល់ស្រុកពញាឮបានភ្លាមៗនាំយកមកសាកសួរ ហើយជននោះបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគំរាមជនរងគ្រោះមែន ។ ចំណែកលុយដែលនាងផ្ញើឲ្យខ្លួនបានស៊ីចាយ និងលេងល្បែងកាស៊ីណូអស់ហើយគ្មានសល់ទេ ។ ដោយឡែកជននេះ គឺជាមិត្តភក្ដិប្ដីរបស់ស្ត្រីរងគ្រោះផងដែរ ដោយស្គាល់គ្នាពេលទៅរៀនភាសាកូរ៉េ នៅក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហើយក្រោយមកជននេះក៏បានក្លាយជាគ្រូបង្គោលទៀតផង ។ នៅខេត្តកំពង់ឆ្នាំង រហូតស្នាក់នៅផ្ទះ និងទំនាក់ទំនងស្គាល់គ្នាជាមួយក្រុមគ្រួសារជនរងគ្រោះ ៕