សួរ​មេ​រៀនមិន​ចេះ គ្រូ​វាយ​សិស្ស​នឹង​បន្ទាត់ ឪពុក​ម្ដាយ​ខឹង​ប្ដឹង​ទារ​៨​លាន​រៀល

តាកែវ ៖ គ្រូបង្រៀន នៃ​វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​បាទី​ម្នាក់ ត្រូវ​អាណាព្យាបាល​ខាង​កូនសិស្ស​ស្រី ប្ដឹង​ទាមទារ​សំណង​ចំនួន​៨​លាន​រៀល បន្ទាប់​ពី​លោកគ្រូ​វាយ​សិស្ស​នឹង​បន្ទាត់​ចំ​ស្មា ពេល​សួរ​មេរៀន​មិន​ចេះ នេះ​បើ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក «​បណ្តាញទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា​» បាន​យក​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១ កុម្ភៈ ២០១៨​នេះ ។
ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៧ មក​ម្លេះ ។ លោកគ្រូ មួ​ង ទូច ជា​គ្រូ​គណិត​វិទ្យា ចំណែកឯ​ សិស្ស​ស្រី​មាន​អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៨F នៅ​វិទ្យាល័យ ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​បាទី ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ ។ ខាងក្រោម​នេះ​ជា​សំនួរ និង​ពាក្យ​របស់​កូនស្រី​លោកគ្រូ​គណិត​វិទ្យា​ឈ្មោះ មួ​ង រ៉ា​នុ​ត​ពិសី បានអោយ​ដឹង​ថា សូម​បងប្អូន​អាន​ទាំងអស់​គ្នា ហើយ​បញ្ចេញ​មតិយោប​ល់​ទៅ​មើល​ថា សម​នឹង​ឪពុក​ម្តាយ​សិស្ស​ប្តឹង​ទេ កាលដែល​លោកគ្រូ​វាយ​សិស្ស ។

កញ្ញា មួ​ង រ៉ា​នុ​ត​ពិសី បន្ត​ថា «​តើ​វា​ពិតជា​ការ​រំលោភ​សិទ្ធ​កុមារ​ធ្ងន់ធ្ងរ​ណាស់​មែន​ទេ ? គ្រូ​សួរ​មេរៀន មិន​ចេះ វាយ​មួយ​បន្ទាត់​ចំ​ស្មា​ខាងក្រោយ បែរជា​អាណាព្យាបាល​សិស្ស​ប្តឹង​យក​៨​លាន​រៀល ។ តែ​អ្វី​ដែល​សំខាន់ មិនមែន​វាយ​សិស្ស​តែ​ម្នាក់​ទេ គឺ​វាយ​៨​នាក់ ពេល​សួរ​មេរៀន​មិន​ចេះ ។ ពាក្យ​ថា​គ្រូ ជា​ឳ​ពុក​ម្តាយ​ទី​២ វា​លែង​មាន​តម្លៃ​ទៀត​ហើយ ក្នុង​សង្គម​ខ្មែរ​យើង ។ គ្រាន់តែ​ចង់អោយ​កូន​គេ​ចេះ ហេតុ​អី​ត្រូវ​ជាប់គុក​ច្រ​វ៉ា​ក់ ប៉ា​អើយ​ប៉ា​… ប៉ា​ហត់​ហើយ ស្ទើរ​មួយ​ជីវិត​របស់​ប៉ា​ក្នុង​នាម​ជា​គ្រូ ប៉ា​ទទួល​បាន​អី​ខ្លះ ? កូន​ធ្លាប់​ប្រាប់​អោយ​ប៉ា​ឈប់​បង្រៀន តែ​ប៉ា​ថា ស្តាយ​ចំណេះ​ដែល​ធ្លាប់​មាន ចង់​បន្ត​ចំណេះ​ដល់​ក្មេង​ជំនាន់​ក្រោយ ។ អ្វី​ទៅ​ជា​ភាព​យុត្តិធម៌ សម្រាប់​គ្រូបង្រៀន​ជនបទ​ម្នាក់ ?​» ។

បើ​តាម លោក សន សុវណ្ណ​ឌី ដែល​ត្រូវជា​បងប្រុស​របស់​សិស្ស​ស្រី​ដែល​ត្រូវ​គ្រូ​វាយ ឯណោះ​វិញ បាន​រៀបរាប់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា ការ​អប់រំ​សិស្ស មិន​មាន​អ្វី​ខុស​ទេ ប៉ុន្តែ​ការ​វាយ​សិស្ស មិន​ថា​ស្រាល​ក្តី ធ្ងន់​ក្តី ក្នុង​គោលបំណង​អប់រំ ឬ​ធ្វើទុក្ខបុកម្នេញ គឺជា​អំពើ​ហិង្សា ដែល​ជា​ទ​ង្វើ​ខុសច្បាប់ និង​ខុស​ពី​វិជ្ជាជីវៈ​គ្រូបង្រៀន ។

លោកបញ្ជាក់​ថា វា​កើតឡើង​ច្រើន​ណាស់​មក​ហើយ នា​ពេល​កន្លង​មក ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ណាមួយ​សម​ស្រប​ឡើយ មាន​តែ​ការ​លាក់បាំង​ត​គ្នា​ពី​សំណាក់​គ្រូបង្រៀន រហូត​ដល់​ថ្នាក់​គ្រប់គ្រង​សាលា ក្នុង​ន័យ​រក្សារ​កេរ្តិ៍ឈ្មោះ​សាលា ធ្វើ​អោយ​មានការ​ខឹងសម្បា​ពី​សំណាក់​អាណាព្យាបាល​សិស្ស​ជា​ច្រើន ដែល​គ្រូបង្រៀន​នៃ​វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​បាទី​ម្នាក់ បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ប្អូនស្រី​ខ្ញុំ ដោយ​ប្រើ​បន្ទាត់​ដែក វាយ​លើ​ខ្នង​ធ្វើ​អោយ​ប៉ះពាល់​ដល់​សួត​ជា​ទំងន់ ធ្វើ​អោយ​មាន​បញ្ហា​ផ្លូវដង្ហើម​យ៉ាងធ្ងន់ធ្ងរ ។

លោក សន សុវណ្ណ​ឌី បន្ត​ថា «​ប្រើ​អំពើ​ហិង្សា​រលើ​ប្អូនស្រី​ខ្ញុំ មិន​ទាន់​មាន​ដំណោះស្រាយ​មួយ​ណា​ផង បែរជា​ចង់​នាំ​គ្នា​ប្ដឹង អាណាព្យាបាល​ជន​រង​គ្រោះ ពី​បទ​បរិហា​កេរ្តិ៍​ទៀត តើ​វា មិនមែន​ជា​រឿង​កំប្លែង​ចុងឆ្នាំ​២០១៧ ទេ​មែន​ទេ ? វា​ជា​រឿង​ដាច់​ដោយឡែក សម្រាប់​គ្រូបង្រៀន​ម្នាក់​ប៉ុណ្ណោះ សូម​លោកគ្រូ អ្នកគ្រូ​មេត្តា​យល់ និង​អធ្យាស្រ័យ​» ។

លោក​បាន​បន្ថែម​ទៀត​ថា ច្បាប់ក្រម​សីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន ឆ្នាំ​២០០៨ មាត្រា​១២ ចែង​ថា ៖ គ្រូបង្រៀន មិន​ត្រូវ​សមគំនិត​តាម​ផ្លូវ​កាយ ឬ​តាម​ផ្លូវចិត្ត ឬ​សម្ភារៈ និង​ឬ​តាម​រយៈ​ការ​ផ្ដល់​មធ្យោបាយ​ដែល​ធ្វើ​ឲ្យ​ខូចប្រយោជន៍​អ្នក​សិក្សា​ក្នុង​សេវា​អប់រំ​ឡើយ ។ គ្រូបង្រៀន​មិន​ត្រូវ​ដាក់​ទណ្ឌកម្ម​ខាង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​អ្នក​សិក្សា​ទេ ។ លោក​ក៏​សំណូមពរ​លោកគ្រូ ដែល​អះអាង​ថា ការ​វាយ​ក្មេង​ស្រី​នៅ​ក្នុង​សាលា​រហូត​ដេកពេទ្យ មិន​មាន​កំហុស មេត្តា​មើល​ផង ។

ទោះជា​យ៉ាងនេះ​ក្តី «ដំណឹងយប់មិញ​» នៅ​មិន​​ទាន់​​អាច​បរិយាយ​បន្ថែម​បាន​​ទេ​ថា​ ខាង​ណា​ខុស​ខាង​ណា​ត្រូវ​ឡើយ ព្រោះ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ភាគី​ទាំង​សងខាង ក៏​ដូច​អាជ្ញាធរ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អប់រំ​ខេត្តតាកែវ នៅឡើយ​ទេ ។ ខាងលើ​នេះជា​មតិពី​គ្រួសារ​ភាគី​ទាំង​សងខាង ពិត​ឬ​មិន​ពិត​យ៉ាង​ណានោះ សូម​ជួយ​ពិចារណា និង​ជួយ​ផ្តល់​មតិ​មក​ស្រាយ​ផង ៕