រ៉ូហ្ស៊េត ព្រម​ដក​ស្លាក​មាន​ពាក្យ​«ឧទ្ទាម​​ »

កញ្ញា ស៊ិ​ន ពៅ​ចាន់​រ៉ូ​ហ្ស៊េ​ត បាន​យល់ព្រម​ដក​ស្លាក​ដែល​មាន​ពាក្យ «​ឧទ្ទាម​ជន​» ចេញពី​មុខ​ហាង​របស់​នាង​ទៅ​តាម​ការ​ស្នើ​របស់​អភិបាលក្រុង​បាត់ដំបង​នៅ​ក្នុង​ជំនួប​មួយ​កាលពី​ម្សិលមិញ​ដែល​ស្លាក​នេះ​ត្រូវ​បាន​ដាក់ បន្ទាប់​ពី​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ឈាង វុន បាន​ចោទប្រកាន់​ហាង​របស់​អតីត​ចៅសង្កាត់​អូរ​ចាម​ក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ថា​ជា​កន្លែង​ប្រមូលផ្ដុំ​ជន​ឧទ្ទាម​ខុសច្បាប់​។

លិខិត​កោះ​អញ្ជើញ​របស់​លោក ផេង សិ​ទ្ធី អភិបាលក្រុង​បាត់ដំបង​កាលពី​ថ្ងៃ​ទី ៥ ខែកុម្ភៈ​បាន​សរសេរ​ថា​៖ «​សូម​អញ្ជើញ​លោកស្រី ស៊ិ​ន ពៅ​ចាន់​រ៉ូ​ហ្ស៊េ​ត ម្ចាស់​អាហារ​ដ្ឋា​ន​រ៉ូ​ហ្ស៊េ​ត​នៅ​ក្រុម​ទី ៤ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ដើម្បី​ចូលរួម​ប្រជុំ​ពិភាក្សា​ការងារ​មួយ​ចំនួន​នៅ​ថ្ងៃ​អង្គារ ទី ៦ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅ​វេលា​ម៉ោង ១០:០០ នាទី​ព្រឹក​នៅ​សាលាក្រុង​បាត់ដំបង​»​។ កញ្ញា ស៊ិ​ន ពៅ​ចាន់​រ៉ូ​ហ្ស៊េ​ត ម្ចាស់​អាហារ​ដ្ឋា​ន​រ៉ូ​ហ្ស៊េ​ត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា​លោក​អភិបាលក្រុង​បាន​ស្នើ​ឲ្យ​កញ្ញា​ដក​យីហោ​ចេញពី​ហាង​លក់​នំ​បញ្ចុក​ខ្មែរ​ដែល​បាន​សរសេរ​ពាក្យ​ថា «​ហាង រ៉ូ​ហ្ស៊េ​ត រីករាយ​ស្វាគមន៍​ភ្ញៀវ​ទាំងអស់​លើកលែងតែ​ឧទ្ទាម​ជន​» របស់​នាង​ចេញ​ហើយ​នាង​ក៏​បាន​យល់ព្រម​តាម​សំណើ​នេះ​។

កញ្ញា​បន្ត​ថា​លោក​អភិបាលក្រុង​បាន​លើក​ឡើង​ថា​បច្ចុប្បន្ន​ស្រុក​ខ្មែរ​មាន​សន្តិភាព​ហើយ​មិន​គួរ​នាង​សរសេរ​ដាក់​ពាក្យ​បែប​នេះ​ជា​សាធារណៈ​នោះ​ទេ ព្រោះ​បើ​ដាក់​ស្លាក​បែប​នេះ​គឺ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យល់​ច្រឡំ​ថា ស្រុក​ខ្មែរ​ក៏​មាន​ជន​ឧទ្ទាម​ដែរ​។ លោក​អភិបាលក្រុង​បាន​ឲ្យ​នាង​បញ្ចេញមតិ​ជុំវិញ​ការ​លំបាក​លើ​អាជីវកម្ម​របស់​ខ្លួន ហើយ​កញ្ញា​ក៏​សូម​មិន​ឲ្យ​មាន​អ្នក​មក​យាយី​ការ​រកស៊ី​របស់​នាង​ទៀត​។ កញ្ញា រ៉ូ​ហ្ស៊េ​ត បញ្ជាក់​ថា​៖ «​ខ្ញុំ​ក៏​បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ដាក់​ពាក្យ​នេះ ទៅ​កាន់​លោក​អភិបាលក្រុង​ដែរ​ថា​ការ​ពិត​អាហារ​ដ្ឋា​ន​របស់ខ្ញុំ​មាន​ស្លាក​យីហោ​ល្អ​ត្រឹមត្រូវ​ណាស់ ប៉ុន្ដែ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​លោក ឈាង វុន បាន​មក​ចោទ​ហាង​របស់ខ្ញុំ​ថា​ជា​កន្លែង​ប្រមូលផ្ដុំ​ជន​ឧទ្ទាម​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ហាង​ខ្ញុំ​បាន​បាត់បង់​ភ្ញៀវ​មួយ​ចំនួន​ធំ​។ ដូច្នេះ​ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ប្រាប់​គេ​ពី​ការ​ពិត​ទេ ព្រោះ​វា​ជា​ចំណូល​ប្រចាំ​ថ្ងៃ​របស់ខ្ញុំ ខ្ញុំ​មិន​អាច​អត់​វា​បាន​ទេ​»​។

លោក សេក ចិ​ត្ត្រា នាយករង​រដ្ឋបាល​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​សាលាក្រុង​បាន​អញ្ជើញ​កញ្ញា ស៊ិ​ន ពៅ​ចាន់​រ៉ូ​ហ្ស៊េ​ត មក​ជជែក​គ្នា​ពី​ការ​ដាក់​ស្លាក​យីហោ​អាហារ​ដ្ឋា​ន «​ហាង រ៉ូ​ហ្ស៊េ​ត រីករាយ​ស្វាគមន៍​ភ្ញៀវ​ទាំងអស់​លើកលែងតែ​ឧទ្ទាម​ជន​» ដោយ​លោក​អភិបាលក្រុង​បាន​ប្រាប់​ឲ្យ​កញ្ញា​ដក​ស្លាក​យីហោ​នោះ​ចេញ ហើយ​កញ្ញា​ក៏​យល់ព្រម​ដក​ចេញ​តាម​សំណើ​នេះ​ដែរ​។ លោក​បន្ត​ថា កញ្ញា​មិន​គួរ​សរសេរ​ដាក់​ស្លាក​យីហោ​ហាង​បែប​នេះ​ទេ ព្រោះ​ពេល​គេ​មើល​ទៅ​​ហាក់ដូចជា​មិនល្អ​មើល​ទេ​ដោយសារ​ប្រទេ​ស​កម្ពុជា​កំពុង​មាន​សុខ​សន្ដិភាព និង​ការ​រីក​ច​ម្រើន​គឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​មាន​ឧទ្ទាម​ជន​នោះ​ទេ​។

លោក​ថា​៖ «​យើង​បាន​និយាយ​គ្នា​យ៉ាង​ស្រួល ហើយ​បាន​ឯកភាព​គ្នា​ដោយ​កញ្ញា​ព្រម​ដក​ស្លា​ក​យីហោ​ហ្នឹង​ចេញ​។ យើង​ជជែក​គ្នា​ប្រហែ​ល​ជិត​មួយ​ម៉ោង ហើយ​យើង​ប្រាប់​គាត់​ថា​ពា​ក្យ​​ហ្នឹង​យើង​មិន​គួរ​ដាក់​អ៊ីចឹង​ទេ វា​មិនល្អ​មើល​ទេ ហើយ​យើង​សុំ​ឲ្យ​គាត់​ដក​ចេញ ហើ​យ​​​គាត់​ក៏​យល់ព្រម​ដក​វា​ចេញ​ដែរ​។ ជជែក​គ្នា​នេះ​មិនមែន​ក្នុង​ន័យ​នយោបាយ​អ្វី​ទេ​គឺ​ជួប​គ្នា​ជា​លក្ខណៈ​អ្នកស្រុក​ជាមួយ​គ្នា និង​គ្រួសារ​តែ​មួយ​»​។ ការ​សម្រេចចិត្ត​របស់​កញ្ញា រ៉ូ​ហ្ស៊េ​ត សរសេរ​បែប​នេះ​បន្ទាប់​ពី​លោក ឈាង វុន បាន​ចូល​ទៅ​សរសេរ​ខ​មិន​នៅ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​រ៉ូ​ហ្ស៊េ​ត កាលពី​ថ្ងៃ​ទី ២៦ ខែមករា ដោយ​ចោទ​ប្រកាន់​ទីតាំង​ហាង​លក់​នំ​បញ្ចុក​ខ្មែរ​របស់​នាង​ថា​អាច​ជាទី​តាំង​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ និង​អាច​ជា​កន្លែង​ប្រមូលផ្ដុំ​ពួក​ឧទ្ទាម​។

ការ​ចោទប្រកាន់​របស់​លោក វុន នេះ​ដោយ​សំដៅលើ​អតីត​ក្រុម​អ្នកតំណាង​រាស្ត្រ​គណ​បក្ស​​សង្គ្រោះ​ជាតិ​ដែល​បាន​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ដែល​ចលនា​នេះ​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី និង​ភរិយា លោក អេ​ង ឆៃ​អ៊ា​ង និង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត ​។ លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ អ្នក​ស្រាវជ្រាវ និង​វិភាគ​បញ្ហា​សង្គម​យល់​ឃើញ​ថា​៖ «​ការ​ចោទ​ប្រកាន់​ថា​មានការ​ប្រមូលផ្ដុំ​ក្រុម​ឧទ្ទាម ឬ​ភេរ​វ​កម្ម​ផ្សេង​ៗ​នោះ​គឺ​វា​មិន​អាច​ទៅ​រួច​ទេ ព្រោះ​តា​ម​​ស្ថានភាព​ជាក់ស្ដែង​នៅ​ពេល​នេះ​ក្រុម​មេដឹ​ក​នាំ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ផ្នែក​បាន​ប្រកា​ស​​ត្រៀម​កម្ទេច​ក្រុម​បះបោរ​រួច​ជា​ស្រេច​។

លោក​ថា​៖ «​ធម្មតា​ការ​ហូប​ចុក​បើ​កន្លែង​ណា​ធ្វើ​ឆ្ងាញ់​គេរ​ត់ទៅ​រក​កន្លែង​ហ្នឹងហើយ គ្រាន់តែ​គ្នា​ទៅ​ហូប​ចុក​ចាំបាច់​ចោទ​គ្នា​ដល់​ថ្នាក់​ហ្នឹង​ធ្វើ​អ្វី អា​រឿង​អ្នក​ណា​ចង់​បង្កើត​ក្រុម​ឧទ្ទាម ឬ​ភេរវកម្ម​អ្វី​នោះ​គឺ​វា​ទៅ​មិន​រួច​ទេ ហើយ​ក៏​គេ​មិន​ធ្វើ​ដែរ​វា​ហួស​សម័យ​ហើយ ហើយ​ក៏​គួរតែ​បញ្ចប់​វប្បធម៌​បែប​នេះ​ទៅ​»​។ បន្ទាប់​ពី​គណបក្សប្រឆាំង​ត្រូវ​បាន​រំលាយ​កាលពី​ថ្ងៃ​ទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ កញ្ញា រ៉ូ​ហ្ស៊េ​ត អតីត​ចៅសង្កាត់​អូរ​ចា​ក៏​ដូច​មេឃុំ ចៅសង្កាត់ សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ រួម​ទាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុង​ស្រុក​ខណ្ឌ​សរុប​ជិត ៦០០០ រូប​បាន​បាត់បង់​តួនាទី​មុខ​តំណែង​។ សម្រាប់​កញ្ញា រ៉ូ​ហ្ស៊េ​ត ក៏​បាន​បើក​ភោជនីយដ្ឋាន​តូច​មួយ​លក់​ម្ហូបអាហារ​នៅ​ក្រុង​បាត់ដំបង​ដើម្បី​រក​កម្រៃ​ចិញ្ចឹម​ម្តាយ​ចាស់ជរា​របស់​នាង និង​ជួយ​ដោះស្រាយ​ការងារ​មនុស្សធម៌​ដែល​នាង​ធ្លាប់តែ​ធ្វើ​កន្លង​មក​៕