ប៉ូលិសខណ្ឌឫស្សីកែវចាប់ជនសង្ស័យមិនបាន​យកភស្ដុតាង​ទុក​យក​ស្នា​ដៃ មិនប្រគល់ឲ្យ​ប៉ូ​លិ​ស​​​ខណ្ឌ​​ដូន​ពេ​ញដែ​ល​​ខំ​ដេញចាប់​

ភ្នំពេញ៖ ប៉ូលិស​កងអន្តរាគមន៍​ខណ្ឌ​ដូន​ពេញ​​ម្នាក់​ ខំ​ប្រដេញ​ចាប់​ជន​សង្ស័យ​គ្រឿង​ញៀន រ​ហូត​ដល់​ខណ្ឌ​ឫស្សីកែវ ដោយមិនគិត​ពី​គ្រោះ​ថ្នាក់​ ប៉ុន្តែ​ចុង​ក្រោយ​បែរ​ជា​មន្រ្តី​ប៉ូលិស​ប៉ុស្តិ៍​ផ្សា​រ​គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ​ ជាអ្នក​ទទួល​ផល​ប្រយោជន៍​ទៅ​វិញ​ បន្ទាប់ពីចាប់​បា​ន​ម៉ូតូ​ជន​សង្ស័យ និងរកឃើញ​ឯកសណ្ឋាន​សមត្ថកិច្ច​បង្កប់​នៅ​ក្នុង​កែប​ម៉ូតូ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាលខណ្ឌដូន​ពេញ​បាន​ប្រដេញ​ជន​សង្ស័យ​ម្នាក់ ដែលជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុង​ដា​ឃ្លីក ស៊េរី​ឆ្នាំ២០១៨ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1GL-4371​ដែល​សង្ស័យ​ថា ជាមុខសញ្ញាជួញដូរថ្នាំញៀន​ រហូ​ត​មក​ដល់​ទី​តាំង​វត្ត​កោះ ជាប់​នឹង​ប៉ុស្តិ៍​នគរបា​ល​រដ្ឋបាល​បឹងរាំង ចំណុច​ក្នុង​ខណ្ឌ​ដូនពេញ​ ជន​​សង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​បញ្រ្ចាស​ផ្លូវ​ ខណៈ​ដែល​ឃើញ​កម្លាំង​សមត្ថកិច្ចកំពុង​តែអនុវត្ត​ច្បាប់​ចរាចរណ៍ ។ ស្រប​ពេល​នោះ មន្រ្តីនគរបា​ល​ដែលនៅគោលដៅ បានហៅឲ្យឈប់​តែជន​សង្ស័យ​មិន​បាន​ឈប់​នោះ​ទេ ថែម​ទាំង​បើក​ទៅ​បុកម៉ូតូ​សមត្ថកិច្ច​ខណ្ឌដូនពេញ​នៅ​គោល​ដៅ​ទី១ ហើយ​បន្តទៅបុក​ម៉ូតូសមត្ថកិច្ចនៅ​គោ​ល​ដៅទី២​ទៀត។

ពេល​ឃើញ​ដូច្នេះ សមត្ថកិច្ច​ដែល​ប្រដេញ​តាម​ចាប់​ជន​សង្ស័យ​តាំង​ពីគោល​ដៅ​វត្ត​កោះ ក្នុង​ខណ្ឌ​ដូន​ពេញ រហូត​ដល់​ខណ្ឌ​ឫស្សី​កែវ ជន​សង្ស័យ​បាន​ផ្តួល​ម៉ូតូ​ចោល ហើយរត់គេច​ខ្លួន​បាត់ ។ ក្រោយ​ពី​សមត្ថកិច្ច​ត្រូវ​ពិនិត្យ និង​ឆែក​ឆេរ​ម៉ូតូ រក​ឃើញ​មាន​ឯក​សណ្ឋាន​ប៉ូលិស, ទា​ហា​ន និង​សម្ភារ​មួយ​ចំនួន​ទៀត ។ យោងតាម​សេចក្តី​រាយ​ការណ៍​បញ្ជាក់​ទៀត​ថា​ ក្រោយ​បង្ក​ការ​ភ្ញាក់​ផ្អើល កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​គីឡូ​ម៉ែត្រ​លេខ​៦ បាន​ចុះ​ទៅ​ដល់ បន្ទាប់​មក​ក៏​យក​ម៉ូតូ​ជន​សង្ស័យ​ទៅ​ទុក ដោយមិន​ព្រម​ប្រគល់​មកឲ្យប៉ូលិស​ខណ្ឌដូនពេញ​វិញ​ឡើយ​ ដែល​រូប​ភាព​នេះ​គេ​ចាត់​ទុក​ថា​ ចង់​បា​ន​ប្រយោជន៍ និងស្នាដៃ ។

ពាក់ព័ទ្ធ​ករណី​ខាងលើនេះភ្នាក់​ងារ​ ដំណឹង​យប់​មិញ​ មិន​អា​ចសុំ​ការ​បកស្រាយ​បំភ្លឺពី​លោក​អធិការ​ខណ្ឌឬស្សីកែវ​បាន​​ឡើយ ៕