បើ​ទុក​ក៏​មិន​ដឹង​យក​ធ្វើ​អ្វី​ដែរ ឲ្យ​កម្មករ​ដុត​កំទេច​ឈើចោល មាន​អី​ព្រលឹងចុងសក់​

ភ្នំពេញ៖ អគ្គីភ័យ​ដែល​បណ្តាល​មក​ពី​កម្មករ​ដុត​កំទេច​ឈើ ក្នុង​ដីឡូត៍​ក្រុម​ហ៊ុន​ស្រាបៀរ ហ្គេង​បឺត បាន​ឆាប​ឆេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​សមត្ថកិច្ច និងរថយន្ត​ពន្លត់​អគ្គី​ភ័យ ចេញ​មក​ពន្លត់​កាល​ពី​វេលា​ម៉ោង ៥ ល្ងា​ច​ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងបរិវេ​ណ​ដីឡូត៍មួយកន្លែងរបស់ក្រុមហ៊ុនស្រាបៀរ ហ្គេ​ង​បឺត ស្ថិតក្នុងភូមិ ស្ពានខ្ពស់ សង្កាត់គ.ម លេ​ខ​៦ ខណ្ឌប្ញស្សីកែវ ។

តាម​សម្ដីបង​ស្រី​ម្នាក់​ទំនង​ជាកម្មករ​ក្នុង​ការ​ដ្ឋានខាង​លើ​​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​អោយ​ដឹង​ថា ជា​រៀង​រាល់​ថ្ងៃ ក្រុម​ហ៊ុន​ស្រាបៀរ ហ្គេង​បឺត តែង​តែ​អោយ​កម្មករ​ដុត​កំទេច​ឈើ ចោល ព្រោះ​ប្រើ​ការ​លែង​កើត បើ​ទុក​ក៏​មិន​ដឹង​យក​ធ្វើ​អ្វី​ដែរ ។ តែ​នៅ​ល្ងាច​កើត​ហេតុ សង្ស័យ​មាន​ខ្យល់​ខ្លាំង​ទើប​ភ្លើង​ដែល​ដុត បាន​ឆាប​ឆេះ​ដល់​គំនរ​ឈើ​នៅ​ក្បែរ​គ្នា​បង្ក​ទៅ​ជា​អណ្តាត​ភ្លើ​ង​គ្រប់​គ្រង​លែង​បាន ទើប​ផ្អើល​ឆោល​ឡោ យ​ករថយន្ត​ពន្លត់អគ្គីភ័យ​ដែល​ប្រចាំការ​ក្នុង​ក្រុម​ហ៊ុន​ខាង​លើ ២​គ្រឿង​មក​បាញ់​ទឹក​ពន្លត់ នៅ​តែ​មិន​រលត់​ទៀត រហូត​ដល់​ថែម​រថយន្ត​ពន្លត់​អគ្គីភ័យ​សាលា​ខណ្ឌ​ប្ញស្សីកែវ ៤​គ្រឿង​ទៀត ទើប​អាច​គ្រប់​គ្រង​ស្ថាន​ការណ៍​បាន ។

សូម​បញ្ជាក់​ផង​ដែរ​ថា អគ្គីភ័យ​ខាង​លើនេះ​មិន​បណ្តាល​អោយ​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស និង​លំ​នៅ​ដ្ឋាន​នៅ​ក្បែរ​នោះ​ឡើយ គ្រាន់តែ​ឆេះ​គំនរ​ឈើ​ដែល​គេ​ទុក​ចោល​តែ​ប៉ុណ្ណោះ​។ ប្រ​ជា​ពលរដ្ឋដែលនៅក្បែរខាងនោះ សូមសំណូម​ពរ​ដល់​អជ្ញាធរ​ខណ្ឌ​ប្ញស្សីកែវ មេត្តា​ជួយ​ពនិត្យ និង​ជូន​ដំណឹង​ដល់​ក្រុមហ៊ុន ស្រាបៀរ ហ្គេងបឺ​ត នេះ​ផង លើ​ក្រោយ​សូម​ដុតឈើ​ដែល​ចោល​នោះ​ទៅ តាម​លក្ខណៈ​បច្ចេកទេស កុំអោយ​ដូច​លើក​នេះ​ទៀត ។ ចាត់​ទុក​ជា​សំណាង​ហើ​យ​ដែល​បាន​រថយន្ត​ពន្លត់​អគ្គីភ័យសាលាខ​ណ្ឌ​​នៅ​ក្បែរ​នោះ​មក​ជួយ​ពន្លត់​ទាន់ បើមិន​ដូច្នេះ​ទេ ប្រហែលជាអាចឆាបឆេះ​ដល់លំ​នៅ​ដ្ឋា​ន​ពួកគាត់ដែលនៅក្បែរនោះផងក៏មិនដឹង ៕