លោក ឌី រ័ត្នខេមរុណ អភិបាល​រង​ខណ្ឌ​​មាន​ជ័​យ ចុះ​​សួរ​​សុខ​​ទុក្ខ កម្មករ កម្មការនី នៅ​តាម​​ប​ន្ទ​ប់​​ផ្ទះ​​ជួល ក្នុង​​សង្កាត់​​បឹងទំពុនទី២

ភ្នំពេញ៖ នៅវេលា​ព្រឹក ម៉ោង​៩ ថ្ងៃ​អាទិត្យ ៤រោ​ច ខែ មាឃ ឆ្នាំ​រកា នព្វស័ក ព.ស ២៥៦១ ត្រូវ​ថ្ងៃ​ទី​០៤ ខែ កុម្ភៈ ឆ្នាំ២០១៨ នេះ លោកឌី រ័ត្ន​ខេម​រុ​ណ អភិបាល​រង​ខណ្ឌ​មាន​ជ័យ និង ជា​ប្រធាន​អនុសាខាកាក​បាទក្រហម​ខណ្ឌ​មាន​ជ័​យ រួម​ដំណើរ​ដោយ លោក ចៅ​សង្កា​ត់​បឹង​ទំ​ពុ​ន​ទី២ រួម​ទាំង សាមាជិក សមាជិកា អនុសា​ខា​កាក​បាទ​ក្រហម​ខណ្ឌ​មាន​ជ័យ បានដឹកនាំ​ក្រុម​ការងារ​ចុះ​សំណេះ សំណាល សួរ​សុខ​ទុក្ខ និង នាំយ​ក​អំណោយ មនុស្ស​ធម៌​របស់​អនុ​សា​ខា​ទៅ​ផ្តល់​ជូន​បង​ប្អូន​កម្មករ កម្មការ​នី​រោង​ច​ក្រ​ចំនួន ៣០​គ្រួសារ ដល់​លំ​នៅ​ឋាន​បង​ប្អូន​កម្មករ ស្ថិ​ត​ក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹង​ទំពុ​ន​២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុង​ឱកាស​នោះ លោក ឌី រ្ន័តខេមរុណ អភិបា​ល​រង​ខណ្ឌ​បាន​ផ្សព្វផ្សាយ អត្ថប្រយោជន៍​ជា​ច្រើន ដែល​ជា​គោលនយោបាយ​របស់​សម្តេច​តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​ផ្តល់​ជូន​កម្មករ​​រួម​មាន : ប្រាក់​ឈ្នួល​អប្បបរិមា ១៧០​ដុល្លារ​ក្នុង​១ខែ ( ប្រាក់​ខែ​គោល ) និងបូករួម​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗទៀត ការបញ្ចុះ​តម្លៃ​អគ្គីសនី ប្រើ​ប្រាស់ បញ្ចុះ​តម្លៃ​ទឹក​ស្អាត ។ ការ​ផ្តល់​ការ​គាំ​ពារ​សន្តិ​សុខ សង្គមដល់កម្មករ​ចាប់​ពី ខែមករា ឆ្នាំ២០១៨ គឺម្ចាស់ក្រុុមហ៊ុន​ទាំង​អស់ ត្រូវ​បង់​ថ្លៃ​របប​សន្តិ​សុខ សង្គម១០០​ភាគរ​យ ដល់​កម្មករ រោងចក្រ ។​ជាមួយ​គ្នា​នេះ​ដែរ បងប្អូននឹងទទួលបានការពិនិត្យ ព្យាបាល​ជម្ងឺ​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ ដោយឥតគិតថ្លៃតាម​រយះ​មូល​និធិ​សម​ធម៌ ។ ក្នុង​នោះ​ចំពោះ ស្ត្រីមានផ្ទៃ​ពោះ​សម្រាល​កូន និង​ទទួល​ការ​ឈប់ សម្រាក​ពី​ការងារ​រយះ​ពេល​៣​ខែ និង​ទទួល បាន​ប្រា​ក់​ខែ​១ (២០​ភាគរយ) លើស​ពីនេះ​បង​ប្អូន​ទទួ​ល បានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនៅពេលសម្រាលកូន ដោយអ្នកសម្រាលកូន១ ទទួល បាន​៤០ម៉ឺនរៀល អ្នកសម្រាកបានកូន២ ទទួ​ល​បាន៨០ម៉ឺន អ្នកសម្រាលបានកូន៣ ទទួល​បា​ន​១​លាន​២០​ម៉ឺន ។ កម្មករ កម្មការនី ទទួល​បានសេវាជិះរថយន្តក្រុងសាធារណះរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ( Free ) រយះពេល២ឆ្នាំ ( គិតចាប់ពីខែសីហា ឆ្នាំ២០​១៧ ដល់​ខែសីហា ឆ្នាំ២០១៩ ) ។ ហើយនៅ​ឆ្នាំ​២០១៩ កម្មករទាំងអស់ នឹងទទួល បាន​ប្រាក់​សោធនិវត្តន៍ ( ប្រាក់រ៉ឺត្រែត ) ​ដែលនឹង​ទទួលបានចំនួន៨០ភាគរយ នៃប្រាក់ខែ ដែល​ខ្លួនធ្លាប់ទទួលបាននៅពេលធ្វើការចុងក្រោយ ។

លោក ឌី រ័ត្នខេមរុណ បន្តលើកឡើងថា បើ​យើង​ក្រឡេក​មកមើល​នា​ពេល​បច្ចុប្បន្ន​នេះ​វិញ ដោយមានការយក​ចិត្តទុក​ដាក់​ខ្ពស់​​​ពី​សំណាក់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹក​នាំប្រកបដោយគិតិបញ្ញាដ៏ឈ្លៀសវៃ របស់​សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ច​ក្រកម្ពុជា ដែល​តែង​តែ​គិត​គូពីសុខទុក្ខ​ពលរដ្ឋ ពិសេសសុខទុក្ខ ក៏ដូចជាទុក្ខលំ​បាក​របស់​បង​ប្អូន​កម្មករ កម្មការនីរោងចក្រ ដោ​យ​ក្នុង​នោះ ប្រមុខរាជរដ្ឋាភិបាលបាន តម្លើង​ប្រាក់​បៀវត្សជូនបងប្អូនកម្មករច្រើនជាងមុន , បញ្ចុះតម្លៃទឹកភ្លើង , និងបានណែនាំដល់​ម្ចាស់​បន្ទប់ផ្ទះជួលទាំងអស់មិនត្រូវបន្តតម្លើងថ្លៃបន្ទប់ច្រើនទៀតឡើយ ។ ដែលកត្តាទាំងអស់នេះ ថ្វីត្បិតមិនអាចជួយបងប្អូនអោយមានជីវភាពធូរស្បើយខ្លាំងក៏ដោយ តែក៏ជាការចូលរួម​​​​ចំ​ណែ​កកាត់​បន្ថយ​ការ​លំបាក​របស់​បង​ប្អូន​កម្ម​ករ​ កម្មការិ​នីរោងចក្រ​ទាំង​អស់​គ្នា​មួយ​កម្រិត​ធំ ហើយអាចអោយបងប្អូនរស់នៅក្នុងជីវភាពសមរម្យដូចគេឯងក្នុងសង្គមជាតិយើងនាពេលបច្ចុប្បន្ននេះផងដែរ ។

ទន្ទឹមការចុះសួរសុខទុក្ខ លោកឌី រ័ត្នខេមរុណ បានធ្វើការអំពាវនាវដល់បងប្អូនកម្មករកម្មការនី សូម​កុំ​ស្តាប់​តាមសម្តីញ៉ុះ​ញ៉ុង​ពី​បុគ្គល​ណា​ម្នា​ក់ ដែល​មាន​ចេតនា​ទុច្ចរឹត បំផុស​បំផុល​បង​ប្អូន​អោយ​ចូល​រួម​ធ្វើ​សកម្មភាពតវ៉ាផ្សេងៗ ក្នុង​គោលបំណងបំផ្លិតបំផ្លាញសង្គមជាតិដែល ប្រ​ទេ​សជាតិយើងមានសន្តិភាពហើយនោះ ។

លោក ឌី រ័ត្នខេមរុណ ក៏បានផ្តាំផ្ញើក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា ដែលជានិច្ច​កាល​តែង​តែបានគិតគូរនិងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានទូទាំងប្រទេស ដោយមិន​ប្រកាន់​និន្នាការនយោបាយ ពណ៍សប្បុរ ឬក៏​សាសនា​អ្វី​ឡើយ ពោលគឺទីណាមានការ លំបា​ក​ទីនោះមានកាកបាទ​ក្រហមកម្ពុជា តែងតែ​ចុះ​​ជួយ​បងប្អូនប្រជាពលរដ្ឋជានិច្ច ។ សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូន ក្នុង​មួយ​គ្រួសារៗ ទទួលបាន : អង្ករ១ប៉ាវ , មី១កេស , ទឹកសុទ្ធ១យួរ , ទឹកត្រី១យួរ , ទឹក​ស៊ី​អុីវ១​យួរ និងថវិការ២ម៉ឺនរៀល ៕