នាយ​នគរបាល​ប៉ុស្តិ៍​អូររលែ ​សារ​ភាព​ថា ពិត​ជា​បាន​សម្លាប់​មន្ដ្រី​ទាំង​៣នាក់ នៅ​ខេ​​ត្ត​ម​ណ្ឌ​លគី​រី ប្រាកដ​មែន

ភ្នំពេញ ៖ នាយ​នគរបាល​ប៉ុស្តិ៍​អូររលែ លោក ផល ពេញ ដែល​ជា​ជនដៃដល់​ក្នុង​ករ​ណី​បាញ់​សម្លាប់​មន្រ្តី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស, មន្រ្តី​ឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន ខេត្តមណ្ឌល​គិរី និងបុគ្គលិក​អង្កការ WCS ៣នាក់ នៅវេ​លា​​ម៉ោង ៤ រសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២​០១៨ សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រសួង​មហា​ផ្ទៃ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហាផ្ទៃ ដើម្បី​ធ្វើ​ការស៊ើបសួរពី​ដើម​​ច​ម​​ពិត​ប្រាកដ​ដែល​នាំឲ្យ​មាន​ការ​បាញ់​ប្រ​ហារ​សម្លាប់​មនុស្ស​ ៣​នាក់ ។ លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ ប្រធាន​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ នៃ​ក្រសួង​មហាផ្ទៃ និង​សមត្ថកិច្ច​ពាក់​ព័ន្ធ ដើម្បី​រក​មូល​ហេតុ​ពិត ដែ​លនាំឲ្យមានការបាញ់ប្រហារទៅលើជនរងគ្រោះ​ទាំង ៣នាក់ ។

ជនសង្ស័យ ផល ពេញ បានសារភាព​ប្រា​ប់​សមត្ថកិច្ច​ថា រូបគេពិតជាអ្នកបាញ់​សម្លាប់​ជនរ​ងគ្រោះទាំង ៣នាក់ ពិតប្រាកដមែន ដោយផ្តើ​ម​ចេញពីការទាស់ទែងពាក្យសម្ដីគ្នា ។ យ៉ាង​ណា​ក៏ដោយ ​សមត្ថកិច្ចមិនអាច​បញ្ជាក់​ឲ្យ​ល​ម្អិ​ត​ចំពោះ​​ដំណើររឿង​ពាក់ព័ន្ធ​ការទាស់ទែង​គ្នា​​នោះ​ឡើយ ។ ជនដៃដល់ជានាយនគរបាលប៉ុស្តិ៍អូររលែរូបនេះ ត្រូវបានកម្លាំងនគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងនគរ​បាល​ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានចាប់ខ្លួន​បាន នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈ​ជន​ដៃ​ដល់​រូប​នេះ កំពុងធ្វើដំណើរ​រត់គេច​ខ្លួន​ទៅ​ស្រុក​កំណើតឯខេត្តព្រៃវែង ។ ជនដៃដល់ត្រូវ​បាន​ចាប់ខ្លួននៅ​ពេល​កំពុង​ចូល​ហូប​គុយ​ទាវ​នៅ​ហាង​ឥន្ទ្រី ។

សូម​បញ្ជាក់​ថា ការបាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​ចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រ​ភូមិ​ពូហ្យា​ម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥​ល្ងា​ច​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដា​ល​ឲ្យស្លាប់មនុស្ស៣នាក់ រួមមាន៖ មន្ដ្រីអាវុធ​ហត្ថលើផ្ទៃប្រទេសម្នាក់,មន្ដ្រីឧទ្យានុរក្ស នៃ​មន្ទី​របរិស្ថានខេត្តមណ្ឌលគិរី និងបុគ្គលិកអង្គ​ការ​សមាគម អភិរក្សាសត្វព្រៃ Worldlife Co​nservation Society (WCS)។

រឿងហេតុដំបូងដែលបានកើតឡើងនោះ គឺមា​ន​ជន​រងគ្រោះសរុប៤នាក់ ទាំងមន្ដ្រីអាវុធហត្ថ ទាំងមន្ដ្រីឧទ្យានុរក្សរបស់លោក ទាំងបុគ្គលិក​អង្គការ WCS និងអ្នកភូមិម្នាក់ទៀត ជិះម៉ូតូ​២គ្រឿងចូលទៅល្បាតព្រៃឈើ។ ពេល​នោះ​ពួកគេបានពើបជាមួយជនជាតិវៀតណាមមួយក្រុម ប្រដាប់ដោយរណាយន្ដ កាំប៉ិត និង​ពូថៅ កំពុងប្រព្រឹត្តិបទល្មើសព្រៃឈើ។

ពេលឃើញបទល្មើសបែបនេះ ពួកគេទាំង៤​នា​ក់ ក៏បានរាយការណ៍មកលោក ដែលជានាយ​ក​ដែនជម្រកសត្វព្រៃកែវសីម៉ា តែលោកបាន​ប្រាប់​ទៅវិញថា គ្នាតិចដូច្នេះ​ឲ្យត្រឡប់​មកវិញ​សិន ដើម្បីយកកម្លាំងទៅថែម​ឈានទៅ​ដល់​ការបង្ក្រាប ។ នៅពេលដែលជនរងគ្រោះ​ទាំង​៤​នាក់ បើកម៉ូតូចេញមកវិញ មិនទាន់ដល់​ភូមិ​ផង ក៏រងការបាញ់ប្រហារជាច្រើនគ្រាប់​បណ្ដា​ល​ឲ្យស្លាប់៣នាក់ ហើយម្នាក់​ទៀត​បាន​រត់​គេ​ច​​ខ្លួនចូល​ទៅ​ក្នុង​ភូមិ ។ លោក ឌិន ប៊ុន ធឿន មិនបានបញ្ជាក់ និងមិន​ហ៊ាន​និយាយថា អ្នកបាញ់ប្រហារ​នោះ​ជា​នរ​ណា​ឡើយ បើទោះ​បីព័ត៌មាន​ខ្លះ​បាន​ឲ្យដឹ​ង​ថា ជានគរបាលការពារព្រំដែន និងយោធាការពារ​ព្រំដែន នៅតំបន់នោះ។

ដោយឡែកមន្ដ្រីសមត្ថកិច្ចជាន់ខ្ពស់ម្នាក់ នៅ​ខេត្តមណ្ឌលគិរី ដែលសុំមិនបញ្ចេញឈ្មោះ បាន​លួចបង្ហើបឲ្យដឹងថា មុនពេលកើតហេតុ មន្ដ្រីអាវុធហត្ថ មន្ដ្រីបរិស្ថាន និងបុគ្គលិក​អង្គ​ការ WCS បានចូលទៅល្បាតព្រៃ ហើយ​ក៏​ឃើញ​បទល្មើសព្រៃឈើ ពេលនោះនាយ​នគរ​បាលប៉ុស្ដិ៍អូររលែ ចំណុះឲ្យវរនគរបាល​ការពារ​ព្រំ​ដែនគោក នៃស្នងការដ្ឋា​ននគរបាល​ខេត្ត​ម​ណ្ឌលគិរី លេខ៦២១ បានចេញ​មកជួបក្រុម​មន្ដ្រី​ទាំង​នេះ អាច​សង្ស័យ​ថា មក​ចរចា និងនិ​យាយគ្នាពាក់ព័ន្ធការប្រព្រឹត្តិបទល្មើសនៅទីនោះ​ ។

សមត្ថកិច្ចជាន់ខ្ពស់រូបនេះ បានបញ្ជាក់​ទៀត​ថា ដោយសារតែការចរចារ និងនិយាយគ្នា​មិន​ត្រូវ រហូតមានការឈ្លោះប្រកែកគ្នា ហើយ​ក៏​មាន​ការផ្ទុះអាវុធ​បណ្ដាលឲ្យ​ស្លាប់​យ៉ាង​ដូច្នេះ​។ សមត្ថកិច្ចដដែលនេះ ក៏បានបញ្ជាក់ផងដែរថា អ្នកបាញ់ប្រហារឈ្មោះ ផល ពេញ ជា​នាយ​នគរបាល​ប៉ុស្ដិ៍​អូររលែ។ ការ​បញ្ជាក់​យ៉ាង​ដូច្នេះ ក៏វាត្រូវជាមួយនឹងរបាយការណ៍ របស់ស្នងការ​ដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដាក់ជូនទៅ​នា​​យឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សារឿន អគ្គ​ស្នងការនគរបាលជាតិ ដែលថា ករណីផ្ទុះ​អាវុធនេះបង្កឡើងដោយលោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា និងឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់នោះ។

បើតាមរបាយការណ៍របស់លោក សូ សុវណ្ណ បានបញ្ជាក់ថា ជនរងគ្រោះ សេក វឌ្ឍនា មាន​ស្នាមរបួសដោយគ្រាប់កាំភ្លើង បាញ់​ត្រូវ​៣គ្រា​ប់, ជនរងគ្រោះ តើន សុខណៃ ត្រូវគ្រាប់​កាំ​ភ្លើ​ង​ចំនួន៣ គ្រាប់ ស្លាប់នៅនិងកន្លែង ដោយ​ឡែ​កជនរងគ្រោះ ថុល ខ្នា ត្រូវមួយ​គ្រាប់​ចំ​ពោះ ធ្លាយពោះវៀនស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ។ ជាមួយគ្នានេះ ក្រោយកើតហេតុ​សមត្ថ​កិច្ចជំនាញក៏បានរើសសំបកគ្រាប់ AK47 ចំនួ​ន​២​សំបក​ផង​ដែរ៕