ពលរដ្ឋ​រិះ​គន់​នាយក​រង​​សាលា​​មិត្ត​ភាព​ ជុំវិញ​រឿង​ដាក់​​ទណ្ឌ​កម្ម​​សិស្ស​​

ខេត្ត​បាត់ដំបង​ ៖​ ប្រជា​ពលរដ្ឋនិង អាណាព្យា​បាល​សិស្ស​បានស​ម្ដែ​ង​នូវ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ជុំវិញ​ការ​ដាក់​ទណ្ឌកម្ម​កូនៗ​ របស់​ពួក​គាត់​តា​ម​បែប​ក្រៅ​ប្រព័ន្ធ​អប់រំ​ ពី​សំណាក់​លោក​នា​យ​ករង​ សាលា​មួយ​រូប​ដែល​​ធ្វើ​អោ​យ​ប្រភព​ជា​ច្រើន​បាន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​ដោយសារ​តែ​គណៈ​​គ្រប់គ្រង​សាលា​គ្មាន​វិធី​សាស្ត្រ​អប់រំ​អោយ​សម​ស្រប​ជា​គ្រូបង្រៀន​ ។

​យោង​តាម​សាក្សី​មួយ​ចំនួន​ បានអោយ​ដឹង​ថា​ កាលពីវេលា​ម៉ោង​ ៩​ និង ​៤៥​នាទី​ ព្រឹក​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​មិត្តភាព​ ស្ថិត​ភូមិ​ដាំ​ស្ពៃ​ សង្កាត់​ស្លា​កែ​ត​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ គឺជា​ពេល​ដែល​សិស្ស​ត្រូវ​ចេញលេង​ ហើយ​ក៏​មាន​សិស្ស​ថ្នាក់​ទី​៤​ ចំនួន ​២​នាក់​ មានការ​ទាស់​ទែង​​គ្នា​ ដោយពេល​នោះ ​បុគ្គលិក​សិក្សា​ទាំង​អស់​កំពុង​ចូលរួម​ប្រជុំ ។ ​ឃើញ​ទ​ង្វើ​របស់​សិ​ស្ស​​បែប​នេះ​ លោក​នាយករង​ សោម​ សុវត្ថិ​ ដែ​ល​ជា​គណៈ​គ្រប់គ្រង​សាលា​គ្មាន​វិធីសាស្ត្រ​ ​និ​ង​​ចិ​​ត្តសាស្ត្រ​តាម​បែប​ជា​អ្នក​អប់រំ​ឡើយ​ ដោ​យ​លោក​បាន​នាំ​សិស្ស​ទាំង ​២​នាក់​នោះ ​អោយ​ទៅ​​ឈរ​នៅ​មុខ​ដងទង់​ជាតិ​ក្នុង​បរិវេណ​សាលា​ ដោយ​បានអោយ​ពាក់​បន្តោង​.​ក​ ដូច​អ្នកទោស​កណ្តាល​ថ្ងៃ​ក្តៅ​ ដែល​ទារុណកម្ម​នេះ​ បាន​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ក្រសែភ្នែក​មហាជន​ជា​ច្រើន​រាប់​មិន​អស់​ ព្រោះ​ការ​កំណត់​អោយ​ឈរ​នេះ​ មាន​រយៈពេល​ចាប់ពី​ម៉ោង​ ៩​ និង​ ៤៥​នាទី​ រហូត​ដល់​ម៉ោង​ ១០​ និង​ ១៥​នាទី​ព្រឹក​ ។

​យោង​តាម​ច្បាប់​នា​ពេល​បច្ចុប្បន្ន​ ដែល​ក្រសួង ​ឬ​ក៏រាជរដ្ឋាភិបាល​ កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​នោះ​ គឺ​ការ​គាំទ្រ​កុមារ​ ដោយ​គ្រប់​គ្នា​ត្រូវ​បញ្ចៀស​នូវ​ការ​ធ្វើ​ទារុណកម្ម​ និង​ពលកម្ម​លើ​កុមារ​ ប៉ុន្តែ​ នៅ​ពេល​នេះ​ លោក​នាយករង​បាន​អនុវត្តន៍​នូវ​សកម្មភាព​ដ៏​អាក្រក់​ជាទី​បំផុត​ ដែ​ល​​​វា​​ជា​សកម្មភាព​មួយ​ធ្វើ​អោយ​អាណាព្យា​បា​ល​​សិស្ស​មិន​អាច​ទទួលយក​បាន​ឡើយ​នា​ពេ​ល​បច្ចុប្បន្ន​នេះ​ ហើយ​វា​ក៏​ជា​ភាព​អា​មាស់​មួយ​ នៃ​ដើមចម​ធ្វើ​អោយ​សិស្ស​បាត់មុខ​ពីសា​លា​ផង​ដែរ​ ។

​រាល់​សកម្មភាព​ និង​ទ​ង្វើ​ខាងលើ​របស់​លោក​នាយករង​ សោម​ សុវត្ថិ​ គួរ​ណាស់​តែ​លោក​ប្រធាន​ការិយាល័យ​អប់រំ​ លោក​ប្រធាន​មន្ទីរ​អប់រំ​ និង​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ មេត្តា​ពិនិ​ត្យ​ឡើង​វិញ​ទៅ​លើ​បុគ្គល​រូប​នេះ​ ព្រោះ​រឿង​អាស្រូវ​ផ្ទៃក្នុង​សាលា​ ដែល​តែងតែមាន​ភាព​មិន​ចុះសម្រុង​ជាមួយ​បុគ្គលិក​សិក្សា​ជា​ច្រើន​មិន​ទាន់​ស្រាយ​ចេញ​នៅឡើយ​ រហូត​មានការ​ស្រាវជ្រាវ​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើ​​ពុក​រលួយ​ទៅ​លើ​ភាព​មិន​ប្រក្រតី​ នៃ​ការ​កេងប្រវ័​ញ្ច​​ថវិការដ្ឋ​ ដែល​អង្គភាព​នេះ​ បាន​រក​ឃើញ​កំហុស​ជា​ច្រើន​ចំណុច​ផង​នោះ​ បែរជា​ឥឡូវ​កាន់តែ​បញ្ចេញ​នូវ​កាយវិកា​រមិន​សមជា​ថ្នាក់​ដឹកនាំ​របស់​ជួរ​អប់រំ​ទាល់តែ​សោះ​ និង​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​បុគ្គល​នេះ​ បាន​ប្រព្រឹត្ត​នា​ពេល​កន្លង​មក​ ដូច្នេះ ​រាល់​សកម្មភាព​ខាង​លើ​ តើ​​ថ្នាក់ដឹកនាំ​នៃ​ជួរ​អប់រំ​ នឹង​មាន​ចំណាត់​ការ​ដែរ​ឬទេ​? ៕