ចាក់​និង​អា​រក​សម្លាប់ ២​នាក់​ប្តី​ប្រពន្ធ​ជា​ឈ្មួញ​ដ៏​ធំ​ប្រចាំ​ផ្សារ​រ៉ុ​ង​ក្លឿ

ថៃ ៖ ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ ដែល​ជា​ឈ្មួញ​រកស៊ី​ទំនិញ​ដ៏​ធំ ប្រចាំ​ផ្សារ​រ៉ុង​ក្លឿ ជា​ផ្សារ​ដែល​ជាប់​នឹង​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ក្នុងស្រុក​អារញ្ញ​ប្រា​ថេ​ត ប្រទេស​ថៃ ត្រូវ​បាន​ឃាតក​សម្លាប់​ទាំង​២​នាក់ ខណៈ​ដែល​ជន​រង​គ្រោះ បាន​បើករថយន្ត ផ្សេង​ពី​គ្នា​ចូល​ទៅ​កាន់​លំនៅ​ឋាន ។

បើ​តាម​របាយការណ៍​តម្រួត​ថៃ អោយ​ដឹង​ថា សព​ប្តី​ប្រពន្ធ ត្រូវ​បាន​ឃាតក​សម្លាប់ ដោយ​ចាក់​នឹង​កាំបិត ព្រមទាំង​អា​រក​បន្ថែម​ផង នៅ​នឹង​ផ្ទះ​របស់​ជន​រង​គ្រោះ​ផ្ទាល់​លេខ ១៦ ភូមិ​១០ ឃុំ​ខ្ល​ង​ហាត ស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​មានឈ្មោះ ភិ​ផាត់ តាំង​ផុង​ថង​ហៅ ហ៊ា​កួង ជា​ប្តី អាយុ​៧១​ឆ្នាំ ហើយ​ឃាតក​បាន​អូស​យក​មក​ទុក​ចោល​នៅ​ខាងក្រោយ​ផ្ទះ បន្ទាប់​ពី​បាន​សម្លាប់​រួច រីឯ ភរិយា​ឈ្មោះ សា​យ័ន ច​ន្ថា ហៅ ចែ​សា​យ័ន​អាយុ​៦៤​ឆ្នាំ ក៏​ត្រូវ​ឃាតក​ចាក់​នឹង​កាំបិត​ដូច​គ្នា នៅ​ក្បែរ​រថយន្ត​ក្នុង​រោង​ចត​រថយន្ត ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ ៥០ ម៉ែត្រ ខណៈ​ដែល​ស្ត្រី​រូប​នេះ​ចុះ​ពី​រថយន្ត ហើយ​ឯកសារ​នៅ​ក្នុង​រថយន្ត​ត្រូវ​បាន​ជនសង្ស័យ​រើ​កកាយ ធ្លាក់​រប៉ាត់រប៉ាយ​ទំនងជា​រក​ឯកសារ​អ្វីមួយ​ដែល​ពាក់ព័ន្ធ ។

ក្រោយ​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ ក្រុម​តម្រួត​ថៃ​បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា ជនល្មើស​អាច​មាន​គ្នា​ចំនួន​៣​នាក់ ហើយ​បាន​ធ្វើ​សកម្មភាព​ផ្លោះ​របង​ចូល​មក​សំងំ​នៅ​ក្នុងផ្ទះ​នេះ មុន​ម្ចាស់​ចូល​មក​ដល់ រួច​ហើយ​ក៏​បាន​ផ្លោះ​របង​ចេញ​ទៅ​វិញ ក្រោយ​សម្លាប់ គឺ​អាច​ធ្វើ​ឡើង​នៅ​ពេល​ព្រលប់ ប៉ុន្តែ​ចំពោះ​ការ​ពាក់ព័ន្ធ​ទៅ​លើ​រឿង​រ៉ាង​ផ្សេង​ៗ​ទៀត គឺ​សមត្ថកិច្ច​ថៃ កំពុងធ្វើការ​សិក្សា និង​ស្រាវជ្រាវ​នៅឡើយ ។

បើ​តាម​សាក្សី​ជា​ច្រើន​បាន​និយាយ​ថា ឈ្មួញ​រកស៊ី​ទំនិញ​ដ៏​ធំ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ មាន​ទាំង​ការ​ដាក់​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​រថយន្តក្រុង ដែល​តែងតែ​ដឹក​ភ្ញៀវ​ទេសចរណ៍ ពី​ប្រទេស​ថៃ​ទៅ​កាន់​ខេត្តសៀមរាប​ផង និង​មានការ​ដាក់​ប្រាក់​កម្ចី ឲ្យ​អាជីវករ​កម្ពុជា ខ្ចី​ក្នុង​ការ​បង្វិលទំនិញ​ប្រចាំ​ផ្សារ​រោង​ក្លឿ​ជា​ច្រើន​ថែម​ទៀត​ផង ៕