សាំង​ធម្មតា​បន្ត​កើន​ឡើង ៤០០០​រៀល ក្នុង​១​លីត

ភ្នំពេញ៖ តម្លៃ​​ប្រេង​សាំង​​លក់​រាយ​​នៅ​​កម្ពុជា បាន​​បន្ត​​ហក់​​ឡើង​​រហូត​​ដល់ ៤ ០០០ រៀល​ក្នុង​​មួយ​​លី​ត្រ​​សម្រាប់​​ការ​​លក់​​រយៈ ពេល ១០ ថ្ងៃ​​បន្ទាប់​។ នេះ​​បើ​​យោង​​តាម​សេចក្តី​ជូន​ដំណឹ​ង​​​រ​បស់​​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ ។ សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី ១១ កុម្ភៈ ឆ្នាំ ២០១៨ តម្លៃ​ប្រេងសាំ​ង​​ដែល​លក់​នៅ​តាម​ស្ថាន​យ៍​ប្រេង​ឥន្ទ​នៈ​ទាំង​អស់​នៅ​ទូ​ទាំង​ប្រទេស​នឹង​លក់​ក្នុង​តម្លៃ ៤០០​០ រៀល​ក្នុង​មួយ​លី​ត្រ សម្រាប់​ប្រេងសាំង​ធម្ម​តា​ និង ៣៨០០រៀល​ សម្រាប់​​ម៉ា​ស៊ូ​ត​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួ​ង​ពា​​​ណិជ្ជកម្ម តម្លៃ​ប្រេងសាំង​នៅ​ពេល​នេះ​បា​ន​​ហក់​​ឡើង​ពី ៣ ៩៥០ រៀល​​ក្នុង​​មួយ​​លី​ត្រ​កា​ល​ពី​ម្សិលមិញ​ ។ ដោយ​ឡែក​​សម្រាប់​​តម្លៃ​សាំ​ង​​សូ​ពែរ ដែល​​មិន​​បាន​​ដាក់​​បញ្ចូល​​ក្នុង​​ការ​គ​ណនា​​តម្លៃ​​ប្រេង​​រៀង​​រាល់​​១០​​ថ្ងៃ​​ម្តង​​របស់​ក្រ​សួង​ពាណិជ្ជកម្ម​​នោះ​​មាន​​តម្លៃ​ប្រែ​ប្រួល​​ទៅ​តាម​ក្រុមហ៊ុន​ផ្គត់ផ្គង់​នីមួយ​ៗ ដែល​មាន​តម្លៃ​ចាប់ពី ៤ ២០០ ដល់​៤ ៣០០ ក្នុង​មួយ​លី​ត្រ​។
ក្នុង​​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​តម្លៃ​ប្រេ​ងសាំង​លក់រាយ​បាន​បន្ត​កើន​ឡើងជា​បន្ត​បន្ទា​ប់​ ។ ក្រៅ​ពី​​តម្លៃ​​សាំង​​ឡើង​ថ្លៃ ប្រជាពលរដ្ឋ​មួយ​​ចំនួន បាន​​រអ៊ូរ​ទាំ​ង​ពី​​ការ​​ចាក់​​មិន​​គ្រប់​​លី​ត្រ នៅ​​តាម​ស្ថានីយ៍​​ប្រេង​​ធំ​​ៗ នោះ​​ថែម​​ទៀត ។

ប្រជាពលរដ្ឋ​​បាន​​ស្នើ​​ដល់​​សមត្ថកិច្ច​​ពាក់​ព័ន្ធ ពិសេស​មន្ត្រី​កាំកុងត្រូល មេត្តា​ចុះ​ពិនិត្យ​ចំ​ណុះ​​នៅ​តាម​ស្ថានីយ៍​ប្រេង​ធំ​ៗ​មួ​​យ​ចំនួន​ផង​ដែរ ៕