ស្លាប់​ម្នាក់ របួស​ធ្ងន់​ស្រាល៣​នាក់ ជិះម៉ូតូ​បុក​ជា​មួយ​រុឺម៉ក​ម៉ូតូ

ភ្នំពេញ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​និង​ក​ន្លែ​ង ចំណែក​យុវជន​៣​នាក់​ទៀត​រង​របួស​ធ្ង​ន់​ស្រាល បន្ទាប់​ពី​ជិះម៉ូតូបុក​រុឺម៉កម៉ូតូកង់​​បី​ទល់​មុខ​គ្នា​យ៉ាង​ពេញ​ទំហឹង កាល​ពី​វេលា​ម៉ោង១ និង​២០​នាទី​រំលង​អា​ធ្រាត ឈាន​ចូល​ថ្ងៃ​ទី១ ខែ​កុម្ភះ ឆ្នាំ២០១៨ នៅផ្លូវលេខ​2011ស្ថិ​ត​​ក្នុង​សង្កាត់​ភ្នំ​គោ​ឃ្លាង ខណ្ឌ​សែនសុខ រាជធា​នី​ភ្នំពេញ ។ សព​ជន​រងគ្រោះ​ជា​ម្ចាស់​រុឺម៉ក​ម៉ូតូ មានឈ្មោះ ឆន ម៉ន ភេទប្រុស អាយុ៤​៨​ឆ្នាំ មានមុខរបរ​ជាអ្នករត់រឺម៉កម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ៥៩ ផ្លូវ​លំភូមិក្រាំងអង្រ្កង សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ។​និងមាន​ស្រុក​កំណើត​នៅ​ឃុំ​ជ្រៃ​លា​ស់ ស្រុក​ពញឮ ខេត្ត​កណ្ដាល ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កើត​ហេតុ ជនរងគ្រោះ​ដែល​ស្លា​ប់​បាត់បង់ជីវិតខាងលើនោះ គឺបានបើក​រុឺម៉ក​ម៉ូតូ​ម្នាក់​ឯង តាមបណ្ដោយ​ផ្លូវ​លេខ​២០​១១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏​ស្រាប់​តែ​មាន​យុវជន​៣​នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុ​យសុគីនិច ពណ៌ក្រហម លាយខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GQ-9419 បានឌុបគ្នា​តាម​បណ្ដោយ​ផ្លូវ​2011ទិស​ដៅ​ពី​ត្បូង​មក​ជើង​(​ប​ញ្ច្រាសទិសគ្នា )ក្នុងល្បឿន​យ៉ាង​លឿនដូ​ច​ហោះ​ ហើយ​ក៏​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ពី​មុខ តែ​វ៉ា​មិន​ផុត ក៏ជ្រុល​ទៅ​បុក​រុឺម៉ក​ម៉ូតូ​កង់​បី​ចំ​ពីមុខយ៉ាង​ទំហឹងបណ្ដាល​អោយ​បោក​ផ្ទុប​គ្នា​​ធ្វើអោយ​ម្ចាស់រឺម៉កម៉ូតូកង់បី​ស្លាប់ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែកភាគីខាង​ម៉ូតូរង​របួស​ធ្ងន់ពីរនាក់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយក​ទៅសង្គ្រោះនៅមន្ទីរពេទ្យ និងម្នាក់​ទៀត​រង​របួស​បែកមុខមាត់ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញការិយាល័យ​ចរាចរណ៍រាជធានីភ្នំពេញ បានចុះ​មក​ធ្វើ​ការ​វាស់​វែងយករ៉ឺម៉ក​ម៉ូតូនិង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិ​យាល័យចរាចរណ៍​រាជធានីភ្នំពេញ ដើម្បី​រង​ចាំ​ដោះ​​ស្រាយនៅពេលក្រោយ។ ចំណែក​សពជនរងគ្រោះសមត្ថកិច្ចប្រគលអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕