នាយ​នគរបាល​ប៉ុស្តិ៍​អូររលែ​និង​យោធា ដែល​រង​ការ​ចោទ​ថា បាញ់​សម្លាប់​មនុស្ស​៣​នាក់​នៅ​ខេត្ត​មណ្ឌល​គីរី កំពុង​រត់​គេច​ខ្លួន

មណ្ឌលគិរី៖ នាយ​នគរបាលប៉ុស្តិ៍អូរលែ លោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា និង​ឈ្មោះ ងួរ ជា​មន្ដ្រីយោធាការពារ​ព្រំដែន​នៅ​តំ​បន់​អូររលែ ដែលរងការចោទថា បានបាញ់​ស​ម្លា​ប់​មន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស,មន្រ្តីឧន្យា នុរក្ស នៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី និងបុគ្គ​លិក​អង្គការ WCS (យោងតាមរបាយ​ការណ៍​ដាក់​ជូន​នាយឧត្តមសេនីយ៍ នេត សាវឿន) កា​ល​ពីរសៀលថ្ងៃម្សិល​មិញនោះបាននិង​កំពុង​រ​ត់​គេចខ្លួន។

រហូត​មក​ដល់​ពេល​នេះ ជនសង្ស័យ​កំពុង​ស្ថិត​ក្រោមការតាមចាប់ខ្លួនពីកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ខណៈមនុស្សចំនួន៥នាក់ (សាក្សី) ត្រូវបា​ន​គេរាយការណ៍ថា ត្រូវបានកោះ​អញ្ជើញ​ទៅ​សួរ​នាំ​នៅស្នងការដ្ឋាន នគរបាលខេត្ត​មណ្ឌ​លគិរី ដើម្បី​ប្រមូលព័ត៌មាន​នៃការ​បាញ់​ប្រហារ​នេះ ។

សូម​បញ្ជាក់​ថា ការបាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​ចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រ​ភូមិ​ពូហ្យា​ម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥​ល្ងា​ច​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដា​ល​ឲ្យស្លាប់មនុស្ស៣នាក់ រួមមាន៖ មន្ដ្រីអាវុធ​ហត្ថលើផ្ទៃប្រទេសម្នាក់,មន្ដ្រីឧទ្យានុរក្ស នៃ​មន្ទី​របរិស្ថានខេត្តមណ្ឌលគិរី និងបុគ្គលិកអង្គ​ការ​សមាគម អភិរក្សាសត្វព្រៃ Worldlife Co​nservation Society (WCS)។

រឿងហេតុដំបូងដែលបានកើតឡើងនោះ គឺមា​ន​ជន​រងគ្រោះសរុប៤នាក់ ទាំងមន្ដ្រីអាវុធហត្ថ ទាំងមន្ដ្រីឧទ្យានុរក្សរបស់លោក ទាំងបុគ្គលិក​អង្គការ WCS និងអ្នកភូមិម្នាក់ទៀត ជិះម៉ូតូ​២គ្រឿងចូលទៅល្បាតព្រៃឈើ។ ពេល​នោះ​ពួកគេបានពើបជាមួយជនជាតិ វៀតណាមមួយក្រុម ប្រដាប់ដោយរណាយន្ដ កាំប៉ិត និង​ពូថៅ កំពុងប្រព្រឹត្តិបទល្មើសព្រៃឈើ។

ពេលឃើញបទល្មើសបែបនេះ ពួកគេទាំង៤​នា​ក់ ក៏បានរាយការណ៍មកលោក ដែលជានាយ​ក​ដែនជម្រកសត្វព្រៃកែវសីម៉ា តែលោកបាន​ប្រាប់​ទៅវិញថា គ្នាតិចដូច្នេះ​ឲ្យត្រឡប់​មកវិញ​សិន ដើម្បីយកកម្លាំងទៅថែម​ឈានទៅ​ដល់​ការបង្ក្រាប ។ នៅពេលដែលជនរងគ្រោះ​ទាំង​៤​នាក់ បើកម៉ូតូចេញមកវិញ មិនទាន់ដល់​ភូមិ​ផង ក៏រងការបាញ់ប្រហារជាច្រើនគ្រាប់​បណ្ដា​ល​ឲ្យស្លាប់៣នាក់ ហើយម្នាក់​ទៀត​បាន​រត់​គេ​ច​​ខ្លួនចូល​ទៅ​ក្នុង​ភូមិ ។

លោក ឌិន ប៊ុនធឿន មិនបានបញ្ជាក់ និងមិន​ហ៊ាន​និយាយថា អ្នកបាញ់ប្រហារ​នោះ​ជា​នរ​ណា​ឡើយ បើទោះ​បីព័ត៌មាន​ខ្លះ​បាន​ឲ្យដឹ​ង​ថា ជានគរបាលការពារព្រំដែន និងយោធាការពារ​ព្រំដែន នៅតំបន់នោះ ។ ដោយឡែកមន្ដ្រីសមត្ថកិច្ចជាន់ខ្ពស់ម្នាក់ នៅ​ខេត្តមណ្ឌលគិរី ដែលសុំមិនបញ្ចេញឈ្មោះ បាន​លួចបង្ហើបឲ្យដឹងថា មុនពេលកើតហេតុ មន្ដ្រីអាវុធហត្ថ មន្ដ្រីបរិស្ថាន និងបុគ្គលិក​អង្គ​ការ WCS បានចូលទៅល្បាតព្រៃ ហើយ​ក៏​ឃើញ​បទល្មើសព្រៃឈើ ពេលនោះនាយ​នគរ​បាលប៉ុស្ដិ៍អូររលែ ចំណុះឲ្យវរនគរបាល​ការពារ​ព្រំ​ដែនគោក នៃស្នងការដ្ឋា​ននគរបាល​ខេត្ត​ម​ណ្ឌលគិរី លេខ៦២១ បានចេញ​មកជួបក្រុម​មន្ដ្រី​ទាំង​នេះ អាច​សង្ស័យ​ថា មក​ចរចា និងនិ​យាយគ្នាពាក់ព័ន្ធការប្រព្រឹត្តិបទល្មើសនៅទីនោះ​ ។

សមត្ថកិច្ចជាន់ខ្ពស់រូបនេះ បានបញ្ជាក់​ទៀត​ថា ដោយសារតែការចរចារ និងនិយាយគ្នា​មិន​ត្រូវ រហូតមានការឈ្លោះប្រកែកគ្នា ហើយ​ក៏​មាន​ការផ្ទុះអាវុធ​បណ្ដាលឲ្យ​ស្លាប់​យ៉ាង​ដូច្នេះ​។

សមត្ថកិច្ចដដែលនេះ ក៏បានបញ្ជាក់ផងដែរថា អ្នកបាញ់ប្រហារឈ្មោះ ផល ពេញ ជា​នាយ​នគរបាល​ប៉ុស្ដិ៍​អូររលែ។ ការ​បញ្ជាក់​យ៉ាង​ដូច្នេះ ក៏វាត្រូវជាមួយនឹងរបាយការណ៍ របស់ស្នងការ​ដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដាក់ជូនទៅ​នា​​យឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សារឿន អគ្គ​ស្នងការនគរបាលជាតិ ដែលថា ករណីផ្ទុះ​អាវុធនេះបង្កឡើងដោយលោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា និងឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់នោះ។

បើតាមរបាយការណ៍របស់លោក សូ សុវណ្ណ បានបញ្ជាក់ថា ជនរងគ្រោះ សេក វឌ្ឍនា មាន​ស្នាមរបួសដោយគ្រាប់កាំភ្លើង បាញ់​ត្រូវ​៣គ្រា​ប់, ជនរងគ្រោះ តើន សុខណៃ ត្រូវគ្រាប់​កាំ​ភ្លើ​ង​ចំនួន៣ គ្រាប់ ស្លាប់នៅនិងកន្លែង ដោយ​ឡែ​កជនរងគ្រោះ ថុល ខ្នា ត្រូវមួយ​គ្រាប់​ចំ​ពោះ ធ្លាយពោះវៀនស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ។ ជាមួយគ្នានេះ ក្រោយកើតហេតុ​សមត្ថ​កិច្ចជំនាញក៏បានរើសសំបកគ្រាប់ AK47 ចំនួ​ន​២​សំបក​ផង​ដែរ ៕