ក្រឡាប់​រថយន្ត ចេញ​សុទ្ធតែ​ជ្រូក​ក្រហម លួច​នាំ​ចូល​ពី​យួន

ត្បូងឃ្មុំ ៖ រថយន្ត​កូរ៉េ​១​គ្រឿង ដឹក​ជ្រូក​ពេញ បាន​ក្រឡាប់​ធ្លាក់​ចេញ​ជ្រូក​ក្រហម​របស់​យួន ពាសពេញ​ចម្ការ​ដំឡូង កាលពី​វេលា​ម៉ោង​ប្រមាណ​៣​ជិត​ភ្លឺ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ ១៣៦ និង​១៣៧ លើ​ផ្លូវជាតិ​លេខ​៨ ស្ថិត​ក្នុងភូមិ​អូរ​ព្រីង ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

ប្រភព​ព័ត៌មាន​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា រថ​យន្ត​ដែល​ក្រឡាប់​ក្អួត​ចេញ​សុទ្ធតែ​ជ្រូក​រស់​នេះ គឺជា​របស់​ក្រុមហ៊ុន​អង្គរ​សុខ​រិ​ទ្ធិ​មាន​ជ័យ​របស់​លោក​ឧ​ញ៉ា សុខ នៅ​ខេត្តព្រៃវែង ដឹក​ចេញពី​ប្រទេស​វៀតណាម តាម​ច្រក​ត្រពាំង​ថ្លុ​ង ក្នុង​ទិស​ដៅ​ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ ។ ដែល​ប្រមូល​ទិញ​ដោយ​ខុសច្បាប់ លួច​ដឹក​ចេញ​តាម​ច្រករបៀង​នានា ក្នុងស្រុក​ពញាក្រែក ស្ទើរ​រាល់ថ្ងៃ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ត្រួតពិនិត្យ​នោះ​ទេ ខណៈ​មន្ត្រី​ជំនាញ​មួយ​ចំនួន​បាន​ត្រឹម​ចាំ​រាប់​ក្បាល​រថយន្ត​យក​លុយ​តែ​ប៉ុណ្ណោះ មិន​ខ្វល់​ពី​ជំងឺឆ្លង​ផ្សេង​ៗ​ឡើយ ។

ជុំវិញ​បញ្ហា​នេះ ស្ត្រី​ម្នាក់​ដែល​ដឹក​ជញ្ជូន​ជ្រូក​ក្រហម​យួន​ទាំងនេះ បាន​ព្យាយាម​រារាំង​អ្នកកាសែត​មិន​ឲ្យ​ថតរូប ព្រោះ​ខ្លាច​បែក​ការណ៍​ដោយសារ​ជ្រូក​ទាំងនេះ​នាំ​ចូល​តាម​ច្រករបៀង​ខុសច្បាប់ និង​បង់ពន្ធ​មិន​គ្រប់ ។ ចំណែកឯ​ប្រធាន​ការិយាល័យ​បសុពេទ្យ ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​ថា ក្រុមហ៊ុន​នេះ គឺ​មានច្បាប់​អនុញ្ញាត​ឲ្យ​ដឹក​ក្នុង​មួយ​ថ្ងៃ​ចន្លោះ​ពី​៧០ ទៅ​១០០​ក្បាល ហើយ​រថយន្ត​ដែល​ក្រឡាប់​នេះ ដឹក​ជ្រូក​ចំនួន​៩០​ក្បាល ៕